The Cambodia Daily Khmer

មន្ត្រី​បក្ស​ប្រឆាំង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​វះ​កាត់​សាច់​ស្អុយ​ដើម្បី​បោស​សម្អាត​ឧក្រិដ្ឋកម្ម​ឱ្យ​អស់​ពី​កម្ពុជា

ផ្ទាំង​ផ្សព្វផ្សាយ​នៅ​ព្រលាន​យន្តហោះ​ឥណ្ឌា ដែល​ព្រមាន​ពលរដ្ឋ​ឥណ្ឌា ថា​ការ​ទទួល​បាន​ការងារ​នៅ​ប្រទេស​កម្ពុជា ភូមា និង​ឡាវ គឺជា​រឿង​បោកប្រាស់ ហើយ​ចុងក្រោយ​នឹង​ក្លាយ​ជា​អ្នក​ធ្វើការ​ឱ្យ​ការ​ប្រព្រឹត្ត​អំពើ​បោកប្រាស់​តាម​ប្រព័ន្ធ​អនឡាញ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​វះកាត់​សាច់​ស្អុយ​លុប​បំបាត់​អំពើពុករលួយ ដើម្បី​បោស​សម្អាត​អំពើ​ឧក្រិដ្ឋកម្ម​ឱ្យ​អស់​ពី​កម្ពុជា ព្រោះ​អំពើ​ទាំងនោះ​បាន​កើត​ជា​ប្រព័ន្ធ​ក្នុង​ចង្កោម​មន្ត្រី​រដ្ឋាភិបាល។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៨ តុលា នេះ​ថា ការ​ដោះសា​របស់​រដ្ឋាភិបាល​នៅ​ពេល​ដែល​ប្រទេស​ជិតខាង​ចេញ​វិធានការ​ទប់ស្កាត់​ពលរដ្ឋ​របស់​គេ​មិន​ឱ្យ​ទៅ​លេង​ប្រទេស​កម្ពុជា ព្រោះតែ​អំពើ​ឆបោក មិនមែន​ជា​ដំណោះស្រាយ​ទេ ផ្ទុយទៅវិញ​ការ​ដោះសា​នេះ​គ្រាន់តែ​បង្ហាញ​ពី​ការ​លាក់​បាំង​នូវ​រាល់​អំពើ​ឧក្រិដ្ឋ​នៅ​កម្ពុជា​ទៅវិញ​ប៉ុណ្ណោះ។

លោក អ៊ុំ សំអាន ព្រមាន​ថា ការ​ដោះសា​របស់​រដ្ឋាភិបាល​កម្ពុជា​រឹតតែ​ធ្វើ​ឱ្យ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ជិតខាង​ខ្លាចរអា​មិន​ហ៊ាន​ទៅ​ប្រទេស​កម្ពុជា​កាន់តែ​ខ្លាំង​ថែម​ទៀត។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ប្រព័ន្ធ​ដឹកនាំ​ដែល​កំពុង​រៀបចំ​ដោយ​ក្រុម​គ្រួសារ​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ មិនមែន​ជា​ប្រព័ន្ធ​លាង​ជម្រះ​ឧក្រិដ្ឋកម្ម​នានា​ដែល​កំពុង​សម្ងំ​លាក់​ខ្លួន​នៅ​កម្ពុជា​ទេ ផ្ទុយទៅវិញ​គឺ​មាន​តែ​ជួយ​ការពារ​ក្រុម​ឧក្រិដ្ឋជន​ដែល​ប្រព្រឹត្ត​ល្មើស​ទៅវិញ ព្រោះ​ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ​ត្រូវ​បាន​ប្រព័ន្ធ​ដឹកនាំ​ក្នុង​គ្រួសារ​និយម​មួយ​នេះ​តែងតាំង​ឱ្យ​ទៅ​ដឹកនាំ​ប្រទេស​ទៅ​ហើយ​នោះ ដូចជា​លោក លី យ៉ុងផាត់ និង​លោក ទ្រី ភាព ជាដើម។

កាលពី​ថ្ងៃទី​២៧ ខែ​តុលា អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា ត្រូវ​វិទ្យុ​បារាំង​អន្តរជាតិ​ស្រង់​សម្ដី​ថា ឥណ្ឌា​មាន​ចេតនា​ចង់​បង្ខូច​កេរ្តិ៍ឈ្មោះ​កម្ពុជា​តាមរយៈ​ការ​បង្ហាញ​ឈ្មោះ​ប្រទេស​កម្ពុជា​យ៉ាង​ច្បាស់ៗ​នៅ​លើ​ផ្ទាំង​ផ្សព្វផ្សាយ​ក្នុង​ព្រលាន​យន្តហោះ​របស់​ខ្លួន ជុំវិញ​ករណី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ។

លោក ប៉ែន បូណា ទទួលស្គាល់​ថា កម្ពុជា​ធ្លាប់​មាន​ករណី​តាម​ប្រព័ន្ធ​អនឡាញ​នេះ​មែន តែ​យ៉ាងណា រដ្ឋាភិបាល​កម្ពុជា​នឹង​ធ្វើការ​ជាមួយ​ប្រទេស​ឥណ្ឌា ដើម្បី​ដឹង​ពី​កម្មវត្ថុ​នៃ​ការ​ផ្សព្វផ្សាយ​បែប​នេះ។

ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​សារព័ត៌មាន​ឥណ្ឌា The Hindu បាន​ចុះផ្សាយ​ពី​ការ​ផ្សព្វផ្សាយ​របស់​រដ្ឋាភិបាល​ឥណ្ឌា ដោយ​ប្រើ​ផ្ទាំង​ផ្សព្វផ្សាយ​នៅ​ព្រលាន​យន្តហោះ​ឥណ្ឌា កាលពី​ពេល​ថ្មីៗ​នេះ ដែល​បាន​ព្រមាន​ពលរដ្ឋ​ឥណ្ឌា ថា ការ​ទទួល​បាន​ការងារ​នៅ​ប្រទេស​កម្ពុជា ភូមា និង​ឡាវ គឺជា​រឿង​បោកប្រាស់ ហើយ​ចុងក្រោយ​នឹង​ក្លាយ​ជា​អ្នក​ធ្វើការ​ឱ្យ​ការ​ប្រព្រឹត្ត​អំពើ​បោកប្រាស់​តាម​ប្រព័ន្ធ​អនឡាញ។

នៅ​ក្នុង​ផ្ទាំង​ផ្សព្វផ្សាយ​នោះ ក៏​បាន​បញ្ជាក់​ទៅ​កាន់​ពលរដ្ឋ​ឥណ្ឌា ផង​ដែរ ជុំវិញ​ការ​ទទួល​បាន​ការងារ​នៅ​ប្រទេស​ទាំង​៣ នេះ គឺ​ត្រូវ​ត្រួតពិនិត្យ​ក្រោម​លក្ខខណ្ឌ​មួយ​ចំនួន ដូចជា ពិនិត្យ​ទៅ​លើ​អង្គភាព ឬ​ស្ថាប័ន​ផ្តល់​ការងារ​ដោយ​ប្រុងប្រយ័ត្ន ពិនិត្យ​ឱ្យ​បាន​ល្អិតល្អន់​ពី​វីសារ​ការងារ ស្រាវជ្រាវ​ឱ្យ​បាន​ជាក់លាក់​ពី​អង្គភាព ឬ​ស្ថាប័ន​ដែល​ផ្តល់​ការងារ​ឱ្យ និង​ត្រូវតែ​ជា​ស្ថាប័ន​ដែល​មាន​ការ​ទទួលស្គាល់​ពី​ភ្នាក់ងារ​រដ្ឋាភិបាល ជាដើម។

ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ «ទំនប់​អូរតេធិបតី» ក្នុង​ខេត្ត​មណ្ឌលគិរី កាលពី​ថ្ងៃទី​២៤ ខែ​តុលា នេះ នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​ក្រើន​រំលឹក​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ប្រុងប្រយ័ត្ន​ខ្ពស់​កុំ​ឲ្យ​ចាញ់បោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ឬ​អនឡាញ និង​ប្រាប់​ឲ្យ​សមត្ថកិច្ច​ទប់ស្កាត់​បទល្មើស​នេះ​ឱ្យ​បាន​ហ្មត់ចត់​ផង​ដែរ ខណៈ​ដែល​ជនល្មើស​ព្យាយាម​បោកប្រាស់​គ្រប់​គោលដៅ រួម​ទាំង​លោក​នាយករដ្ឋមន្ត្រី​ផង។

រដ្ឋាភិបាល​កម្ពុជា ធ្លាប់​បាន​បញ្ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ថា ពលរដ្ឋ​ឥណ្ឌា ជាង ៦០០​នាក់ (៦៥០​នាក់) ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​ជួយ​សង្គ្រោះ​ពី​ការ​បោកប្រាស់​តាម​ប្រព័ន្ធ​អនឡាញ និង​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ក្នុង​ចំណោម​ពលរដ្ឋ​ឥណ្ឌា ប្រមាណ​ជា ៥​ពាន់​នាក់​ដែល​កំពុង​ចាញ់បោក​ឱ្យ​ធ្វើការ​បោកប្រាស់​តាម​អនឡាញ​នៅ​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version