អ្នកឃ្លាំមើលបារម្ភអំពីវិបត្តិនយោបាយនៅកម្ពុជា នៅពេលដែលអ្នកនយោបាយនៅតែបន្តប្រើយុទ្ធសាស្ត្រយកឈ្នះគ្នាដើម្បីតែផលប្រយោជន៍នយោបាយរៀងៗខ្លួន ដែលមិនគិតពីផលប្រយោជន៍របស់ប្រទេសជាតិ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១២ វិច្ឆិកា នេះថា ការទម្លាយសំឡេងក្រោមសេណារីយ៉ូនយោបាយរបស់ភាគីណាមួយក៏ដោយដែលនាំទៅដល់ការឈ្លោះបែកបាក់ ឬជាចេតនាវាយប្រហារគ្នាដើម្បីកេងចំណេញនយោបាយខ្លួនឯង មិនមែនជាសញ្ញាល្អសម្រាប់ស្ថានការណ៍នយោបាយរបស់កម្ពុជាទេ ហើយក៏មិនមែនជាអ្វីដែលកម្ពុជាត្រូវការដែរ។
លោក សេក សុជាតិ លើកឡើងថា អ្វីដែលកម្ពុជាត្រូវការក្នុងស្ថានភាពដ៏តានតឹងនេះ គឺការផ្សះផ្សានយោបាយរវាងបក្សកាន់អំណាច និងបក្សនយោបាយទាំងអស់ ដើម្បីរួមគ្នាស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឱ្យបានពេញលេញ ព្រោះនេះគឺជាអ្វីដែលពលរដ្ឋខ្មែរចង់បាន ហើយក៏ជាការចង់បានរបស់សហគមន៍អន្តរជាតិដែរសម្រាប់ភាពសុខសាន្តរបស់ពលរដ្ឋកម្ពុជាគ្រប់រូប។
លោកបន្តថា បើអ្នកនយោបាយគ្រប់ភាគីទាំងអស់នៅតែប្រកាន់គំនិតតម្កល់ផលប្រយោជន៍បក្សធំជាងផលប្រយោជន៍ជាតិ នោះមុខមាត់របស់ប្រទេសក៏នឹងអាប់ឱនទៅតាមការប្រព្រឹត្តរបស់ពួកគេដែរ ហើយផលអាក្រក់ដែលជះត្រឡប់មកវិញ គឺពួកគេបានត្រឹមជាអ្នកនយោបាយក្នុងប្រទេសអន់ថយដែលកាប់ចាក់គ្នាឯង ដើម្បីដណ្តើមអំណាច និងផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។
នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ សំឡេងមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ត្រូវបានគេទម្លាយលើបណ្ដាញសង្គមហ្វេសប៊ុកដែលគាត់បាននិយាយថា មនុស្សមួយចំនួនកំពុងបង្កប់ខ្លួននៅក្នុងក្រុមអ្នកនយោបាយប្រឆាំងនៅក្រៅស្រុក ក្នុងនោះក៏បង្កប់នៅក្នុងចំណោមក្រុមការងាររបស់ទូរទស្សន៍មនសិការរបស់ក្រុមប្រឆាំងផងដែរ។
ជុំវិញបញ្ហានេះ ក៏មានការទម្លាយសំឡេងឆ្លើយឆ្លងមួយរវាងលោក ហ៊ុន សែន និងស្ត្រីម្នាក់ដែលអះអាងថាខ្លួនជាក្រុមការងារទូរទស្សន៍មនសិការកាលពីពេលថ្មីៗនេះដែរ ដែលលោក ហ៊ុន សែន បានបញ្ចុះបញ្ចូលស្ត្រីម្នាក់នោះឈប់ចូលរួមការងារជាមួយនឹងក្រុមការងារទូរទស្សន៍មនសិការបន្តទៀត៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.
