The Cambodia Daily Khmer

លោក សម រង្ស៊ី សន្យា​ឈរ​ជាមួយ​ពលរដ្ឋ​ខ្មែរ​លើក​នេះ​ដោយ​យក​គំរូ​តាម​ពលរដ្ឋ​កូរ៉េខាងត្បូង

លោក សម រង្ស៊ី មេដឹកនាំ​បក្ស​ប្រឆាំង។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ប្រកាស​ថា​លោក​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ក្រោកឈរ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ ដើម្បី​ស្វែងរក​ពេលវេលា​ដ៏​ត្រឹមត្រូវ​មួយ​ជាមួយ “ចលនា​ជាតិ​តស៊ូ” ដើម្បី​សង្គ្រោះ​ប្រទេស​កម្ពុជា​ពី​របប​ដឹកនាំ​ផ្ដាច់ការ។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៥ ធ្នូ នេះ​ថា ការ​តវ៉ា​នៅ​ប្រទេស​កូរ៉េខាងត្បូង រវាង​ស្ត្រី​ជនជាតិ​កូរ៉េ​ម្នាក់​ប្រឆាំង​តវ៉ា​ទល់​នឹង​កងទ័ព​កូរ៉េ គឺជា​មេរៀន​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​ក្រោកឈរ​ឡើង​ទាំងអស់​គ្នា​រួបរួម​ជា​កម្លាំង បង្ខំ​ឱ្យ​មេដឹកនាំ​ផ្ដាច់ការ​ចុះ​ចេញពី​តំណែង ដើម្បី​ស្វែងរក​ដំណោះស្រាយ​រួម​មួយ​សម្រាប់​ប្រទេស​ជាតិ​របស់​ខ្លួន។

លោក សម រង្ស៊ី លើកឡើង​ថា ព្រឹត្តិការណ៍​ដែល​បាន​កើតឡើង​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ បន្ទាប់ពី​មេដឹកនាំ​របស់​ពួកគេ​បាន​ប្រកាស​ច្បាប់​អាជ្ញាសឹក ប្រជាពលរដ្ឋ​កូរ៉េ​ភាគច្រើន​ដែល​មិន​យល់ស្រប​នឹង​ការ​សម្រេច​ចិត្ត​នេះ បាន​នាំគ្នា​ក្រោកឈរ​ឡើង​រហូត​មេដឹកនាំ​របស់​ពួកគេ​សម្រេច​ដក​ច្បាប់​អាជ្ញាសឹក​នេះ​វិញ។

លោក​ថា​ជា​គំរូ​ដ៏​ល្អ​មួយ​ដែល​ស្ត្រី​កូរ៉េ​ម្នាក់​បាន​រុញច្រាន​ចុង​កាំភ្លើង​របស់​កងទ័ព​ដែល​ភ្ជង់​មក​ខ្លួន ដោយ​និយាយ​ថា ពលរដ្ឋ​កូរ៉េ​ត្រូវតែ​បញ្ឈប់​រឿង​នេះ។

លោក​បន្ត​ថា ទង្វើ​នេះ​អាច​ជា​មេរៀន​សម្រាប់​ពលរដ្ឋ​ខ្មែរ​ទាំងអស់​គ្នា​ឱ្យ​ដឹង​យ៉ាង​ច្បាស់​ថា ប្រទេស​កម្ពុជា​ទាំងមូល​ជា​របស់​ប្រជាជន​ទាំងអស់​គ្នា មិនមែន​ជា​កម្មសិទ្ធិ​ផ្ដាច់មុខ​របស់​មេដឹកនាំ ឬ​គ្រួសារ​ណា​មួយ​ឡើយ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​មិន​ត្រូវ​ប្រគល់​វាសនា​ប្រទេស​ជាតិ​ទាំងមូល​ដែល​ជា​កម្មសិទ្ធិ​របស់​ខ្លួន ឲ្យ​គ្រួសារ​ណា​មួយ​មក​សម្រេច​វាសនា​ជំនួស​ខ្លួន​បាន​ឡើយ។

កាលពី​យប់​ថ្ងៃទី​៣ ខែ​ធ្នូ ឆ្នាំ​២០២៤ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Yoon Suk Yeol បាន​ប្រកាស​ដាក់​ច្បាប់​អាជ្ញាសឹក​ជាបន្ទាន់​នៅ​ទូទាំង​ប្រទេស។ ក្រោយ​ការ​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន កងទ័ព​ប្រទេស​កូរ៉េខាងត្បូង ក៏​ត្រូវ​បាន​ដាក់​ពង្រាយ​ភ្លាមៗ​ផង​ដែរ។ ក្រោយ​កម្លាំង​កងទ័ព​ត្រូវ​បាន​ដាក់​ពង្រាយ ប្រជាពលរដ្ឋ​កូរ៉េខាងត្បូង​បាន​នាំគ្នា​ងើប​ឡើង​តវ៉ា​នឹង​ការ​ប្រកាស​ប្រើ​ច្បាប់​អាជ្ញាសឹក​នេះ ស៊ូ​ទាំង​យប់​ត្រជាក់​ខ្លាំង​ដើម្បី​គាំទ្រ​សមាជិក​សភា​ដែល​កំពុងតែ​ពិភាក្សា​បោះឆ្នោត​ប្រឆាំង​នឹង​ច្បាប់​អាជ្ញាសឹក​ក្នុង​វិមាន​សភា​ជាតិ ក្នុង​នោះ​មាន​វីដេអូ​មួយ​ដែល​ត្រូវ​គេ​ផ្ដិត​បាន​អំឡុង​ពេល​នៃ​ការ​ប៉ះទង្គិច​រវាង​ស្ត្រី​ជនជាតិ​កូរ៉េ​ម្នាក់​ដែល​ប្រឆាំង​តវ៉ា​ទល់​នឹង​ទ័ព​ប្រទេស​កូរ៉េ ក្នុង​ពេល​ចលាចល​នោះ ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ព្រោងព្រាត​នៅ​ពេលនេះ។

យ៉ាងណាមិញ ច្បាប់​អាជ្ញាសឹក​នេះ​ត្រូវ​បាន​ដក​ចេញ​វិញ បន្ទាប់ពី​ប្រកាស​ដាក់​ចេញ​បាន​ប្រមាណ​ជា ៣​ម៉ោង​ប៉ុណ្ណោះ ក្រោយ​ការ​បាតុកម្ម​ប្រឆាំង​ពី​សំណាក់​ពលរដ្ឋ​កូរ៉េខាងត្បូង។ ប្រធានាធិបតី Yoon Suk Yeol អាច​ប្រឈម​នឹង​ការ​បោះឆ្នោត​ដក​សេចក្តី​ទុកចិត្ត​ពី​សភា​ធ្លាក់​ពី​តំណែង៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version