The Cambodia Daily Khmer

លោក ហ៊ុន សែន ចង់​ឱ្យ​រដ្ឋាភិបាល​បង្កើត​ច្បាប់​ដែល​ចាត់ទុក​អ្នក​ដែល​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​ជា​ភេរវករ

លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​អតីត​នាយករដ្ឋមន្ត្រី ថ្លែង​ក្នុង​ទិវា​ថ្ងៃ​ជ័យជម្នះ ៧​មករា ឆ្នាំ​២០២៥។

ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា (CPP) លោក ហ៊ុន សែន ចង់​ឱ្យ​រដ្ឋាភិបាល​បង្កើត​ច្បាប់​ដែល​ចាត់ទុក​ជន ឬ​ក្រុម​ណា​ដែល​មាន​ចេតនា​បង្កើត​ចលនា​ប្រឆាំង​ជ្រុល​និយម បង្ក​ភាព​វឹកវរ អសន្តិសុខ​ក្នុង​សង្គម និង​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់ គឺជា​ភេរវករ។

ថ្លែង​នៅ​ចំពោះ​មុខ​សមាជិក​សមាជិកា​គណបក្ស​ដែល​ចូលរួម​ពិធី​ប្រមាណ ២​ម៉ឺន​នាក់ នៅ​ក្នុង​ខួប​លើក​ទី​៤៦ នៃ​ទិវា​ជ័យជម្នះ ៧​មករា ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​កោះពេជ្រ កាលពី​ថ្ងៃទី​៧ ខែ​មករា នេះ លោក ហ៊ុន សែន យល់​ថា​វា​ដល់​ពេល​ហើយ​ដែល​ត្រូវ​កសាង​ច្បាប់ ឬ​កំណត់​ចំពោះ​ជន​ណា ឬ​ក្រុម​ណា​ដែល​មាន​គម្រោងការ ឬ​អំពើ​ឃុបឃិត​បង្កើត​ចលនា​ប្រឆាំង​ជ្រុលនិយម បង្ក​ភាព​វឹកវរ អសន្តិសុខ​ក្នុង​សង្គម បង្ក​ឱ្យ​មាន​ជម្លោះ​ជាមួយ​រដ្ឋ​ដទៃ និង​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​គឺជា​ភេរវករ​ដែល​ត្រូវ​នាំ​ខ្លួន​មក​វិនិច្ឆ័យ​ទោស។

លោក ហ៊ុន សែន បញ្ជាក់​ថា គេ​មិន​អាច​និយាយ​ដល់​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ឬ​ការ​អភិវឌ្ឍ​បាន​ឡើយ ប្រសិនបើ​គ្មាន​សន្តិភាព។ មិន​តែប៉ុណ្ណោះ សន្តិភាព​ក៏​មិន​គង់វង្ស​យូរ​ដែរ ល្គឹកណា​គ្មាន​ការ​ផ្សះផ្សា​ជាតិ យុត្តិធម៌ និង​ការ​អភិវឌ្ឍ​ជាតិ​ប្រកប​ដោយ​បរិយាប័ន្ន។

ទាក់ទង​ទៅ​នឹង​ការ​បង្កើត​ច្បាប់​នេះ ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ការ​បង្កើត​ច្បាប់​ណា​មួយ​ឡើង លុះត្រាតែ​ច្បាប់​នោះ​បម្រើ​ជា​ប្រយោជន៍​ដល់​មនុស្ស​ទូទៅ និង​មិនមែន​គ្រប​ដណ្តប់​សម្រាប់​តែ​បុគ្គល​មួយ​រូប ឬ​គណបក្ស​នយោបាយ​មួយ​ទេ។ ច្បាប់​នោះ​ក៏​ត្រូវ​ឆ្លើយតប​នឹង​ការ​គោរព​សិទ្ធិមនុស្ស សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​ស្រប​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា រួម​ទាំង​លិខិតុបករណ៍​នានា​ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​កន្លង​មក​ដែរ។

អ្នក​ឃ្លាំមើល​និយាយ​ថា ការ​ធ្វើ​ច្បាប់​កំណត់​ឲ្យ​អ្នក​ជំទាស់​នៅ​ក្រៅ​ប្រទេស​ទៅ​ជា​ក្រុម​ភេរវកម្ម ជា​ការ​គំរាមកំហែង​ដល់​អ្នក​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល។ ការ​ធ្វើ​ច្បាប់​នេះ គឺ​មិន​ចាំបាច់ ខណៈ​កម្ពុជា​មាន​ច្បាប់​រួច​ទៅ​ហើយ​ដើម្បី​ឆ្លើយតប​នឹង​អំពើ​ភេរវកម្ម។

កាលពី​ខែ​ឧសភា កន្លង​ទៅ លោក ហ៊ុន សែន ធ្លាប់​បាន​ស្នើ​ឲ្យ​ក្រសួង​យុត្តិធម៌ បង្កើត​ច្បាប់​ដាក់​ទោស​អ្នក​ដែល​មិន​ទទួលស្គាល់​វត្តមាន​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា តែ​នៅ​មិន​ទាន់​ដឹង​ថា​តើ​ក្រសួង​យុត្តិធម៌ នឹង​ត្រូវ​បង្កើត​ច្បាប់​ថ្មី ឬ​មួយ​ក៏​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ចាស់​ប្រឆាំង​នឹង​ការ​មិន​ទទួលស្គាល់​ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរក្រហម ដែល​រដ្ឋសភា​បាន​អនុម័ត​កាលពី​ឆ្នាំ​២០១៣៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version