សមត្ថកិច្ចចាប់ខ្លួនម្ចាស់ក្រុមហ៊ុន ម៉ន ដានី រៀលអ៊ីស្ទេត (Real Estate) គឺអ្នកស្រី ម៉ន ដានី កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ និងបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធទៅនឹងការចេញសែកស្អុយ។
ការឃាត់ខ្លួននេះ ធ្វើឡើងក្នុងអំឡុងពេលដែលអ្នកស្រី ម៉ន ដានី ត្រឡប់ពីប្រទេសថៃ ទៅកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិអូស្មាច់ ខេត្តឧត្ដរមានជ័យ។
ជុំវិញបញ្ហានេះ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោក ង៉េង ជួ បញ្ជាក់ថា នគរបាលបានបញ្ជូនខ្លួនអ្នកស្រី ម៉ន ដានី ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយនៅថ្ងៃសុក្រនេះ បន្ទាប់ពីឃាត់ខ្លួនបានកាលពីយប់ថ្ងៃទី១៦ ខែមករា នៅពេលដែលជនត្រូវចោទបានចាកចេញពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ។
ចៅក្រមស៊ើបសួរ លោក លិ សុខា កាលពីអំឡុងខែតុលា ឆ្នាំ២០២៤ បានចេញដីកាបង្គាប់ឱ្យនាំខ្លួនអ្នកស្រី ម៉ន ដានី ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ឬចេញសែកស្អុយតាមមាត្រានៃច្បាប់ស្ដីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់ប្រាក់។
អ្នកវិភាគលើកឡើងថា អំពើបោកប្រាស់លក់ដីខ្យល់ និងផ្ទះខ្យល់នៅប្រទេសកម្ពុជាដែលកំពុងកើតមានយ៉ាងអនាធិបតេយ្យសព្វថ្ងៃនេះ គឺសុទ្ធតែបង្កឡើងដោយការដឹកនាំបែបម៉ាហ្វៀររបស់ក្រុមគ្រួសារត្រកូលហ៊ុនទាំងអស់។
អ្នកវិភាគនយោបាយ លោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៧ មករា នេះថា ក្នុងចំណោមគម្រោងអចលនទ្រព្យបោកប្រាស់នៅកម្ពុជាបច្ចុប្បន្ននេះ ក៏មានគម្រោងដែលល្អដែរ ប៉ុន្តែគម្រោងល្អៗពិបាកនឹងឈរជើងណាស់ ក្រោមការគាបសង្កត់ទារលុយពីមន្ត្រីពុករលួយ និងការប្រជែងដណ្តើមផលប្រយោជន៍ពីគម្រោងដែលមានត្រកូលហ៊ុនជាខ្នងបង្អែក។
ប្រភពដដែលបន្តថា ចំណែកគម្រោងអចលនទ្រព្យបោកប្រាស់វិញក៏ជួបវិបត្តិដូចគ្នាដែរ ប៉ុន្តែវិធានការច្បាប់មិនត្រូវបានអនុវត្តលើពួកគេឡើយ ទោះអតិថិជនតវ៉ាទាមទារដោយប្រើភស្តុតាងជាកិច្ចសន្យាទិញលក់ច្បាស់ប៉ុនណាក៏ដោយ ព្រោះតែគម្រោងទាំងនេះមានត្រកូលហ៊ុនកាងនៅពីក្រោយ ដូច្នេះគ្មានប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ទៅលើអ្នកទាំងនោះឡើយ។
លោក គឹម សុខ លើកឡើងថា ការជាប់គាំងវិស័យអចលនទ្រព្យក្រោមហេតុផលជំងឺកូវីដ-១៩ គឺជារឿងមួយ ប៉ុន្តែការជាប់គាំងវិស័យអចលនទ្រព្យដោយសារការដឹកនាំរបស់ត្រកូលហ៊ុនដែលបង្កឱ្យមានការបោកប្រាស់ដើម្បីកេងយកលុយពីពលរដ្ឋ ក៏ជាបញ្ហាដែលត្រូវយកមកដោះស្រាយដែរ ព្រោះនៅស្រុកខ្មែរមានតែត្រកូលហ៊ុនមួយគត់ដែលមានអំណាចធ្វើព្យុះភ្លៀងតាមអំពើចិត្តបាន។
អ្នកវិភាគរូបនេះបញ្ជាក់ថា ត្រកូលហ៊ុនដឹកនាំប្រទេសកម្ពុជាសព្វថ្ងៃនេះ មិនមែនដើម្បីរកផលប្រយោជន៍ឱ្យប្រទេសជាតិ និងពលរដ្ឋ ឬដើម្បីធានាបានយុត្តិធម៌សង្គមទេ ប៉ុន្តែពួកគេប្រើរដ្ឋាភិបាលដែលខ្លួនគ្រប់គ្រងប្រជែងដណ្តើមផលប្រយោជន៍ជាមួយពលរដ្ឋខ្លួនឯងប៉ុណ្ណោះ។
ទាក់ទិននឹងការលក់ដីខ្យល់ និងផ្ទះខ្យល់នេះ គេសង្កេតឃើញថា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានលក់ផ្ទះខ្យល់ និងដីខ្យល់ឱ្យអតិថិជនដែរ ប៉ុន្តែគ្មានវិធានការច្បាប់ណាមួយត្រូវបានអនុវត្តលើឧកញ៉ារូបនេះឡើយ ខណៈមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បានចេញមុខការពារឧកញ៉ា ឡេង ណាវ៉ាត្រា ជាបន្តបន្ទាប់ក្រោយការទាមទារឱ្យផ្តល់សំណងពីអតិថិជន៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
