The Cambodia Daily Khmer

លោក ហ៊ុន សែន ថា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​មិន​អាច​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​បាន​ទេ បើ​មិន​មាន​នយោបាយ​ឈ្នះ​ឈ្នះ

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន អះអាង​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ មិន​អាច​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​ដែល​បង្ក​ដោយ​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ ប៉ុល ពត បាន​នោះ​ទេ ហើយ​សង្គ្រាម​ស៊ីវិល​បាន​បញ្ចប់​ទាំងស្រុង​ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក​នៅ​ឆ្នាំ​១៩៩៨។

អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៣ តុលា នេះ​ថា ៣៣​ឆ្នាំ​មុន​គឺ​នៅ​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ ភាគី​ទាំង​៤ របស់​កម្ពុជា រួម​មាន​រូបលោក​ផ្ទាល់ សម្តេច​ព្រះ​នរោត្តម សីហនុ សម្តេច​ក្រុមព្រះ លោក សឺន សាន និង​លោក ខៀវ សំផន បាន​ឯកភាព​គ្នា​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ក្រោម​វត្តមាន​សាក្សី​មកពី ១៨​ប្រទេស រួម​ទាំង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ (UN) ផង​ដែរ ដើម្បី​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា។

កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស (Paris Peace Accords) ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ គឺ​ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​ផ្ទៃក្នុង​នៅ​កម្ពុជា គឺ​ក្នុង​គោលបំណង​ឈាន​ទៅ​រក​ការ​បង្រួបបង្រួម​ជាតិ ការ​គោរព​សិទ្ធិមនុស្ស ឯករាជភាព បូរណភាព​ទឹកដី អធិបតេយ្យភាព​ជាតិ​កម្ពុជា និង​ការ​កសាង​កម្ពុជា​ឡើងវិញ។ បើ​គិត​មក​ដល់​ពេល​នេះ គឺ​មាន​រយៈពេល ៣៣​ឆ្នាំ​ហើយ។

អ្នក​នាំពាក្យ​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា លោក មួង ណារ៉េត សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៣ តុលា នេះ​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ជា​ទឹក​ត្រជាក់​ពន្លត់​ភ្លើង​ជម្លោះ​នយោបាយ​នៅ​កម្ពុជា​កាលពី​ជាង ៣០​ឆ្នាំ​មុន ប៉ុន្តែ​ឥឡូវ​ភ្លើង​ដដែល​នេះ​កំពុង​ឆាបឆេះ​ឡើង​មក​វិញ។

លោក​អះអាង​ថា កម្ពុជា​ជាប់​កាតព្វកិច្ច​អនុវត្ត​កិច្ចព្រមព្រៀង​នេះ​ឱ្យ​បាន​ខ្ជាប់ខ្ជួន ដោយ​ត្រូវ​ធ្វើ​រឿង​សំខាន់​ពីរ គឺ​ទី​១ ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្លាយ​ជា​ម្ចាស់​ជោគវាសនា​របស់​ប្រទេស​កម្ពុជា ដោយ​រៀបចំ​ឱ្យ​មាន​ការ​បោះឆ្នោត​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ និង​ទី​២ គឺ​ត្រូវ​ការពារ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​គ្រប់​រូប និង​លើក​ស្ទួយ​លទ្ធិប្រជាធិបតេយ្យ។

សកម្មជន​សហគមន៍​ខ្មែរ​រូប​នេះ​លើកឡើង​ថា ចាប់ពី​ឆ្នាំ​១៩៩១ ដល់​ឆ្នាំ​២០១៦ កម្ពុជា​ប្រឹងប្រែង​ធ្វើ​បាន​ច្រើន​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ស្មារតី​នៃ​កិច្ចព្រមព្រៀង​នេះ ខណៈ​សហគមន៍​អន្តរជាតិ​ក៏​បាន​ផ្តល់​ជំនួយ​អភិវឌ្ឍន៍ និង​ជួយ​កម្ពុជា​ដូច​ទឹក​បាក់​ទំនប់​ដែរ។

ប៉ុន្តែ​ចាប់តាំងពី​ឆ្នាំ​២០១៧ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​ឯក​បក្ស កម្ពុជា​បាន​រង​ទណ្ឌកម្ម​ជា​បន្តបន្ទាប់ ចំណែក​ជំនួយ​ពី​សហគមន៍​អន្តរជាតិ​ក៏​ត្រូវ​បាន​កាត់ផ្ដាច់​ជា​ហូរហែ​ដែរ ដោយសារ​ការ​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ ក្រោម​ការ​រៀបចំ​ការ​បោះឆ្នោត​ដែល​មិន​ត្រឹមត្រូវ និង​មិន​យុត្តិធម៌។

លោក មួង ណារ៉េត បញ្ជាក់​ថា សព្វថ្ងៃ​នេះ​ភ្លើង​ជម្លោះ​នយោបាយ​នៅ​កម្ពុជា​កំពុង​ចាប់ផ្ដើម​ឆាបឆេះ​សន្ធោសន្ធៅ​ឡើងវិញ ដោយសារតែ​មេដឹកនាំ​នយោបាយ​ក្បត់​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

ចំណែក​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៣ តុលា នេះ​ដែរ​ថា ក្នុង​ពេល​ដំបូង កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​បាន​នាំ​ក្តី​សង្ឃឹម​ក្នុង​ការ​កសាង​ប្រជាធិបតេយ្យ​សម្រាប់​កម្ពុជា ប៉ុន្តែ​កិច្ចព្រមព្រៀង​នេះ​ក៏​ត្រូវ​បាន​បំផ្លាញ​ជា​បន្តបន្ទាប់​ដែរ ក្រោយ​របប​លោក ហ៊ុន សែន ទាត់​ចោល​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​អន្តរជាតិ​មួយ​នេះ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​នេះ ប្រទេស​កម្ពុជា​បាន​ឆ្ពោះ​ទៅ​រក​របប​ផ្ដាច់ការ​ដែល​ក្តោប​ក្តាប់​ដោយ​គ្រួសារ​លោក ហ៊ុន សែន ខណៈ​ការ​រំលោភ​សិទ្ធិមនុស្ស​កាន់តែ​រីក​រាលដាល គណបក្ស​ប្រឆាំង​ត្រូវ​បាន​គាប​សង្កត់ ចំណែក​គោលការណ៍​ប្រជាធិបតេយ្យ​ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ក៏​ត្រូវ​បាន​បោះបង់​ចោល​ផង​ដែរ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version