The Cambodia Daily Khmer

រដ្ឋការ​លោក បៃដិន បន្ត​បញ្ជូន​ជំនួយ​យោធា​ទៅ​ឱ្យ​អ៊ុយក្រែន ដោយ​ធានា​ថា​អាច​បន្ត​ប្រយុទ្ធ​បាន​មួយ​ឆ្នាំ​ទៀត

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken បញ្ជាក់​ថា រដ្ឋការ​លោក Biden បាន​ធានា​ថា អ៊ុយក្រែន​អាច​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី រយៈពេល​មួយ​ឆ្នាំ គឺ​នៅ​ឆ្នាំ​២០២៥ ដោយ​អាវុធ​របស់​សហរដ្ឋ​អាមេរិក។

លោក Blinken បាន​ថ្លែង​ដូចនេះ​អំឡុង​នៅ​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្ស៊ិក ជា​ទី​ដែល​លោក​ត្រូវ​បំពេញ​ទស្សនកិច្ច​ចុងក្រោយ​របស់​លោក​ក្នុង​ឋានៈ​ជា​ប្រមុខ​ការទូត​នៃ​រដ្ឋការ​លោក បៃដិន ហើយ​ជា​ការ​ធានា​ថា ទាំង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ជា​សមាជិក​អង្គការ​ណាតូ (NATO) ត្រូវតែ​ផ្ដោត​លើ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ដើម្បី​ជួយ​អ៊ុយក្រែន មាន​ថវិកា មាន​អាវុធ មាន​គ្រាប់រំសេវ និង​មាន​កងកម្លាំង​រួម ក្នុង​ការ​ប្រយុទ្ធ​នឹង​សង្គ្រាម​របស់​រុស្ស៊ី ឱ្យ​បាន​ពេញ​មួយ​ឆ្នាំ​ទៀត​នៅ​ឆ្នាំ​២០២៥ ហើយ​ឆ្ពោះ​ទៅ​រក​ការ​ចរចា​សន្តិភាព​ដោយ​មាន​ជំហរ​រឹងមាំ មាន​តុល្យភាព​នឹង​រុស្ស៊ី។

លោក Blinken បាន​បន្ត​ថា សេតវិមាន​កំពុង​សម្របសម្រួល​ដំណើរការ​ផ្ដល់​ជំនួយ​យោធា​ទៅ​ឱ្យ​អ៊ុយក្រែន ជា​ដំណាក់កាល​ចុងក្រោយ​នៃ​រដ្ឋការ​របស់​លោក បៃដិន។ សម្រាប់​រដ្ឋការ​លោក បៃដិន សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី ដែល​មាន​រយៈពេល​ជិត ៣​ឆ្នាំ​នេះ ក្រុង​វ៉ាស៊ីនតោន មិន​បន្ថយ​ការ​ជួយ​អ៊ុយក្រែន នោះ​ទេ តែ​ផ្ទុយទៅវិញ ធ្វើ​ឱ្យ​អ៊ុយក្រែន អាច​បន្ត​ទប់ទល់​កងកម្លាំង​រុស្ស៊ី និង​មាន​កម្លាំង​រឹងមាំ​ក្នុង​ការ​ចរចា​សន្តិភាព​ដែល​អាច​កើតមាន​ខាងមុខ​នេះ។

លោក​ប្រមុខ​ការទូត​សហរដ្ឋ​អាមេរិក បញ្ជាក់​បន្ថែម​ថា៖ លោក​ប្រធានាធិបតី បៃដិន បាន​ប្ដេជ្ញាចិត្ត​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា រាល់​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​ដែល​នៅ​មាន នឹង​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​ចន្លោះ​ពេលនេះ​ដល់​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២៥ ជា​ពេល​ដែល​ប្រធានាធិបតី​ជាប់​ឆ្នោត​លោក ដូណាល់ ត្រាំ ត្រូវ​ស្បថ​ចូល​កាន់​តំណែង។

វត្តមាន​លោក Antony Blinken នៅ​ទីក្រុង​ប្រ៊ុចសែល ដែល​នៅ​ទីនោះ លោក​បាន​ជួប​នឹង​ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​ណាតូ ៣២​ប្រទេស ដែល​ជា​ការ​ជម្រាបលា​ផង និង​ជា​ការ​បញ្ជាក់​ពី​ការ​ជួយ​របស់​រដ្ឋការ​លោក បៃដិន ឱ្យ​បាន​គ្រប់គ្រាន់​ក្នុង​ការ​បញ្ជូន​ជំនួយ​យោធា​ទៅ​ឱ្យ​អ៊ុយក្រែន នូវ​កញ្ចប់​ជំនួយ ៦១​ពាន់​លាន​ដុល្លារ​ដែល​សភា​បាន​អនុម័ត​កាលពី​ខែ​មេសា ឆ្នាំ​២០២៤។

តែ​យ៉ាងណា ការ​ដែល​លោក Blinken បញ្ជាក់​ពី​ការ​បញ្ជូន​ជំនួយ​យោធា​របស់​សហរដ្ឋ​អាមេរិក​ចុងក្រោយ​នេះ ហើយ​មាន​ភាព​ប្រញាប់​ខ្លាំង ជា​ការ​ធ្វើ​ឡើង​ដោយ​បារម្ភ​ពី​រដ្ឋការ​លោក ដូណាល់ ត្រាំ អាច​កាត់បន្ថយ​ជំនួយ ឬ​ផ្អាក​ជំនួយ​ទៅ​ឱ្យ​អ៊ុយក្រែន។

ក្នុង​រយៈពេល ៣​ឆ្នាំ រដ្ឋការ​លោក បៃដិន បញ្ជូន​ជំនួយ​ទៅ​ឱ្យ​អ៊ុយក្រែន រហូត ១៧៥​ពាន់​លាន​ដុល្លារ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ជប៉ុន Japan Times ដែល​ស្រង់​សម្ដី​លោក ដូណាល់ ត្រាំ។

នៅ​ក្នុង​យុទ្ធនាការ​រក​សំឡេង​ឆ្នោត លោក ត្រាំ បាន​ព្យាយាម​វាយប្រហារ​លោក បៃដិន និង​រដ្ឋការ​របស់​លោក បៃដិន ដែល​ថា​ការ​ចំណាយ​ថវិកា​សហរដ្ឋ​អាមេរិក​ធ្វើ​ឡើង​ដោយ​គ្មាន​គោលការណ៍ ព្រោះ​សង្គ្រាម​រុស្ស៊ី និង​អ៊ុយក្រែន មិន​អាច​រក​ទី​បញ្ចប់​ឃើញ​ឡើយ។ តែ​លោក ត្រាំ ចំអក​ថា អ៊ុយក្រែន​គ្មាន​សមត្ថភាព និង​លទ្ធភាព​ឈ្នះ​សង្គ្រាម​រុស្ស៊ី ព្រោះ​ធនធាន​ទ័ព​របស់​អ៊ុយក្រែន ចុះ​ខ្សោយ​យ៉ាង​ខ្លាំង។

សម្រាប់​លោក ត្រាំ សង្គ្រាម​នៅ​អ៊ុយក្រែន លោក​ជា​អ្នក​បិទ​បញ្ចប់ បើ​លោក​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី ដែល​លោក​អះអាង​ថា​បិទ​បញ្ចប់​ត្រឹមតែ ២៤​ម៉ោង​ប៉ុណ្ណោះ។ តែ​ជាមួយ​គ្នា​នេះ លោក ត្រាំ បាន​ព្រមាន​ថា បើ​អ៊ុយក្រែន មិន​ព្រម​ធ្វើ​អ្វី​មួយ​ដើម្បី​បញ្ចប់​សង្គ្រាម លោក​នឹង​ផ្ដាច់​ជំនួយ​ទាំងអស់​របស់​សហរដ្ឋ​អាមេរិក។

ឥឡូវ​នេះ គម្រោង​ផែនការ​សន្តិភាព​របស់​លោក ត្រាំ កំពុង​បែកធ្លាយ។ ឯកសារ​ផែនការ​សន្តិភាព​បែកធ្លាយ ត្រូវ​បាន​បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC បាន​បញ្ចេញ​ថា លោក ត្រាំ ចង់​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា ដោយ​ស្នើ​ទ័ព​អង់គ្លេស និង​ទ័ព​ប្រទេស​នៅ​អឺរ៉ុប ចូល​ទៅ​ឃ្លាំមើល​ការ​អនុវត្ត​បទ​ឈប់​បាញ់​នៅ​តំបន់​គ្មាន​កងទ័ព។ តែ​កងទ័ព​រុស្ស៊ី និង​កងទ័ព​អ៊ុយក្រែន ត្រូវ​ឃ្លាត​ពី​គ្នា​រយៈ​ចម្ងាយ ៨០០ miles ឬ​ជាង ១២០០​គីឡូម៉ែត្រ។

យ៉ាងណា BBC ថា​ផែនការ​សន្តិភាព​របស់​លោក ត្រាំ ក៏​ហាម​មិន​ឱ្យ​អ៊ុយក្រែន លើក​យក​ករណី​ដែនដី​ជ្រោយ​ឧបទ្វីប​គ្រីមៀរ ដាក់​លើ​តុ​ចរចា​រួម​នឹង​ដែនដី​ដែល​រុស្ស៊ី កំពុង​កាន់កាប់​ផង​ដែរ។

ក្រុម​អ្នក​នាំពាក្យ​របស់​លោក ត្រាំ បាន​បង្ហើប​ថា ការ​ចរចា​ផ្ដោត​តែ​លើ​យន្តការ​ដែល​ឈាន​ទៅ​ដល់​ការ​បិទ​បញ្ចប់​សង្គ្រាម។ តែ​នៅ​ខណៈ​នេះ ទាំង​រុស្ស៊ី និង​អ៊ុយក្រែន កំពុង​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​នៅ​លើ​សមរភូមិ​ជួរមុខ ទាំង​ក្នុង​ទឹកដី​អ៊ុយក្រែន និង​ខាង​ក្នុង​ទឹកដី​រុស្ស៊ី។

រុស្ស៊ី កំពុង​សម្រុក​វាយ​រំដោះ​មក​វិញ​ដែនដី​ដែល​ទ័ព​អ៊ុយក្រែន វាយ​កាន់កាប់​នៅ​តំបន់ Kursk ខាង​ក្នុង​ទឹកដី​រុស្ស៊ី ដោយ​មាន​ទ័ព ៥០០០០​នាក់ និង​កូរ៉េខាងជើង ១១០០០​នាក់ ដែល​ជួយ​ច្បាំង​ទ័ព​រុស្ស៊ី។

ចំណែក​នៅ​តំបន់​ដុនបាស​ភាគ​ខាងកើត​អ៊ុយក្រែន ក៏​រុស្ស៊ី កំពុង​វាយលុក​យ៉ាង​ខ្លាំង​ដើម្បី​ឱ្យ​មាន​ប្រៀប​ខ្លាំង​នៅ​មុន​ការ​ចរចា​ចាប់ផ្ដើម​ដែល​ក្រុម​អ្នក​នាំពាក្យ​លោក ត្រាំ អះអាង​ថា ភ្លាមៗ​ក្រោយពី​លោក ត្រាំ ស្បថ​ចូល​កាន់​តំណែង ការ​ចរចា​នឹង​ចាប់ផ្ដើម។ លោក ត្រាំ បាន​អំពាវនាវ​ឱ្យ​ភាគី​ច្បាំង​គ្នា​ទាំង​ពីរ​កុំ​ព្យាយាម​វាយ​ពង្រីក​សមរភូមិ ដែល​លោក​ថា​វា​នឹង​ធ្វើ​ឱ្យ​ដំណើរការ​ចរចា​ជាប់​គាំង។

ប៉ុន្តែ​ចំពោះ​លោក បៃដិន ដែល​កំពុង​រៀបចំ​ផ្ទេរ​អំណាច​ទៅ​ឱ្យ​លោក ត្រាំ នៅតែ​បារម្ភ​លោក ត្រាំ បោះបង់​ចោល​អ៊ុយក្រែន។

កាលពី​ថ្ងៃ​ពុធ ទី​១៣ វិច្ឆិកា លោក បៃដិន បាន​ទទួល​ស្វាគមន៍​លោក ត្រាំ នៅ​ឯ​សេតវិមាន​ជា​ជំនួប​ប្រពៃណី​មួយ​ដែល​លោក បៃដិន តាំងចិត្ត​ផ្ទេរ​អំណាច​ដោយ​រលូត​ទៅ​លោក ត្រាំ ដែល​ជា​ម្ចាស់​សេតវិមាន​រយៈពេល ៤​ឆ្នាំ​ជំនួស​លោក។

នៅ​ក្នុង​ជំនួប​ដែល​មេដឹកនាំ​សហរដ្ឋ​អាមេរិក​ទាំង​ពីរ​រីករាយ​ចំពោះ​គ្នា​ទៅវិញ​ទៅមក លោក បៃដិន បាន​ស្នើ​ទៅ​លោក ត្រាំ ឱ្យ​បន្ត​ជួយ​អ៊ុយក្រែន រហូត​អ៊ុយក្រែន មាន​ភាព​ខ្លាំង​ទប់ទល់​បាន​ចំពោះ​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version