នៅក្នុងប្រទេសសាធារណរដ្ឋស្លូវ៉ាគី បក្សប្រឆាំងកំពុងតែប្រមូលប្រជាជនធ្វើបាតុកម្មគាបសង្កត់លោកនាយករដ្ឋមន្ត្រី Robert Fico ចុះចេញពីតំណែង ពីព្រោះលោកមានទំនោរខ្លាំងជាមួយរបបក្រុងមូស្គូ ស្ថិតក្រោមការដឹកនាំរបស់លោក វ៉្លាឌីមៀ ពូទីន ដែលបស្ចិមប្រទេសហៅថាជាកំពូលជនផ្ដាច់ការនៅរុស្ស៊ី។
ឥឡូវស្ថានការណ៍នយោបាយនៅប្រទេសស្លូវ៉ាគី ដែលមានព្រំដែនជាប់ប្រទេសអ៊ុយក្រែន កំពុងតែផុយស្រួយយ៉ាងខ្លាំង ព្រោះតែប្រជាជន និងបក្សនយោបាយនៃក្រុមប្រឆាំង បានដាក់ចេញនូវផែនការទាញទម្លាក់លោក Robert Fico ស្របពេលសមាជិកសភាបក្សប្រឆាំងគាបសង្កត់ឱ្យមានការបោះឆ្នោតពីសមាជិកសភា ទម្លាក់មេដឹកនាំប្រទេសស្លូវ៉ាគី រូបនេះពីតំណែង។
លោកនាយករដ្ឋមន្ត្រី Robert Fico ដែលបានទៅជួបលោក ពូទីន នៅទីក្រុងមូស្គូ កាលពីខែធ្នូឆ្នាំទៅមិញ បានចោទបកក្រុមប្រឆាំងវិញថាកំពុងមានផែនការធ្វើរដ្ឋប្រហារទម្លាក់លោកពីអំណាច ដោយអនុវត្តតាមព្រឹត្តិការណ៍នៃការធ្វើរដ្ឋប្រហារទម្លាក់លោក Viktor Yanukovych អតីតប្រធានាធិបតីអ៊ុយក្រែន កាលពីខែមីនា ឆ្នាំ២០១៤។
លោក Viktor Yanukovych ជាមេដឹកនាំអ៊ុយក្រែន ដែលបានកាត់ច្រៀកទឹកដីនៃជ្រោយឧបទ្វីបគ្រីមៀរ ទៅឱ្យរុស្ស៊ី ជាថ្នូរនឹងសន្តិភាពពីលោក ពូទីន។ បច្ចុប្បន្ន លោក Viktor Yanukovych និងគ្រួសាររបស់គាត់ កំពុងស្ថិតនៅក្នុងប្រទេសរុស្ស៊ី។ ក្រោយពីទាញទម្លាក់ពីអំណាច លោក Viktor Yanukovych ត្រូវបានតុលាការប្រជាជនអ៊ុយក្រែន កាត់ទោសពីទោសក្បត់ជាតិ។
តាមបណ្ដាញផ្សាយព័ត៌មាន BBC លោក Robert Fico កាលពីខែឧសភា ឆ្នាំទៅមិញ បានរងការប៉ងធ្វើឃាត។ លោកបាននិយាយថា លោកកំពុងប្រឈមមុខនឹងរដ្ឋប្រហារតាមផ្លូវ ហើយនៅថ្ងៃអង្គារសប្ដាហ៍ក្រោយនេះ ក្រុមប្រឆាំងមានផែនការបោះឆ្នោតទម្លាក់លោកនៅក្នុងរដ្ឋសភា ព្រោះក្រុមប្រឆាំងកំពុងរកសំឡេងពីសមាជិកសភាឱ្យបានគ្រប់គ្រាន់ដើម្បីទម្លាក់លោក។
លោក Robert Fico បានចោទលោកប្រធានាធិបតីអ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី នៅពីក្រោយក្រុមប្រឆាំងក្នុងប្រទេសរបស់លោក។
ទាំងលោក Robert Fico ទាំងនាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban សុទ្ធតែជាមុខសញ្ញាដែលលោក ហ្សេឡេនស្គី មិនត្រូវការនោះទេ ពីព្រោះពួកគេបានទៅជួបលោក ពូទីន។
លោក Robert Fico បានទៅជួបលោក ពូទីន ដើម្បីជំរុញឱ្យមានការចរចាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ លោក Robert Fico ព្រមានថា លោកនឹងរំលាយសភា ដើម្បីបោះឆ្នោតមុនអាណត្តិ ប្រសិនបើក្រុមប្រឆាំងនៅតែគាបសង្កត់លោកឱ្យចុះចេញពីតំណែង។
លោកសង្ឃឹមថា សភានឹងមិនអាចរកសំឡេងគ្រប់គ្រាន់ទម្លាក់លោកបានឡើយ។ បើតាមលោក Robert Fico ប្រធានសភាបានទាត់ចោលញត្តិសុំទម្លាក់លោកពីតំណែង ដោយមិនសម្រេចកោះប្រជុំសភានោះទេ។
ប៉ុន្តែក្រុមសមាជិកសភាមកពីបក្សប្រឆាំងថានៅថ្ងៃអង្គារសប្ដាហ៍ក្រោយនេះ នឹងបានដឹងថាតើរដ្ឋសភាអាចដំណើរការប្រជុំបានដែរ ឬអត់នោះ។
អនុប្រធានគណបក្សចម្រើន Slovakia លោក Tomas Valasek និយាយថា សមាជិកសភាកំពុងពិភាក្សាគ្នាគាបសង្កត់ប្រធានរដ្ឋសភាឱ្យមានកិច្ចប្រជុំសភាវិសាមញ្ញតាមញត្តិដែលបានទាមទារឱ្យមានការបោះឆ្នោតលើសេចក្ដីទុកចិត្តចុងក្រោយទៅលើលោក Robert Fico ថាតើអាចនៅបន្តធ្វើជានាយករដ្ឋមន្ត្រីបន្តទៀតដែរឬទេ។
ញត្តិរបស់សមាជិកសភាបក្សប្រឆាំង បានលើកឡើងពីគុណវិបត្តិរបស់គណៈរដ្ឋមន្ត្រី និងលោកនាយករដ្ឋមន្ត្រី Robert Fico ដែលគ្មានសុចរិតភាពដឹកនាំប្រទេស ធ្វើឱ្យបាត់ទំនុកចិត្តពីប្រជាជន ដែលប្រជាជនកំពុងមានវិបត្តិដោយសារខ្វះថាមពលប្រើប្រាស់ ជាពិសេសឧស្ម័នសម្រាប់ប្រើប្រាស់ក្នុងរដូវត្រជាក់ បែរជាលោក Robert Fico ចេញពីប្រទេសទៅលំហែកាយនៅក្រៅប្រទេស ដែលក្រុមបក្សប្រឆាំងចោទថាគេចពីការទទួលខុសត្រូវក្នុងនាមជាមេដឹកនាំប្រទេស។
លោក Robert Fico បានចេញទៅប្រទេសវៀតណាម ជាច្រើនថ្ងៃកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំមុន។ នៅក្នុងប្រទេសវៀតណាម លោកបានសម្រាកនៅក្នុងបន្ទប់សណ្ឋាគារផ្កាយប្រាំ ដែលជាសណ្ឋាគារដ៏ប្រណិតបំផុត។ លោក Robert Fico បានចំណាយប្រាក់ច្រើនពាន់ដុល្លារ ខណៈប្រជាជនកំពុងតែលំបាកដោយសារអត់ថាមពលប្រើប្រាស់ ព្រោះតែអ៊ុយក្រែន បញ្ឈប់កុងត្រាលែងឱ្យរុស្ស៊ី បង្ហូរឧស្ម័នឆ្លងកាត់ប្រទេសអ៊ុយក្រែន។
អ៊ុយក្រែន ដែលបញ្ឈប់កុងត្រានេះ ព្រោះតែប្រឆាំងនឹងលោក Robert Fico ទៅជួបលោក ពូទីន។ លោក ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន ថ្លែងថា អ៊ុយក្រែនមិនបានឱ្យលោក Robert Fico ជាអ្នកនាំសារ ឬជាអ្នកសម្របសម្រួលឱ្យមានការចរចារវាងរុស្ស៊ី និងអ៊ុយក្រែន នោះទេ។ លោក ហ្សេឡេនស្គី បានហៅលោក Robert Fico ជាអាយ៉ងរបស់លោក ពូទីន។
យ៉ាងណា លោក Robert Fico បានហៅលោក ហ្សេឡេនស្គី ដែលបានបញ្ឈប់កុងត្រាបង្ហូរឧស្ម័នរបស់រុស្ស៊ី ឆ្លងកាត់ប្រទេសអ៊ុយក្រែន ហើយបង្កការលំបាកដល់ប្រជាជនស្លូវ៉ាគី ថាជាទង្វើវិច្ឆេទកម្ម។
ជាការសងសឹកនឹងលោក ហ្សេឡេនស្គី លោក Robert Fico ព្រមានរាំងខ្ទប់ជំនួយយោធារបស់សហភាពអឺរ៉ុប ដែលត្រៀមបម្រុងទៅឱ្យអ៊ុយក្រែន ហើយគំរាមបណ្ដេញជនភៀសខ្លួនអ៊ុយក្រែន ចេញពីប្រទេសស្លូវ៉ាគី ទៀតផង។
តែបែបនេះក្ដី បក្សប្រឆាំងនៅស្លូវ៉ាគី បានកំពុងចោទលោក Robert Fico ពីការខ្វះការទទួលខុសត្រូវចំពោះមុខវិបត្តិរបស់ប្រទេស ហើយប្រើប្រាស់តួនាទីជានាយករដ្ឋមន្ត្រីទៅរណបមេដឹកនាំរុស្ស៊ី ដែលបង្កសង្គ្រាម បង្កអសន្តិសុខនៅក្នុងតំបន់អឺរ៉ុបខាងកើតទៅវិញ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
