អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា លើកឡើងថា ការដង្ហែអង្គកឋិនទានរបស់លោក ហ៊ុន សែន ទៅកាន់ទឹកដីកម្ពុជាក្រោម មិនមែនដោយសារខ្វល់ខ្វាយពីការបាត់បង់ប្រពៃណីវប្បធម៌ខ្មែរនោះទេ ប៉ុន្តែដើម្បីបង្វែរការចាប់អារម្មណ៍របស់ពលរដ្ឋខ្មែរដែលប្រឆាំងនឹងគម្រោងត្រីកោណអភិវឌ្ឍន៍តែប៉ុណ្ណោះ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៨ តុលា នេះថា ការដង្ហែអង្គកឋិនទៅកាន់ទឹកដីកម្ពុជាក្រោមនេះ លោក ហ៊ុន សែន មានចេតនាបង្វែរការចាប់អារម្មណ៍របស់ពលរដ្ឋខ្មែរពីការប្រឆាំងគម្រោងត្រីកោណអភិវឌ្ឍន៍ ការទាមទារឱ្យដោះលែងសកម្មជនសង្គម ការទាមទារឱ្យដកដីសម្បទានសេដ្ឋកិច្ច ឱ្យមកតាមដានរឿងកឋិនទាននេះវិញ។
លោកថា អង្គកឋិននេះបានបង្កប់ចេតនាកេងចំណេញនយោបាយទាក់ទាញសមានចិត្តពលរដ្ឋខ្មែរលើ ខ្មែរក្រោម និងខ្មែរកណ្តាល ឱ្យឈប់ប្រឆាំងនឹងគម្រោងត្រីកោណអភិវឌ្ឍន៍ប៉ុណ្ណោះ ទោះបីការធ្វើកឋិនទាននេះ លោក ហ៊ុន សែន បានដើរហួសបន្ទាត់ក្រហមរបស់វៀតណាម ក៏ដោយ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជារូបនេះអះអាងថា លោក ហ៊ុន សែន អាចបោកប្រាស់ពលរដ្ឋខ្មែរបានមួយចំនួនដែរ ដោយបង្ហាញថាគាត់នៅមានស្មារតីស្នេហាជាតិ គិតគូរពីទឹកដី ជាពិសេសការផ្តាំផ្ញើឱ្យពលរដ្ឋខ្មែរក្រោមព្យាយាមថែរក្សាប្រពៃណីខ្មែរឱ្យគង់វង្ស បើទោះបីជារដ្ឋាភិបាលកម្ពុជាមិនអាចលូកដៃជួយជ្រោមជ្រែងប្រពៃណីវប្បធម៌ខ្មែរនៅទីនោះក៏ដោយ។
លោក ម៉ែន ណាត បញ្ជាក់ថា ចរិតដឹកនាំនយោបាយរបស់លោក ហ៊ុន សែន ជាង ៤០ឆ្នាំមកនេះ បង្ហាញថា គាត់ខ្វល់ខ្វាយតែពីការគ្រប់គ្រងអំណាចតែមួយគត់ ទោះបាត់បង់អ្វីក៏ដោយ រួមទាំងទឹកដីខ្មែរផង។
លោកបញ្ជាក់ថា លោក ហ៊ុន សែន ហ៊ានដើរហួសបន្ទាត់ក្រហមរបស់វៀតណាម នៅពេលនេះ គឺដោយសារគាត់អាចធ្វើឱ្យពលរដ្ឋខ្មែរស្ងប់អារម្មណ៍ចំពោះការប្រឆាំងនឹងគម្រោងត្រីកោណអភិវឌ្ឍន៍បន្តទៀត ជាពិសេសគឺពលរដ្ឋខ្មែរដែលរស់នៅក្នុងស្រុកតែម្តង។
កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បានបញ្ចេញខ្សែអាត់សំឡេងប្រវែងជាង ១០នាទី ជំរុញឱ្យពលរដ្ឋខ្មែរក្រោមប្រឹងប្រែងថែរក្សាសិល្បៈ និងវប្បធម៌ប្រពៃណីរបស់ដូនតារបស់ខ្មែរកុំឱ្យបាត់បង់ បើទោះបីជារដ្ឋាភិបាលកម្ពុជាមិនអាចចូលរួមថែរក្សាប្រពៃណីវប្បធម៌ខ្មែរសម្រាប់ពលរដ្ឋខ្មែរក្រោមក៏ដោយ។
លោក ហ៊ុន សែន បញ្ជាក់ថា ក្នុងនាមជាខ្មែរត្រូវខិតខំរួមគ្នាថែរក្សាការពារនូវមរតកដូនតា កុំឱ្យបាត់បង់ មិនថានៅខ្មែរក្រោម ខ្មែរកណ្តាល ឬខ្មែរលើនោះទេ ទោះខ្មែររស់នៅទីណាក៏ដោយ ព្រោះបញ្ហាប្រពៃណីជាតិ គឺជាបញ្ហាដ៏ធំដែលត្រូវថែទាំទាំងអស់គ្នា។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា បើមេដឹកនាំបក្សកាន់អំណាចមានសុឆន្ទៈដង្ហែអង្គកឋិនទៅទឹកដីកម្ពុជាក្រោមដោយសុទ្ធចិត្ត និងស្នេហាជាតិមែន លោក ហ៊ុន សែន ត្រូវតែដកខេត្តខ្មែរទាំង៤ ចេញពីគម្រោងត្រីកោណអភិវឌ្ឍន៍ (CLV) ដោយពិតប្រាកដ និងត្រូវដកហូតគម្រោងអភិវឌ្ឍន៍នានាក្រោមឆត្រនៃគម្រោង CLV ទាំងអស់ផងដែរ។
កាលពីដើមខែតុលា ឆ្នាំ២០២៤ លោក ហ៊ុន សែន បានប្រកាសដង្ហែកឋិនទានមួយទៅកាន់ទឹកដីកម្ពុជាក្រោមនៅដើមខែវិច្ឆិកា ក្រោយនេះ ដែលមានឈ្មោះថា អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ហើយនេះក៏ជាលើកទីមួយដែរ ដែលលោក ហ៊ុន សែន បង្ហាញពីការផ្សារភ្ជាប់ពលរដ្ឋខ្មែរក្រោមនឹងរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេលដែលគាត់គ្រប់គ្រងកម្ពុជាជាង ៤ទសវត្សរ៍មកនេះ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.
