The Cambodia Daily Khmer

លោក រ៉ុង ឈុន បដិសេធ​មិន​ចូលរួម​សវនាការ​តាម​ដីកា​កោះ​របស់​តុលាការ​ដោយសារ​អវត្តមាន​មេធាវី

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន បដិសេធ​មិន​ចូលរួម​សវនាការ​តាម​ដីកា​កោះ​របស់​តុលាការ​ទេ នៅ​ថ្ងៃ​សុក្រ​នេះ ដោយសារ​មេធាវី​របស់​លោក​អវត្តមាន។

គណបក្ស​កម្លាំង​ជាតិ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​១៦ មករា នេះ​ថា សវនាការ​លើ​សំណុំរឿង​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន នៅ​ថ្ងៃទី​១៧ ខែ​មករា នេះ ត្រូវ​បាន​មេធាវី​របស់​លោក​សុំ​លើក​ពេល​ដោយសារ​បញ្ហា​សុខភាព ដូច្នេះ​លោក រ៉ុង ឈុន ក៏​នឹង​មិន​ចូលរួម​ក្នុង​សវនាការ​នេះ​ដែរ ដោយសារ​គ្មាន​មេធាវី​ការពារ​ក្តី​ជូន​រូបលោក។

នៅ​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០២៥ នេះ លោក ជូង ជូងី មេធាវី​ការពារ​ក្តី​លោក រ៉ុង ឈុន បាន​ដាក់​ពាក្យ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ស្នើសុំ​ពន្យារ​ពេល​សវនាការ​សំណុំរឿង​លោក រ៉ុង ឈុន ទៅ​ពេល​ក្រោយ ដោយសារ​លោក​មាន​ជំងឺ​ផ្ដាសាយ​ដែល​ត្រូវ​ពិនិត្យ​សុខភាព។

យ៉ាងណាក៏ដោយ លោក ជូង ជូងី មិន​បាន​បញ្ជាក់​ពី​ការ​ស្នើសុំ​សវនាការ​នៅ​ពេល​ក្រោយ​ទៅ​តុលាការ​ថា​នៅ​ពេល​ណា​នោះ​ទេ។

អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះ​កាលពី​ថ្ងៃ​៣១ ខែ​ធ្នូ ឆ្នាំ​២០២៤ ឱ្យ​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ចូល​បំភ្លឺ​នៅ​ថ្ងៃទី​១៧ ខែ​មករា នេះ​ជា​កំហិត ក្នុង​បទល្មើស​មិន​រាងចាល បន្ទាប់ពី​លោក​ត្រូវ​បាន​ផ្ដន្ទាទោស​ក្នុង​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​កាលពី​ឆ្នាំ​២០២៤ កន្លង​ទៅ។

លោក រ៉ុង ឈុន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ដាក់​ពន្ធនាគារ​ចំនួន ៣​លើក​រួច​មក​ហើយ គឺ​លើក​ទី​១ នៅ​ឆ្នាំ​២០០៥ ជុំវិញ​ការ​រិះគន់​សន្ធិសញ្ញា​បំពេញ​បន្ថែម​រវាង​កម្ពុជា-វៀតណាម។ លើក​ទី​២ លោក​ត្រូវ​ចាប់​ខ្លួន​នៅ​ចុង​ខែ​មករា ឆ្នាំ​២០១៤ ដោយសារ​ដឹកនាំ​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​ប្រធាន​សមាគម​សេដ្ឋកិច្ច​ប្រជាធិបតេយ្យ​ឯករាជ្យ​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ និង​លើក​ទី​៣ លោក​ត្រូវ​បាន​ចាប់​ខ្លួន​ម្តង​ទៀត​ជុំវិញ​ការ​ចេញ​ថ្លែងការណ៍​អំពី​ការ​បាត់​ដី​របស់​ពលរដ្ឋ​ខ្មែរ​ទៅ​ប្រទេស​វៀតណាម នៅ​ខេត្ត​ត្បូងឃ្មុំ កាលពី​ចុង​ខែ​កក្កដា ឆ្នាំ​២០២០៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version