The Cambodia Daily Khmer

សមត្ថកិច្ច​ចាប់ផ្ដើម​រឹត​បន្តឹង​ការ​បាញ់​ល្បឿន និង​ពិនិត្យ​ជាតិ​អាល់កុល​នៅ​ផ្លូវ​៦០​ម៉ែត្រ​ចាប់ពី​ថ្ងៃទី​២១​មករា

សកម្មភាព​ប៉ូលិស​ចរាចរណ៍​រឹត​បន្តឹង​ការ​បាញ់​ល្បឿន និង​ពិនិត្យ​ជាតិ​អាល់កុល​នៅ​តាម​បណ្ដោយ​មហាវិថី​សម្តេច​តេជោ (ផ្លូវ​៦០​ម៉ែត្រ) នៅ​ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០២៥។

អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ លោក ជួន ណារិន្ទ បញ្ជា​ឲ្យ​ដាក់​កម្លាំង​រឹត​បន្តឹង​ការ​បាញ់​ល្បឿន និង​ពិនិត្យ​ជាតិ​អាល់កុល​នៅ​តាម​បណ្ដោយ​មហាវិថី​សម្តេច​តេជោ ឬ​ផ្លូវ​៦០​ម៉ែត្រ ចាប់ពី​ថ្ងៃទី​២១ ខែ​មករា នេះ ក្រោយពី​សង្កេត​ឃើញ​គ្រោះថ្នាក់​ចរាចរណ៍​កើត​ញឹកញាប់ និង​បាន​សម្លាប់​មនុស្ស​ជាបន្តបន្ទាប់។

អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ លោក ជួន ណារិន្ទ បាន​លើកឡើង​ថា «ផ្លូវ​៦០​ម៉ែត្រ» មាន​ទំហំ​ធំ​ទូលាយ ប៉ុន្តែ​អ្នក​ប្រើប្រាស់​ផ្លូវ​ភាគច្រើន​មិន​គោរព​ច្បាប់។ លោក​ថា ក្នុង​នោះ គ្រាន់តែ​ការ​បើកបរ​លើស​ល្បឿន​កំណត់ បាន​បង្ក​ជា​គ្រោះថ្នាក់​ចរាចរណ៍​រហូត​ដល់ ៤៩%។ ដើម្បី​ទប់ស្កាត់​បទល្មើស​នេះ លោក​ដាក់​កម្លាំង​ដើម្បី​បាញ់​ល្បឿន និង​បង្កើន​ការ​រឹត​បន្តឹង​ត្រួតពិនិត្យ​ជាតិ​អាល់កុល​ចាប់ពី​ថ្ងៃទី​២១ ខែ​មករា នេះ​តទៅ។

លោក​ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ បាន​ក្លាយ​ជា​ក្ដី​កង្វល់​មួយ​របស់​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​អ្នក​ប្រើប្រាស់​ផ្លូវ។

ក្រោយ​មាន​ហេតុការណ៍​ជាបន្តបន្ទាប់ និង​បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់​យ៉ាង​អាណោចអាធម៌​នោះ ទាំង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​រដ្ឋបាល​រាជធានី​ភ្នំពេញ ព្រមទាំង​សមត្ថកិច្ច​ជំនាញ បាន​រៀបចំ​បាញ់​គំនូស​សញ្ញា​ចរាចរណ៍​ឡើងវិញ​ផង​ដែរ។

លោក ជួន ណារិន្ទ ថ្លែង​ដូច្នេះ​ថា លោក​បាន​បញ្ជា​ទៅ​ការិយាល័យ​ជំនាញ ក៏ដូចជា​ស្នងការ​រង​ពាក់ព័ន្ធ​នឹង​ចរាចរណ៍ ឱ្យ​ចុះ​មើល​ភូមិសាស្ត្រ និង​ពេលវេលា​ដែល​កើតហេតុ។ ទី​២ មើល​កត្តា​ផ្លូវ និង​ទី​៣ មើល​កត្តា​ផ្សេងៗ​ដែល​ពាក់ព័ន្ធ ដើម្បី​កំណត់​ថា តើ​កត្តា​អ្វី​ខ្លះ​ដែល​ធ្វើ​ឱ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍។

លោក​បន្ត​ថា អ្វី​ដែល​រក​ឃើញ​នេះ ទី​១ គឺ​ការ​ប្រើប្រាស់​ល្បឿន និង​ការ​មិន​គោរព​ច្បាប់​ចរាចរណ៍។ នេះ​គឺជា​ធាតុ​ចូល​សំខាន់។

លោក​ស្នើ​ឱ្យ​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​នៅ​លើ​ដងផ្លូវ​នេះ ចូលរួម​គោរព​ច្បាប់ និង​ស្លាក​សញ្ញា​ចរាចរណ៍ ដើម្បី​ជួយ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ផ្លូវ​នេះ​តទៅទៀត។

ត្រឹមតែ​រយៈពេល ៥​ថ្ងៃ​ប៉ុណ្ណោះ នៅ​លើ​កំណាត់​ផ្លូវ​៦០​ម៉ែត្រ មូលដ្ឋាន​ខណ្ឌមានជ័យ ជាប់​ព្រំប្រទល់​ខណ្ឌ​ដង្កោ បាន​ឆក់​យក​អាយុជីវិត​មនុស្ស​ក្មេង​ចាស់​ចំនួន ៤​នាក់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ២​ករណី​ផ្សេង​គ្នា។

របាយការណ៍​ប្រចាំ​ឆ្នាំ​២០២៤ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នៅ​ថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ពេញ​មួយ​ឆ្នាំ​២០២៤ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ចំនួន ២៨៤៤​លើក ដោយ​បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន ១៥០៩​នាក់។ ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ក្នុង​ឆ្នាំ​២០២៤ បាន​ថយ​ចុះ​ចំនួន ១៤% បើ​ធៀប​នឹង​ឆ្នាំ​២០២៣៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version