The Cambodia Daily Khmer

អាជ្ញាធរ​ថៃ ចាប់​សកម្មជន​ភៀស​ខ្លួន​ខ្មែរ ១១​នាក់​ប្រគល់​ទៅ​ឱ្យ​អាជ្ញាធរ​ក្រុង​ភ្នំពេញ

សកម្មជន​នយោបាយ​ខ្មែរ​ដែល​ភៀស​ខ្លួន​ទៅ​រស់នៅ​ប្រទេស​ថៃ និង​ត្រូវ​បាន​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​ឱ្យ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ

សកម្មជន​នយោបាយ​ខ្មែរ​កំពុង​ភៀស​ខ្លួន​រស់នៅ​ប្រទេស​ថៃ ចំនួន ១១​នាក់​ដែល​គេច​ពី​ការ​តាម​ចាប់​ខ្លួន​របស់​រដ្ឋាភិបាល​កម្ពុជា ត្រូវ​បាន​អាជ្ញាធរ​ថៃ ចាប់​ខ្លួន និង​គ្រោង​បញ្ជូន​ពួកគេ​ប្រគល់​ទៅ​ឱ្យ​រដ្ឋាភិបាល​ខ្មែរ​វិញ។

អាជ្ញាធរ​ថៃ បាន​ចាប់​ខ្លួន​សកម្មជន​នយោបាយ​ខ្មែរ​ចំនួន ១១​នាក់ មាន​បុរស​ឈ្មោះ ប៉ែន ចាន់សង្គ្រាម ស្ត្រី​ឈ្មោះ ហុង អាន និង​ចៅប្រុស​របស់​គាត់ គឺ​កុមារា ណាន់ ស្ត្រី សឺង គន្ធា បុរស មាន ចាន់ថុន ស្ត្រី យិន ចន្ធូ និង​កូនស្រី​របស់​អ្នកស្រី សឺង គន្ធា ឈ្មោះ ភ័ក្ត ព្រមទាំង​ពលករ​ខ្មែរ ៤​នាក់​ផ្សេង​ទៀត​ផង​ដែរ។

ការ​ចាប់​ខ្លួន​នេះ ធ្វើឡើង​នៅ​ខេត្ត​ប៉ាធុមថានី កាលពី​ថ្ងៃទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៤។

ជុំវិញ​បញ្ហា​នេះ សកម្មជន​បក្ស​ប្រឆាំង​រស់នៅ​ប្រទេស​កាណាដា ឈ្មោះ ហ៊ី សុខា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៤ វិច្ឆិកា ដោយ​អំពាវនាវ​ឱ្យ​សកម្មជន​នយោបាយ​ដែល​កំពុង​ភៀស​ខ្លួន​រស់នៅ​ប្រទេស​ថៃ បញ្ឈប់​ការ​ធ្វើ​ទំនាក់ទំនង​ជាមួយ​ឈ្មោះ Dara Khan ជាបន្ទាន់។

ប្រភព​ដដែល​ទម្លាយ​ថា បុគ្គល​ឈ្មោះ Dara Khan ធ្លាប់​សហការ​ជាមួយ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើបាប​អ្នក​ដទៃ​ទៀត​កន្លង​មក ដូច្នេះ​សកម្មជន​នយោបាយ​ដែល​កំពុង​ភៀស​ខ្លួន​រស់នៅ​លើ​ទឹកដី​ថៃ ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ជាមួយ​បុគ្គល​នេះ​ឱ្យ​បាន​ខ្ពស់ ព្រោះ​រូបគេ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួន​គ្រប់​ពេល​ទាំងអស់។

ជុំវិញ​បញ្ហា​នេះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៦ វិច្ឆិកា នេះ​ថា ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​នៅ​ប្រទេស​ថៃ គឺ​មាន​ពាក់ព័ន្ធ​នឹង​ការ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ប្តឹង​ថៃ រឿង​កោះ​គុត​ទៅ​តុលាការ​អន្តរជាតិ។

លោក អ៊ុំ សំអាន អះអាង​ថា ការ​ចាប់​ខ្លួន​នេះ បាន​ធ្វើ​ឡើង​បន្ទាប់ពី​សកម្មជន​ភៀស​ខ្លួន​ទាំងនោះ​បាន​ប្តូរ​រូបថត​ដាក់​លើ​ហ្វេសប៊ុក ឬ Profile ជា​រូប​ទាមទារ​កោះ​គុត​បាន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។

ចំណែក​ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៦ វិច្ឆិកា នេះ​ថា ការ​ចាប់​ខ្លួន​សកម្មជន​នយោបាយ​ដែល​ភៀស​ខ្លួន និង​ពលករ​ខ្មែរ បាន​បង្ហាញ​ពី​ការ​សហការ​គ្នា​រវាង​រដ្ឋាភិបាល​ថៃ និង​រដ្ឋាភិបាល​កម្ពុជា ក្រោម​រូបភាព​គាបសង្កត់​ឆ្លងដែន។

លោក​អះអាង​ថា ជាទូទៅ​ចំពោះ​ការ​ចាប់​ខ្លួន​បែប​នេះ អាជ្ញាធរ​ថៃ ត្រូវ​បញ្ជូន​ពួកគេ​ទៅ​ប៉ូលិស​អន្តោប្រវេសន៍​ថៃ ដើម្បី​បំពេញ​នីតិវិធី និង​បែបបទ​ផ្សេងៗ ប៉ុន្តែ​ករណី​ចាប់​ខ្លួន​សកម្មជន​ទាំងនេះ​ហាក់​មាន​លក្ខណៈ​បន្ទាន់ និង​ដោយ​បង្ខំ ដូច្នេះ​ការ​ចាប់​ខ្លួន​នេះ គឺជា​ការ​ធ្វើ​ឡើង​ដោយ​រំលង​នីតិវិធី​ទាំងស្រុង។

លោក ស៊ឹង សែនករុណា អំពាវនាវ​ឱ្យ​អង្គការ​សហប្រជាជាតិ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា ជួយ​ធានា​ដល់​សិទ្ធិ​របស់​ជនភៀសខ្លួន​ដែល​ត្រូវ​រង​នូវ​ការ​គាបសង្កត់​ឆ្លងដែន​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​នៅ​ពេលនេះ ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​ស្រប​តាម​ច្បាប់​អន្តរជាតិ​ស្ដីពី​សិទ្ធិមនុស្ស។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ពាក់កណ្តាល​ខែ​ឧសភា ឆ្នាំ​២០២៤ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch បាន​ចេញ​សេចក្តី​រាយការណ៍​មួយ ដោយ​បញ្ជាក់​ថា ‘Swap Mart’ ឬ ផ្សារ ឬ​ហាង​ដោះដូរ​មនុស្ស​ក្នុង​ប្រទេស​ថៃ កំពុង​ត្រូវ​បាន​កំណត់​ជា​ទីតាំង​គោលដៅ ក្នុង​ការ​ដោះដូរ​ជនភៀសខ្លួន ឬ​អ្នក​ដែល​ស្វែងរក​សិទ្ធិ​ជ្រកកោន​នយោបាយ​ពី​ប្រទេស​ជិតខាង ដូចជា​មកពី​ប្រទេស​កម្ពុជា ជាដើម។

គួរ​រំឭក​ថា៖ រដ្ឋាភិបាល​ប្រទេស​ក្នុង​សហគមន៍​អាស៊ាន​មាន​កិច្ចព្រមព្រៀង​នឹង​គ្នា​ក្នុង​កម្រិត​ណា​មួយ ដើម្បី​ប្តូរ​ពលរដ្ឋ​រវាង​ប្រទេស​និង​ប្រទេស ដែល​អាជ្ញាធរ​ប្រទេស​នីមួយៗ​ចោទប្រកាន់​តាម​ផ្លូវ​ច្បាប់​ចាត់ទុក​ជា​ជនសង្ស័យ​អំពី​បទល្មើស​អ្វី​មួយ។ តាមរយៈ​កិច្ចព្រមព្រៀង​ដូច្នោះ គេ​ចាប់​មនុស្ស​បញ្ជូន​ទៅវិញ​ទៅមក​ក្នុង​នាម​កិច្ចសហប្រតិបត្តិការ​ដើម្បី​រក្សា​សន្តិសុខ​ជាតិ​រៀងៗ​ខ្លួន ទោះជា​អាច​បំពាន​ច្បាប់​អន្តរជាតិ​កម្រិត​ណា​ក៏ដោយ។

ម្យ៉ាង​ទៀត នៅ​ក្នុង​ប្រទេស​នីមួយៗ​នោះ ដូចជា​ប្រទេស​កម្ពុជា ជាដើម មាន​ភ្នាក់ងារ​ចារកម្ម​ចាត់តាំង​បម្រើ​ការ​ឲ្យ​អាជ្ញាធរ​ក្រុង​ភ្នំពេញ ចាំ​តាមដាន​រាល់​ជំហាន​លើ​ពលរដ្ឋ​ខ្មែរ​ដូច​គ្នា ហើយ​ធ្វើ​សេចក្តី​រាយការណ៍​ទៅ​អាជ្ញាធរ។ មាន​ពេល​ខ្លះ កម្លាំង​សន្តិសុខ​ប្រចាំ​ស្ថានទូត​ខ្មែរ​នៅ​ក្រុង​បាងកក ចេញ​ធ្វើ​ប្រតិបត្តិការ​ចាប់ចង​ផ្ទាល់ ជួនកាល​គេ​ស្នើ​ទៅ​អាជ្ញាធរ​ថៃ ធ្វើ​ការងារ​ជំនួស។

ហេតុការណ៍​ដូចៗ​គ្នា​នេះ បាន​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​ថៃឡង់ដ៍ ច្រើន​លើក​ច្រើនសា​ច្រើន​ករណី​ហើយ។ មាន​ករណី​ពិត​ខ្លះ​ទៀត ភ្នាក់ងារ​ចារកម្ម​ខ្មែរ​ក្រុង​ភ្នំពេញ​ក្លែង​ខ្លួន​ជា​អ្នក​ជាតិ​និយម អ្នក​ស្នេហា​ជាតិ អះអាង​ថា​ចង់​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន ដើរ​បបួល​ខ្មែរ​ឯទៀត​ឲ្យ​ចូលរួម​ជាមួយ​ខ្លួន រួច​រាយការណ៍​ឲ្យ​គេ​ចាប់​ប្រមូល​ទាំង​ហ្វូង​យក​ទៅ​ដាក់​គុក​អស់ ឬ​គាប​សួរ​ធ្វើ​ទារុណកម្ម​ឲ្យ​សារភាព ទោះជា​មិន​បាន​ធ្វើ​អ្វី​ដូច​គេ​ចោទ​ក៏ដោយ។

របប​សព្វថ្ងៃ នឹង​ដេញ​ខ្មែរ​ការពារ​ប្រយោជន៍​ខ្មែរ​អស់​ពី​ស្រុក​មិន​ខាន​ឡើយ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version