26.8 C
Phnom Penh

នាយករដ្ឋមន្ត្រី​ស្លូវ៉ាគី ដែល​ប្រឈម​ការ​ទាញ​ទម្លាក់​ពី​អំណាច ចោទ​បក្ស​ប្រឆាំង​ថា​មាន​ផែនការ​ធ្វើ​រដ្ឋប្រហារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ក្នុង​ប្រទេស​សាធារណរដ្ឋ​ស្លូវ៉ាគី បក្ស​ប្រឆាំង​កំពុងតែ​ប្រមូល​ប្រជាជន​ធ្វើ​បាតុកម្ម​គាបសង្កត់​លោក​នាយករដ្ឋមន្ត្រី Robert Fico ចុះ​ចេញពី​តំណែង ពីព្រោះ​លោក​មាន​ទំនោរ​ខ្លាំង​ជាមួយ​របប​ក្រុង​មូស្គូ ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក វ៉្លាឌីមៀ ពូទីន ដែល​បស្ចិម​ប្រទេស​ហៅថា​ជា​កំពូល​ជន​ផ្ដាច់ការ​នៅ​រុស្ស៊ី។

ឥឡូវ​ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​ស្លូវ៉ាគី ដែល​មាន​ព្រំដែន​ជាប់​ប្រទេស​អ៊ុយក្រែន កំពុងតែ​ផុយ​ស្រួយ​យ៉ាង​ខ្លាំង ព្រោះតែ​ប្រជាជន និង​បក្ស​នយោបាយ​នៃ​ក្រុម​ប្រឆាំង បាន​ដាក់​ចេញ​នូវ​ផែនការ​ទាញ​ទម្លាក់​លោក Robert Fico ស្រប​ពេល​សមាជិក​សភា​បក្ស​ប្រឆាំង​គាបសង្កត់​ឱ្យ​មាន​ការ​បោះឆ្នោត​ពី​សមាជិក​សភា ទម្លាក់​មេដឹកនាំ​ប្រទេស​ស្លូវ៉ាគី រូប​នេះ​ពី​តំណែង។

លោក​នាយករដ្ឋមន្ត្រី Robert Fico ដែល​បាន​ទៅ​ជួប​លោក ពូទីន នៅ​ទីក្រុង​មូស្គូ កាលពី​ខែ​ធ្នូ​ឆ្នាំ​ទៅ​មិញ បាន​ចោទ​បក​ក្រុម​ប្រឆាំង​វិញ​ថា​កំពុង​មាន​ផែនការ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក​ពី​អំណាច ដោយ​អនុវត្ត​តាម​ព្រឹត្តិការណ៍​នៃ​ការ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក Viktor Yanukovych អតីត​ប្រធានាធិបតី​អ៊ុយក្រែន កាលពី​ខែ​មីនា ឆ្នាំ​២០១៤។

លោក Viktor Yanukovych ជា​មេដឹកនាំ​អ៊ុយក្រែន ដែល​បាន​កាត់​ច្រៀក​ទឹកដី​នៃ​ជ្រោយ​ឧបទ្វីប​គ្រីមៀរ ទៅ​ឱ្យ​រុស្ស៊ី ជា​ថ្នូរ​នឹង​សន្តិភាព​ពី​លោក ពូទីន។ បច្ចុប្បន្ន លោក Viktor Yanukovych និង​គ្រួសារ​របស់​គាត់ កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។ ក្រោយពី​ទាញ​ទម្លាក់​ពី​អំណាច លោក Viktor Yanukovych ត្រូវ​បាន​តុលាការ​ប្រជាជន​អ៊ុយក្រែន កាត់ទោស​ពី​ទោស​ក្បត់​ជាតិ។

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC លោក Robert Fico កាលពី​ខែ​ឧសភា ឆ្នាំ​ទៅ​មិញ បាន​រង​ការ​ប៉ង​ធ្វើ​ឃាត។ លោក​បាន​និយាយ​ថា លោក​កំពុង​ប្រឈមមុខ​នឹង​រដ្ឋប្រហារ​តាម​ផ្លូវ ហើយ​នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ​នេះ ក្រុម​ប្រឆាំង​មាន​ផែនការ​បោះឆ្នោត​ទម្លាក់​លោក​នៅ​ក្នុង​រដ្ឋសភា ព្រោះ​ក្រុម​ប្រឆាំង​កំពុង​រក​សំឡេង​ពី​សមាជិក​សភា​ឱ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ទម្លាក់​លោក។

លោក Robert Fico បាន​ចោទ​លោក​ប្រធានាធិបតី​អ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី នៅ​ពីក្រោយ​ក្រុម​ប្រឆាំង​ក្នុង​ប្រទេស​របស់​លោក។

ទាំង​លោក Robert Fico ទាំង​នាយករដ្ឋមន្ត្រី​ហុងគ្រី Viktor Orban សុទ្ធតែ​ជា​មុខសញ្ញា​ដែល​លោក ហ្សេឡេនស្គី មិន​ត្រូវការ​នោះ​ទេ ពីព្រោះ​ពួកគេ​បាន​ទៅ​ជួប​លោក ពូទីន។

លោក Robert Fico បាន​ទៅ​ជួប​លោក ពូទីន ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ចរចា​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន។ លោក Robert Fico ព្រមាន​ថា លោក​នឹង​រំលាយ​សភា ដើម្បី​បោះឆ្នោត​មុន​អាណត្តិ ប្រសិនបើ​ក្រុម​ប្រឆាំង​នៅតែ​គាបសង្កត់​លោក​ឱ្យ​ចុះចេញ​ពី​តំណែង។

លោក​សង្ឃឹម​ថា សភា​នឹង​មិន​អាច​រក​សំឡេង​គ្រប់គ្រាន់​ទម្លាក់​លោក​បាន​ឡើយ។ បើ​តាម​លោក Robert Fico ប្រធាន​សភា​បាន​ទាត់ចោល​ញត្តិ​សុំ​ទម្លាក់​លោក​ពី​តំណែង ដោយ​មិន​សម្រេច​កោះ​ប្រជុំ​សភា​នោះ​ទេ។

ប៉ុន្តែ​ក្រុម​សមាជិក​សភា​មកពី​បក្ស​ប្រឆាំង​ថា​នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ​នេះ នឹង​បាន​ដឹង​ថា​តើ​រដ្ឋសភា​អាច​ដំណើរការ​ប្រជុំ​បាន​ដែរ ឬ​អត់​នោះ។

អនុប្រធាន​គណបក្ស​ចម្រើន Slovakia លោក Tomas Valasek និយាយ​ថា សមាជិក​សភា​កំពុង​ពិភាក្សា​គ្នា​គាបសង្កត់​ប្រធាន​រដ្ឋសភា​ឱ្យ​មាន​កិច្ចប្រជុំ​សភា​វិសាមញ្ញ​តាម​ញត្តិ​ដែល​បាន​ទាមទារ​ឱ្យ​មាន​ការ​បោះឆ្នោត​លើ​សេចក្ដី​ទុកចិត្ត​ចុងក្រោយ​ទៅ​លើ​លោក Robert Fico ថា​តើ​អាច​នៅ​បន្ត​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​បន្ត​ទៀត​ដែរ​ឬ​ទេ។

ញត្តិ​របស់​សមាជិក​សភា​បក្ស​ប្រឆាំង បាន​លើកឡើង​ពី​គុណវិបត្តិ​របស់​គណៈរដ្ឋមន្ត្រី និង​លោក​នាយករដ្ឋមន្ត្រី Robert Fico ដែល​គ្មាន​សុចរិតភាព​ដឹកនាំ​ប្រទេស ធ្វើ​ឱ្យ​បាត់​ទំនុកចិត្ត​ពី​ប្រជាជន ដែល​ប្រជាជន​កំពុង​មាន​វិបត្តិ​ដោយសារ​ខ្វះ​ថាមពល​ប្រើប្រាស់ ជាពិសេស​ឧស្ម័ន​សម្រាប់​ប្រើប្រាស់​ក្នុង​រដូវ​ត្រជាក់ បែរជា​លោក Robert Fico ចេញពី​ប្រទេស​ទៅ​លំហែ​កាយ​នៅ​ក្រៅ​ប្រទេស ដែល​ក្រុម​បក្ស​ប្រឆាំង​ចោទ​ថា​គេច​ពី​ការ​ទទួល​ខុសត្រូវ​ក្នុង​នាម​ជា​មេដឹកនាំ​ប្រទេស។

លោក Robert Fico បាន​ចេញ​ទៅ​ប្រទេស​វៀតណាម ជាច្រើន​ថ្ងៃ​កាលពី​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​មុន។ នៅ​ក្នុង​ប្រទេស​វៀតណាម លោក​បាន​សម្រាក​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​ផ្កាយ​ប្រាំ ដែល​ជា​សណ្ឋាគារ​ដ៏​ប្រណិត​បំផុត។ លោក Robert Fico បាន​ចំណាយ​ប្រាក់​ច្រើន​ពាន់​ដុល្លារ ខណៈ​ប្រជាជន​កំពុងតែ​លំបាក​ដោយសារ​អត់​ថាមពល​ប្រើប្រាស់ ព្រោះតែ​អ៊ុយក្រែន បញ្ឈប់​កុងត្រា​លែង​ឱ្យ​រុស្ស៊ី បង្ហូរ​ឧស្ម័ន​ឆ្លងកាត់​ប្រទេស​អ៊ុយក្រែន។

អ៊ុយក្រែន ដែល​បញ្ឈប់​កុងត្រា​នេះ ព្រោះតែ​ប្រឆាំង​នឹង​លោក Robert Fico ទៅ​ជួប​លោក ពូទីន។ លោក ហ្សេឡេនស្គី ប្រធានាធិបតី​អ៊ុយក្រែន ថ្លែង​ថា អ៊ុយក្រែន​មិន​បាន​ឱ្យ​លោក Robert Fico ជា​អ្នក​នាំ​សារ ឬ​ជា​អ្នក​សម្របសម្រួល​ឱ្យ​មាន​ការ​ចរចា​រវាង​រុស្ស៊ី និង​អ៊ុយក្រែន នោះ​ទេ។ លោក ហ្សេឡេនស្គី បាន​ហៅ​លោក Robert Fico ជា​អាយ៉ង​របស់​លោក ពូទីន។

យ៉ាងណា លោក Robert Fico បាន​ហៅ​លោក ហ្សេឡេនស្គី ដែល​បាន​បញ្ឈប់​កុងត្រា​បង្ហូរ​ឧស្ម័ន​របស់​រុស្ស៊ី ឆ្លងកាត់​ប្រទេស​អ៊ុយក្រែន ហើយ​បង្ក​ការ​លំបាក​ដល់​ប្រជាជន​ស្លូវ៉ាគី ថា​ជា​ទង្វើ​វិច្ឆេទកម្ម។

ជា​ការ​សងសឹក​នឹង​លោក ហ្សេឡេនស្គី លោក Robert Fico ព្រមាន​រាំង​ខ្ទប់​ជំនួយ​យោធា​របស់​សហភាព​អឺរ៉ុប ដែល​ត្រៀម​បម្រុង​ទៅ​ឱ្យ​អ៊ុយក្រែន ហើយ​គំរាម​បណ្ដេញ​ជនភៀសខ្លួន​អ៊ុយក្រែន ចេញពី​ប្រទេស​ស្លូវ៉ាគី ទៀត​ផង។

តែ​បែប​នេះ​ក្ដី បក្ស​ប្រឆាំង​នៅ​ស្លូវ៉ាគី បាន​កំពុង​ចោទ​លោក Robert Fico ពី​ការ​ខ្វះ​ការ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​វិបត្តិ​របស់​ប្រទេស ហើយ​ប្រើប្រាស់​តួនាទី​ជា​នាយករដ្ឋមន្ត្រី​ទៅ​រណប​មេដឹកនាំ​រុស្ស៊ី ដែល​បង្ក​សង្គ្រាម បង្ក​អសន្តិសុខ​នៅ​ក្នុង​តំបន់​អឺរ៉ុប​ខាងកើត​ទៅវិញ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស