The Cambodia Daily Khmer

កងទ័ព​ជើងគោក​រាយការណ៍​ថា​សកម្មភាព​កាប់​ឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​នៅតែ​បន្ត​កើត​មាន

កងកម្លាំង​បង្ក្រាប​បទល្មើស ការ​លួច​កាប់​ឈើ​ខុស​ច្បាប់ ក្នុង​ភូមិសាស្ត្រ​ឃុំ​សៀមបូក ស្រុក​សៀមបូក ខេត្ត​ស្ទឹងត្រែង រយៈពេល ០៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២៤ ដល់​ថ្ងៃទី​០១ ខែ​មករា ឆ្នាំ​២០២៥។

កងកម្លាំង​នៃ​កងយោធពល​ខេមរភូមិន្ទ អះអាង​ថា បទល្មើស​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ នៅតែ​បន្ត​កើត​មាន ក្រោយ​កម្លាំង​ចុះ​ប្រតិបត្តិការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស ការ​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ភូមិសាស្ត្រ​ស្រុក​សៀមបូក ខេត្ត​ស្ទឹងត្រែង អស់​រយៈពេល ៤​ថ្ងៃ។

កងទ័ព​ជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ (Royal Cambodian Armed Forces) សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៣ មករា នេះ​ថា បន្ទាប់ពី​ចុះ​ល្បាត​អស់​រយៈពេល ៤​ថ្ងៃ កម្លាំង​បង្ក្រាប​បាន​រក​ឃើញ​ប្រភេទ​ឈើ​ដួងចែម ត្រូវ​បាន​កាត់​គល់​ផ្ដួល​រំលំ​ចំនួន ៣៥​គល់ និង​ឈើ​ដែល​ត្រូវ​បាន​អារ​ច្រៀក​ជា​ក្តារ​រួច​ចំនួន ២៨៥​សន្លឹក ដែល​ស្មើ​នឹង ០៩​ម៉ែត្រ​គូប។

ប្រភព​ដដែល​អះអាង​ថា ក្រៅពី​រក​ឃើញ​ឈើ​ដែល​ត្រូវ​បាន​កាប់​ដោយ​ខុស​ច្បាប់ កម្លាំង​ល្បាត​ក៏​បាន​ដកហូត​គោយន្ត​កន្ត្រៃ​សណ្ដោង​រ៉ឺម៉ក​ចំនួន ៣​គ្រឿង និង​រណា​យន្ត​ចំនួន ១​គ្រឿង​ផង​ដែរ ដែល​ត្រូវ​បាន​យក​មក​រក្សាទុក​ក្នុង​ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ស្ទឹងត្រែង ដើម្បី​បញ្ជូន​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​ចាត់ការ​បន្ត​តាម​ផ្លូវ​ច្បាប់។

កងកម្លាំង​ប្រតិបត្តិការ​ដដែល​នេះ បញ្ជាក់​ថា ការ​ចុះ​ល្បាត​បទល្មើស​ព្រៃឈើ​នេះ គឺ​អនុវត្ត​តាម​បទបញ្ជា​មេបញ្ជាការ​កងទ័ព​ជើងគោក លោក ម៉ៅ សុផាន់ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ស្ទឹងត្រែង ដែល​កំពុង​កើតមាន​សព្វថ្ងៃ​នេះ។

ប្រធាន​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ លោក សៅ សុខា ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​កន្លង​ទៅ​ថា បទល្មើស​ព្រៃឈើ​ដែល​តែងតែ​កើត​មាន​នៅ​កម្ពុជា​ទប់ស្កាត់​មិន​បាន គឺ​ដោយសារតែ​មន្ត្រី​មូលដ្ឋាន​ជា​អ្នក​បើក​ដៃ​ឱ្យ​ឈ្មួញ​ពី​ខាងក្រៅ​តែប៉ុណ្ណោះ។

លោក សៅ សុខា អះអាង​ថា មន្ត្រី​ជំនាញ​តែងតែ​ផ្ដេកផ្ដួល​ចំពោះ​បញ្ហា​នេះ ព្រោះ​ថា​ឈើ​ដឹក​តែ​លើ​ផ្លូវ មិន​ដែល​ដឹក​ខុស​ពី​លើ​ផ្លូវ​ទេ ហើយ​ទីស្នាក់ការ​បរិស្ថាន​ក៏​នៅ​លើ​ផ្លូវ​ដែរ ដូច្នេះ​បើ​មន្ត្រី​ទាំងនោះ​មិន​ផ្សំគំនិត​គ្នា​ទេ បទល្មើស​ព្រៃឈើ​ក៏​មិន​កើត​ឡើង​ដែរ។ លោក​សង្កត់​ធ្ងន់​ថា បើ​នៅតែ​បែប​នេះ​ទៀត ប្រទេស​កម្ពុជា​នឹង​រលាយ​ហិនហោច​ជាមិនខាន។

កាលពី​អំឡុង​ឆ្នាំ​២០២៤ សារព័ត៌មាន​អន្តរជាតិ ម៉ុងហ្កាបេ (Mongabay) បាន​ចុះផ្សាយ​ថា រយៈពេល ១​ឆ្នាំ​ពេញ ប្រទេស​កម្ពុជា​បាន​បាត់បង់​ព្រៃឈើ​ជាង ១​សែន​ហិកតា (១២១០០០​ហិកតា) ដោយសារតែ​អំពើពុករលួយ ក្នុង​នោះ​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ រង​ការ​កាប់​បំផ្លាញ​ជាប់​លំដាប់​ថ្នាក់​លេខ​១។

ប្រភព​ដដែល​រៀបរាប់​ថា ការ​បាត់បង់​ព្រៃឈើ​ទាំងនេះ គឺ​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា រួម​ទាំង​ឧកញ៉ា​គ្រាក់ៗ​មួយ​ចំនួន​ដែល​ជា​សែស្រឡាយ​របស់​លោក ហ៊ុន សែន ផង​ដែរ ដូចជា​ឧកញ៉ា លី យ៉ុងផាត់ ឧកញ៉ា ទ្រី ភាព និង​ឧកញ៉ា មិក សុផាន់ណារ៉េត ជាដើម ខណៈ​ក្រុមហ៊ុន Angkor Plywood និង​ក្រុមហ៊ុន Think Biotech ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កាប់​បំផ្លាញ​ញ​ព្រៃឈើ​ខុស​ច្បាប់​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​ព្រះមហាក្សត្រ​ខ្មែរ​ត្រាស់​បង្គាប់​តែងតាំង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ដឹកនាំ​អនុវត្ត​កម្មវិធី​ផ្តល់​ដី ការពារ​ព្រៃ ដើម្បី​អភិវឌ្ឍ​ដោយ​ចីរភាព ប៉ុន្តែ​គេ​បាន​រក​ឃើញ​ថា លោក ហ៊ុន ម៉ាណែត ជា​ឧក្រិដ្ឋជន​ព្រៃឈើ​កំពូល​ម្នាក់​បន្ទាប់ពី​លោក ហ៊ុន សែន ដែល​ជា​អ្នក​គ្រប់គ្រង​ផុត​លេខ​ក្នុង​រចនាសម្ព័ន្ធ​នៃ​ឧក្រិដ្ឋជន​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version