The Cambodia Daily Khmer

អ្នក​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ​ស្នើ​រាជរដ្ឋាភិបាល​លុប​ចោល​អនុស្សរណៈ​ពាក់ព័ន្ធ​កោះ​គុត

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លើកឡើង​ថា ការ​ទាមទារ​ឱ្យ​លុប​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០១ (MOU-2001 ឬ MOU44) ស្ដីពី​តំបន់​សមុទ្រ​ត្រួតស៊ីគ្នា (Overlapping Claims Area) ដែល​ហៅ​កាត់​ថា OCA របស់​ពលរដ្ឋ​ថៃ និង​ពលរដ្ឋ​ខ្មែរ គឺ​មាន​បំណង​តែ​មួយ តែ​ស្ថិត​ក្នុង​គោលដៅ​ផ្ទុយ​គ្នា។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily​នៅ​ថ្ងៃទី​២៥ ធ្នូ នេះ​ថា ការ​ទាមទារ​ឲ្យ​លុប​ចោល​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ឆ្នាំ​២០០១ ឬ MOU44 ស្ដីពី​តំបន់​សមុទ្រ​ត្រួតស៊ីគ្នា គឺជា​រឿង​ល្អ និង​សម​ហេតុផល​សម្រាប់​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ។

លោក​ថា ការ​ធ្វើ​បែប​នេះ​គឺ​ដោយសារ​ពលរដ្ឋ​ខ្មែរ​មើល​ឃើញ​ថា នៅ​ពេលនេះ ថៃ​មាន​បំណង​រំលោភ​យក​ព្រំដែន​សមុទ្រ​របស់​ខ្មែរ​ទំហំ ៣​ម៉ឺន​គីឡូម៉ែត្រ​ក្រឡា (៣០០០០​គីឡូម៉ែត្រ​ក្រឡា) ទាំងអស់ រួម​ទាំង​កោះ​គុត​ទាំងមូល​ផង​ដែរ។

កោះ​គុត គឺជា​កោះ​ដែល​ត្រូវ​បាន​កំណត់​ជា​ខ្សែបន្ទាត់​មូលដ្ឋាន​នៃ​ការ​កំណត់​ព្រំដែន​សមុទ្រ​ជាមួយ​ថៃ ក្នុង​សន្ធិសញ្ញា​បារាំង-សៀម​ឆ្នាំ​១៩០៧ ត្រង់​អនុប្រការ​១ និង​អនុប្រការ​២ ដែល​ត្រូវ​បាន​ភ្ជាប់​ដោយ​ផែនទី​ឧបសម្ពន្ធ​រួច​ទៅ​ហើយ​នោះ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា ចំណែក​ពលរដ្ឋ​ថៃ ដែល​ទាមទារ​ឲ្យ​លុប​ចោល​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០១ ឬ MOU44 ស្ដីពី​តំបន់​សមុទ្រ​ត្រួតស៊ីគ្នា​នេះ គឺ​ដោយសារ​ពួកគេ​មិន​ពេញចិត្ត​នឹង​គ្រួសារ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ក្នុង​ការ​ដឹកនាំ​រដ្ឋាភិបាល​ថៃ ផង និង​ចង់​លេប​យក​កោះ​គុត​ទាំងមូល​ដែល​មាន​ទំហំ ២៦០០០​គីឡូម៉ែត្រ​ក្រឡា​ថែម​ទៀត​ផង​ដែរ។

កាលពី​ថ្ងៃទី​២៤ ខែ​ធ្នូ ក្រុម​អាវ​លឿង​ថៃ បាន​ប្រមូលផ្ដុំ​គ្នា​ទាមទារ​ឱ្យ​រដ្ឋាភិបាល​របស់​អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ ផ្តល់​ចម្លើយ​ដល់​ពួកគេ បន្ទាប់ពី​អ្នក​ទាំងនោះ​អំពាវនាវ​ឲ្យ​លុប​ចោល​អនុស្សរណៈ​យោគយល់​ឆ្នាំ​២០០១ (MOU2001 ឬ MOU44) ស្ដីពី​តំបន់​ត្រួតស៊ីគ្នា​រវាង​ថៃ និង​កម្ពុជា រួម​ទាំង​បញ្ហា​កោះ​គុត​ផង​ដែរ។

ក្នុង​ការ​ប្រមូលផ្ដុំ​នោះ ក្រុម​អាវ​លឿង និង​ក្រុម​ប្រឆាំង​ថៃ ប្រកាស​ទុក​ពេល​ឱ្យ​រដ្ឋាភិបាល​ថៃ ផ្តល់​ចម្លើយ​ដល់​ពួកគេ​ត្រឹម​ចុង​ឆ្នាំ​នេះ។ ផ្ទុយទៅវិញ បើ​គ្មាន​ការ​ឆ្លើយតប​សម​ហេតុផល​ណា​មួយ​ទេ ពួកគេ​នឹង​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​ដើម​ឆ្នាំ​ក្រោយ​តែម្តង។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៤ ពលរដ្ឋ​ខ្មែរ​ក្រៅ​ស្រុក​ក៏​បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ការពារ​កោះ​គុត​នៅ​ដើម​ឆ្នាំ​ក្រោយ​នេះ​ផង​ដែរ។

ដំណាល​ពេល​គ្នា​នេះ អតីត​នាយករដ្ឋមន្ត្រី និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្ដេជ្ញា​ក្នុង​ជំនួប​ជាមួយ​ប្រធាន​បក្ស​កុម្មុយនីស្ត​យៀកណាម ឡេ ហយជុង ថា​នឹង​រក្សា​ទំនាក់ទំនង​ល្អ​ជា​ប្រពៃណី​ជាមួយ​ប្រទេស​យៀកណាម​លើ​គ្រប់​វិស័យ ដោយ​ហេតុ​ថា​ប្រទេស​យៀកណាម បាន​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​រហូត​ដល់​បាន​រីកចម្រើន​មក​ដល់​ពេលនេះ។

ជំហរ​របៀប​លេង​លោត​អន្ទាក់​របស់​លោក ហ៊ុន សែន ពី​ហាណូយ-ប៉េកាំង ពី​ប៉េកាំង-ហាណូយ នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​អស់សង្ឃឹម​នឹង​រាជរដ្ឋាភិបាល​ថា​នឹង​មិន​លើក​រឿង​កោះត្រល់​ទៅ​តវ៉ា​សោះ​ឡើយ​នា​អនាគត។ គេ​រង់ចាំ​មើល​ថា តើ​នាយករដ្ឋមន្ត្រី​ឪ​កូន នឹង​ធ្វើ​ដូចម្តេច​រឿង​កោះ​គុត​ជាមួយ​ប្រទេស​ថៃឡង់ដ៍៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version