The Cambodia Daily Khmer

សេចក្តី​រាយការណ៍​ពិពណ៌នា៖ ក្លឹប​ឧក្រិដ្ឋជន​លើ​ទឹកដី​អច្ឆរិយ (The Criminal Club in a Wonderland)

(១) អ្នកឧកញ៉ា លី យ៉ុងផាត់, (២) ពាណិជ្ជករ​ជនជាតិ​ចិន ឆេន ហ្ស៊ី (Chen Zhi), (៣) មេបញ្ជាការ​កង​អង្គរក្ស ហ៊ីង ប៊ុនហៀង, (៤) លោក ហ៊ុន សែន, (៥) លោក ហ៊ុន ម៉ាណែត, (៦) នាយ​ឧត្ដមសេនីយ៍ វង្ស ពិសេន, (៧) អ្នកឧកញ៉ា ទ្រី ភាព, (៨) ឧកញ៉ា ហ៊ុន តូ, (៩) អ្នកឧកញ៉ា គិត ម៉េង

ដោយ ហាស់ សាន

ព្រះ សិទ្ធត្ថ (Sidhatha) ព្រះ​សព្វញ្ញុពុទ្ធ ព្រះសម្មាសម្ពុទ្ធ បរមគ្រូ (៥៤៣​ឆ្នាំ​មុន​គ.ស.) អប់រំ​មនុស្ស​ជា​ប្រមុខ​ដឹកនាំ​គេ ទាំង​ស្តេច ទាំង​រាស្ត្រ ឲ្យ​មាន​ទសធម៌ ឬ​ទសរាជធម៌ ឬ​ទសពិធរាជធម៌ គឺ​ធម៌​ដប់​ប្រការ។

ធម៌​ដប់​ប្រការ​នោះ​មាន​តែ​មហារាជ អសោក (Asoka)គ្រប់គ្រង​ដែន​នគរ មគធរដ្ឋ ប៉ុណ្ណោះ ដែល​ប្រតិបត្តិ​តាម​យ៉ាង​ខ្ជាប់ខ្ជួន​នា​សតវត្ស​ទី​៣ មុន​គ្រិស្តសករាជ។

ទស្សនវិទូ​ចិន​បុរាណ ខុង ជឺ ឬ ខុង ជីវ (Confucius) (ប្រមាណ ៥២៥​ឆ្នាំ​មុន​គ.ស.) អប់រំ​មនុស្ស​ជា​ប្រមុខ​ដឹកនាំ​ប្រទេស​ឲ្យ​ប្រកាន់​សីលធម៌ សមាធិ ការ​សញ្ជឹង ភាវនា។ ទ្រឹស្ដី​អប់រំ​នោះ​មាន​តែ​អធិរាជ វូ ឌី ឬ វូ ហាន (Wu Di or Wuhan) ប៉ុណ្ណោះ ដែល​កាន់​ខ្ជាប់ខ្ជួន និង​ដាក់​បញ្ចូល​ជា​មនោគមន៍វិជ្ជា​អប់រំ​ក្នុង​ស្ថាប័ន​គ្រប់គ្រង​រដ្ឋ​ក្នុង​សតវត្ស​ទី​២ មុន​គ្រិស្តសករាជ។

ទស្សនវិទូ ប៉ា្លតុង (Plato) សម័យ​បុរាណ​ក្រិក (ប្រមាណ​ជាង ៤០០​ឆ្នាំ​មុន​គ.ស.) ជា​សិស្ស​ជំនិត​ទស្សនវិទូ សូក្រាត (Socrates)និង​ជា​គ្រូ​របស់​ទស្សនវិទូ អារីស្តូត (Aristotle)អប់រំ​អំពី​ការ​គ្រប់គ្រង​រដ្ឋ​ឲ្យ​មាន​យុត្តិធម៌​ស្មើ​គ្នា គឺ​មិន​ឲ្យ​ក្រុម បក្ខពួក​ណា​មួយ​ទទួល​បាន​យុត្តិធម៌​លើស​ក្រុម បក្ខពួក​ណា​មួយ​នោះ​ឡើយ។

ប៉ុន្តែ​តាម​ទ្រឹស្ដី​អប់រំ​ពី​ទស្សនវិទូ​ក្រិក​ល្បីៗ​ទាំង​បី​រូប​ដែល​អប់រំ​មនុស្ស​ជា​ប្រមុខ​ដឹកនាំ​គេ ល្អៗ​សឹងតែ​ទាំងអស់។ សូក្រាត អប់រំ​ឲ្យ​មាន​សមាចារ (ethics) ទាំង​កាយ ទាំង​វាចា ទាំង​ចិត្ត ឲ្យ​យុត្តិធម៌ ប៉ុន្តែ​លោក​ទាមទារ​ឲ្យ​មាន​ចំណេះដឹង​ក្នុង​នយោបាយ​ដឹកនាំ ដែល​ដូចជា​ជំទាស់​នឹង​របៀប​គ្រប់គ្រង​សាធារណរដ្ឋ អាថែន ព្រោះតែ​សម្បូរ​ដោយ​មនុស្ស​មិន​សូវ​មាន​ចំណេះ​ពិតប្រាកដ ប៉ុន្តែ​មាន​បក្ខពួក​ចេះ​អែបអប។

មាន​ទស្សនវិទូ និង​អ្នក​នយោបាយ​វ័យក្មេង​ម្នាក់​ឈ្មោះ គ្រីធីយ៉ាស់ (Critias)ក្នុង​សតវត្ស​ទី​៥ មុន​គ្រិស្តសករាជ ដែល​ស្និទ្ធស្នាល​នឹង សូក្រាត ដឹកនាំ​មនុស្ស ៣០​នាក់​ឡើង​កាន់​អំណាច ហើយ​រើស​យក​មាគ៌ា​ផ្ដាច់ការ​គាបសង្កត់​ប្រជាពលរដ្ឋ។

ក្រៅពី​ទស​រាជធម៌ ឬ​ទសពិធរាជធម៌ តាម​ការ​សម្ដែង​ធម្មទេសនា​ដោយ​ភិក្ខុ ខេ សិរី ធម្មាអនន្ត មហា​ថេរៈ អំពី​ព្រះពុទ្ធសាសនា និង​នយោបាយ ដោយ​ស្រង់​ព្រះពុទ្ធដីកា​អប់រំ​បន្ថែម​ទៀត​ថា៖

នៅ​រាជាណាចក្រ​កម្ពុជា រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន ជំពូក​ទី​៣ មាត្រា​៤៣ ចែង​ថា៖ “ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ” ដែល​ប្រតិបត្តិ​តាម​ពុទ្ធសាសនា​ថេរវាទ បែប​ហីនយាន ឬ​ទក្ខិណនិកាយ ដែល​តំណាង​ដោយ​បព្វជិត​ទាំង​ពីរ​គណៈ គឺ​គណៈមហានិកាយ និង​គណៈ​ធម្មយុត្តិកនិកាយ ប៉ុន្តែ​រាជាណាចក្រ​ខ្មែរ​បាន​ក្លាយ​ទៅ​ជា​ប្រទេស​មួយ​ដែល​សារព័ត៌មាន​ក្នុង​សកលលោក​ចុះផ្សាយ​រហូត​មក​សម្បូរ​ទៅ​ដោយ​ជន​អន្យតិរ្ថិយ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម និង​ចោរកម្ម​គ្រប់​រូបភាព តាំងពី​ចោរ​លួច​កំប៉ិកកំប៉ុក រហូត​ដល់​ចោរ​ប្លន់ មាន​ទាំង​ចោរ​កន្តរៈ ចោរ​កណ្តកៈ មាន​ទាំង​ឃាតករ ឧក្រិដ្ឋជន​រត់​ពន្ធ​គ្រឿងញៀន រត់​ពន្ធ​មនុស្ស រំលោភ​សិទ្ធិមនុស្ស ជន​ប្រើ​អំណាច​គាបសង្កត់​មនុស្ស​យក​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ឥត​អៀនខ្មាស ជន​រកស៊ី​បោកប្រាស់​ឥត​ក្រែង​ខូច​កេរ្តិ៍ឈ្មោះ ជន​បំផ្លាញ​ធនធាន​ធម្មជាតិ​លើ​ទឹកដី​ខ្មែរ​ឥត​ប្រណី​ដៃ។

មនុស្សម្នា​ខ្លះ​ចេះតែ​ងឿងឆ្ងល់​ថា ហេតុ​អ្វី​ស្រុក​ទេស​កាន់​ព្រះពុទ្ធសាសនា បែរជា​សម្បូរ​ដោយ​អំពើ​សុទ្ធតែ​បាបកម្ម ដូចជា ឃាតកម្ម ចោរកម្ម​បែប​នេះ​ម្ល៉េះ? ព្រះសង្ឃ​ក៏​គេ​ហ៊ាន​សម្លាប់​ដែរ ហើយ​គ្មាន​នរណា​ស្វែងរក​ខុសត្រូវ​ឲ្យ​ជនរងគ្រោះ​ឡើយ។ ពលរដ្ឋ​ខ្មែរ​ស្លាប់​ក្នុង​សម័យ​រាជាណាចក្រ​ទី​២ នេះ ច្រើន​ណាស់​រក​ខ្មោច​មិន​ឃើញ ដែល​ជា​អំពើ ជា​ទង្វើ​ផ្ទុយ​ស្រឡះ​ពី​ការ​អប់រំ​ក្នុង​ព្រះពុទ្ធសាសនា។

ត្រង់​នេះ ព្រះពុទ្ធ​បរមគ្រូ​បង្រៀន​ថា៖ បើ​មេ​ធំ​កំពូល​ធ្វើ​គំរូ​ល្អ អ្នក​នៅ​ក្រោម​ឱវាទ​តាម​លំដាប់​ថ្នាក់​នាហ្មឺន មន្ត្រី នឹង​ធ្វើ​ល្អ​តាម​គ្នា​ពី​លើ​ដល់​ក្រោម ដល់​ប្រជារាស្ត្រ​សាមញ្ញ។ ព្រះអង្គ​បង្រៀន​អំពី​អហិង្សា ប៉ុន្តែ​ក៏​អប់រំ​អំពី​សកម្មភាព​សង្គម​ដែរ (social activism) ព្រោះ​ថា​ព្រះអង្គ​មាន​ពូជពង្ស​ពី​វណ្ណៈ​អ្នក​ចម្បាំង ជា​សកម្មជន​សង្គម ជា​បដិវត្ត​បុគ្គល ដែល​លះបង់​អ្វីៗ​ទាំងអស់ ជា​ទុក្ខៈ គ្មាន​លោភៈ គ្មាន​មហិច្ឆតា​ចំពោះ​អ្វីៗ​ជា​សម្ភារៈ​អនិច្ចៈ។ ព្រះអង្គ​ទូន្មាន​ថា មនុស្ស​ម្នាក់ៗ​ជា​អ្នក​កំណត់​វាសនា​ខ្លួនឯង ថា​តើ​ខ្លួន​ចង់បាន​អ្វី។

អ្នកប្រាជ្ញ​ក្រិក ប៉្លាតុង ក្រោយ​មក​ពោល​ថា៖ តម្លៃ​ដែល​មនុស្ស​ល្អៗ​ខាតបង់​អសារ​ឥត​ការ​ពី​ការ​មិន​អើពើ​ចំពោះ​កិច្ចការ​សាធារណៈ (រឿង​ប្រទេស​ជាតិ) គឺ​នឹង​ត្រូវ​រស់​ក្រោម​ការ​គ្រប់គ្រង​ដឹកនាំ​ដោយ​មនុស្ស​ចរិត​បិសាច។

ដើម​គ.ស.២០២៥ ឃាតករ​ផ្តើម​ឆ្នាំ​ថ្មី​ចំ​ថ្ងៃ​ប្រារព្ធ​ទិវា​ជ័យជម្នះ ៧​មករា ដោយ​បាញ់​ប្រហារ​លោក លិម គិមយ៉ា អតីត​សមាជិក​សភា​ខាង​បក្ស​សង្គ្រោះ​ជាតិ នៅ​កណ្តាល​ក្រុង​បាងកក រាជាណាចក្រ​ ថៃឡង់ដ៍ នៅ​ចំពោះ​មុខ​ភរិយា និង​សាច់ញាតិ​របស់​លោក។ អំពើ​មនុស្ស​ឃាត​ឆ្លងដែន​នោះ បាន​បង្ក​ក្តី​មន្ទិល​សង្ស័យ​ក្នុង​មជ្ឈដ្ឋាន​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង ទាំង​ក្រៅ​ប្រទេស ថា​មាន​ជាប់​ជំពាក់​ជាមួយ​នឹង​អ្នក​មាន​អំណាច​នៅ​ប្រទេស​កម្ពុជា គឺ​ក្នុង​ត្រកូល​លោក ហ៊ុន សែន។

មូលហេតុ​ដែល​ពលរដ្ឋ​ខ្មែរ​សង្ស័យ​លើ​ក្រុម​គ្រួសារ​លោក ហ៊ុន សែន គឺ​មកពី​លោក​ឧស្សាហ៍​ថ្លែង​សារ​ចុះ​ឡើង​ជា​សាធារណៈ​ក្តី ជា​សម្ងាត់​ក្តី​ប៉ុន្តែ​បែកធ្លាយ គំរាម​ខ្មែរ​រិះគន់​ការ​ដឹកនាំ​របស់​លោក ហើយ​និង​ការ​តាម​ធ្វើ​ទុក្ខបុកម្នេញ​ក្រុម​សកម្មជន សម្លាប់ ចាប់​ដាក់​គុក។ល។ លោក​តាម​ព្យាបាទ​យក​ជីវិត​ពលរដ្ឋ​ខ្មែរ​ដែល​ហ៊ាន​រិះគន់​លោក ហាក់បីដូចជា​ប្រៀប​ខ្លួន​លោក​ជា​ទេវរាជា (diva raja) មិន​អាច​ប៉ះ​បាន​ដាច់ខាត​ដូច្នោះ។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ លោក​បាន​បណ្តោយ​ឲ្យ​កេរ្តិ៍​វង្ស​ត្រកូល​របស់​លោក​ខូច​ស្អុយ​អសោច​ក្នុង​ប្រវត្តិសាស្ត្រ​ដោយ​ឥត​គិត​ថា លោក​ក៏​ជា​មនុស្ស​ដែល​ស្ថិត​ក្នុង​វាល​វដ្ដ​សង្សារ ប្រឈម​នឹង​ធម៌​ព្រះពុទ្ធ​ថា រូបំ ទុក្ខំ អនិច្ចំ អនត្តា ដូច​គេ​ដូច​ឯង​ឯ​ទៀត​នោះ​ឡើយ ហើយ​និង​បណ្តោយ​ឲ្យ​រាជាណាចក្រ​ខ្មែរ​ទៅ​ជា​ជង្រុក​នៃ​បណ្ដាញ​ឧក្រិដ្ឋកម្ម ដែល​មាន​មន្ត្រី​រាជរដ្ឋាភិបាល​សហការ​នឹង​ក្រុម​ឧក្រិដ្ឋជន។ លោក​បណ្តោយ​ខ្លួន​ឡោមព័ទ្ធ​ដោយ​ក្រុម​ឃាតករ ដូចជា ឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហ៊ាង ហ៊ុយ ពិសិដ្ឋ និង​មនុស្ស​មួយ​ចំនួន​ទៀត។

ឃាតកម្ម​ឆ្លងដែន​លើ​លោក លិម គិមយ៉ា មាន​មនុស្ស​ជាប់​ទាក់ទិន​ច្រើន​គ្នា សុទ្ធតែ​ជា​មនុស្ស​ជិតស្និទ្ធ​ជាប់​សែស្រឡាយ​នឹង​ត្រកូល​ហ៊ុន ជា​ឈាមជ័រ ជា​អ្នក​ធ្វើ​ការងារ មាន​បុណ្យ​ស័ក្តិ​ក្រោម​ឱវាទ​លោក ហ៊ុន សែន ថ្វីត្បិតតែ​ប្រើ​ជនជាតិ​ថៃ ជា​បរទេស​ឲ្យ​ទៅ​បាញ់​សម្លាប់​ក៏ដោយ។ សកម្មភាព​លោក ហ៊ុន សែន ចុងក្រោយ​នេះ​ក៏​កាន់តែ​ធ្វើ​ឲ្យ​គេ​មន្ទិល​លើ​ក្រុម​គ្រួសារ​លោក​ថែម​ទៀត ដូចជា លិខិត​តែងតាំង​ឈ្មោះ លី រតនៈរស្មី ជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក​នៅ​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០២៤ ហើយ​ដក​តំណែង​វិញ​នៅ​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០២៤ ដដែល។

សាធារណជន​ខ្មែរ​ដឹង​តាមរយៈ​សារព័ត៌មាន​ថា លី រតនៈរស្មី អ្នក​ចេញ​លុយ​ជួល​ឃាតករ គឺ​ជា​មនុស្ស​ជិតស្និទ្ធ​នឹង​លោក ឃ្លាំង ហួត អភិបាលរង​រាជធានី​ភ្នំពេញ​ក្រោម​លោក ឃួង ស្រេង លោក ជា សុផារ៉ា រីឯ​អ្នក​ចាំ​ចង្អុល​ប្រាប់​ឈ្មោះ ពេជ្រ គឹមស្រ៊ិន ប្អូន​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា ធ្លាប់​ធ្វើ​ការងារ​ក្រោម​ឱវាទ​អភិបាលរង​ខណ្ឌ​មានជ័យ ឈ្មោះ គៀង ចក់ ដែល​មាន​រឿង​ជាប់​ទាក់ទង​នឹង​សមាជិក​បក្ស​ប្រឆាំង ផន ផាន់ណា

អ្នក​ជាប់​ឈ្មោះ​ជា​ជនសង្ស័យ​មាន លី រតនៈរស្មី ធ្វើការ​ក្រោម​ឱវាទ​លោក យឹម លាង មាន​មុខងារ​ជា​មេ​រង​កង​អង្គរក្ស​ក្រសួង​មហាផ្ទៃ ផង មេ​រង​កងយោធពល​ខេមរភូមិន្ទ​ផង។ យឹម លាង ជា​កូនប្រុស​លោក យឹម ឆៃលី បងប្អូន​បង្កើត​អ្នកស្រី យឹម ឆៃលីន ភរិយា​លោក ហ៊ុន ម៉ានីយឹម លក្ខណ៍ កើត​ឆ្នាំ​១៩៨៦ អតីត​គណនេយ្យករ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បងប្អូន យឹម លាង ជា​ប្រធាន​ក្រុម​អភិបាល និង​ជា​នាយក​ធនាគារ ប៊ីអាយស៊ី (BIC Bank)អតីត​ក្រុមហ៊ុន​បង្កើត​នៅ​ប្រទេស​លាវ ដោយ​ក្រុមហ៊ុន​សេវា​ហិរញ្ញវត្ថុ និង​វិនិយោគទុន​អាស៊ី ចូល​ហ៊ុន​ជាមួយ​ពាណិជ្ជករ​ថៃ Prime Street Advisory ជាមួយ​ក្រុមហ៊ុន​ឋានសួគ៌​វិនិយោគ។

យឹម លក្ខណ៍ ជា​ម្ចាស់​ក្រុមហ៊ុន គូលែន អចលនទ្រព្យ មាន​ភរិយា​ជនជាតិ​ថៃ ឈ្មោះ វិសនី មាន​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​តម្លៃ​ប្រមាណ ២០០​លាន​ដុល្លារ ជិះ​យន្តហោះ​ផ្ទាល់ខ្លួន​ម៉ាក Gulfstream G550 ទិញ​តម្លៃ ២០​លាន​ដុល្លារ​នា​ពាក់កណ្តាល​ឆ្នាំ​២០២៣។

យោង​តាម​ព្រឹត្តិបត្រ Superyacht Fan យឹម លក្ខណ៍ មាន​កាណូត​ប្រណីត​ពីរ ម៉ាក Atlas តម្លៃ​ប្រមាណ​ជិត ២៥​លាន​ដុល្លារ និង​ម៉ាក Wanderlust តម្លៃ​ប្រមាណ​ជិត ១០០​លាន​ដុល្លារ។ មាន​រថយន្ត​ប្រណីតៗ​ថ្លៃៗ ដូចជា ម៉ាក Koenigsegg ផលិត​នៅ​ប្រទេស​ស៊ុយអែត តម្លៃ ៣​លាន​ដុល្លារ ម៉ាក Bugatti Chiron Sport ផលិត​នៅ​ប្រទេស​បារាំង តម្លៃ​ពី ៣​លាន ២​សែន ទៅ ៣​លាន ៥​សែន​ដុល្លារ ម៉ាក Ferrari LaFerrari ផលិត​នៅ​ប្រទេស​អ៊ីតាលី តម្លៃ​ពី​ជាង ១​លាន ៤​សែន ទៅ ៤​លាន ៥​សែន​ដុល្លារ។

តាម​ការ​ចុះផ្សាយ​ក្នុង​សារព័ត៌មាន​មួយ​អំពី​ធនាគារ B.I.C សែស្រឡាយ​ដាក់​ហ៊ុន​មាន​លោក យឹម ឆៃលី លោក ហ៊ុន សែន និង​ភរិយា ប៊ុន រ៉ានី កូនបង្កើត កូនប្រសា និង​សាច់សាលោហិត ឧត្ដមសេនីយ៍ វង្ស ពិសេន មាន​ឈ្មោះ ប៉ោ វណ្ណៈ និង ប៉ោ វណ្ណាត វង្ស សេនពិសីជា សុផាម៉ាដែន កូនស្រី​លោក ជា សុផារ៉ា ជា​ភរិយា​លោក យឹម លាង។ សមាសភាព​មនុស្ស​ទាំងអស់​នេះ​គ្រប់គ្រង​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​នាគរាជ ដី​បឹង​តាមោក ធនាគារ B.I.C និង​ក្រុមហ៊ុន ឃុន សៀ អាហរ័ណ-នីហរ័ណ។

អ្នក​គ្រប់គ្រង​ធនាគារ B.I.C ក្រៅពី​យុវសេដ្ឋី យឹម លក្ខណ៍ មាន​ជនបរទេស​ឈ្មោះ សាធិត លឹមពង្សផាន (Sathit Limpongpan) ជា​ប្រធាន​ក្រុម​អភិបាល Adel Leilanie Legarta, John Edward MC Cosh, Rutsaran Moonsan, Zulkiflee Kuan Shun Bin Abdullah ជា​នាយក និង​នាយិកា។

ករណី​ឃាតកម្ម​ផ្ដាច់​ជីវិត​លោក លិម គិមយ៉ា ភរិយា​របស់​លោក គឺ​អ្នកស្រី លឹម អានី ប្រាប់​មិត្តភក្ដិ​ជិតស្និទ្ធ​ថា អ្នកស្រី​មិន​បាន​ដឹង​ទាល់តែសោះ​ថា​ស្វាមី​អ្នកស្រី​មាន​ទំនាស់​រឿង​ផ្ទាល់ខ្លួន​ជាមួយ​នរណា​ម្នាក់។ អ្នកស្រី​ក៏​ចង់​ដឹង​ដូច​អ្នក​ដទៃ​ដែរ​ថា តើ​លោក លិម គិមយ៉ា មាន​ទំនាស់​ផ្ទាល់ខ្លួន​ជាមួយ​នរណា ហើយ​អំពី​រឿង​អ្វី?

កាលពី​ថ្ងៃទី​៨ ខែ​មករា មជ្ឈដ្ឋាន​ខ្មែរ​នៅ​ទ្វីប​អឺរ៉ុប ក្នុង​ក្រុមប្រឹក្សា ២៣​តុលា​១៩៩១ សួរ​ដោយ​ឆ្ងល់​ថា៖ តើ​អាច​ទាក់ទង​នឹង​ព័ត៌មាន​ពិសេស​អ្វី​មួយ​ទេ​ដែល​លោក លិម គិមយ៉ា ដឹង ហើយ​មិន​ត្រូវ​ឲ្យ​បែកការ​ជា​ដាច់ខាត? តើ​ព័ត៌មាន​នោះ​អាច​ខូចខាត​ផល​ប្រយោជន៍​ធំ​ប៉ុនណា​ដល់​ពួក​ផ្ដាច់ការ​ក្រុង​ភ្នំពេញ ឬ​ប៉ះពាល់​ដល់​ចៅហ្វាយ​បរទេស​របស់​ពួកគេ?

មួយ​សប្តាហ៍​ក្រោយ​មក​នៅ​ថ្ងៃ​អង្គារ ទី​១៤ ខែ​មករា ក្រុមហ៊ុន​ងងឹត​ឈ្មោះ Elliptic ធ្វើ​ជំនួញ​រក​ចំណេញ​ផ្ទេរ​ប្រាក់​គ្មាន​រូបិយប័ណ្ណ​តាម online ជា​បណ្ដាញ​ពាណិជ្ជកម្ម​ក្រៅ​ប្រព័ន្ធ​ហិរញ្ញវត្ថុ ហៅថា cryptocurrency ជា bitcoin ដែល​អ្នក​ទិញ​សង្ឃឹម​ថា​នឹង​បាន​ចំណេញ​ឆាប់​រហ័ស ហើយ​អាច​ចំណេញ​ច្រើន​ទៀត​ផង ប៉ុន្តែ​ទ្រព្យសម្បត្តិ​ក្នុង​ជំនួញ​បែប​នេះ​អាច​រលាយ​ក៏​ឆាប់​រហ័ស​ដែរ។ ការ​ដោះដូរ​ផ្ទេរ​ធនធាន​តាម​កុំព្យូទ័រ មិន​ទាក់ទង​នឹង​ស្ថាប័ន​ធនាគារ​ឡើយ។

ព្រឹត្តិបត្រ The Diplomat ផ្សាយ​អត្ថបទ​ស្រាវជ្រាវ​ដោយ​អ្នកកាសែត​ស៊ើបអង្កេត នៅ​ថ្ងៃទី​១៥ ខែ​មករា ថា ក្រុមហ៊ុន​ងងឹត Elliptic មាន​ឧកញ៉ា ហ៊ុន តូ ជីដូនមួយ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជា​នាយក​មួយ​រូប​ក្នុង​ចំណោម​មន្ត្រី​ជាន់ខ្ពស់ និង​ឧកញ៉ា​ពាណិជ្ជករ​ល្បីៗ​មួយ​ចំនួន ដូចជា ឧបនាយករដ្ឋមន្ត្រី ស សុខា ឧកញ៉ា​សមាជិក​ព្រឹទ្ធសភា លី យ៉ុងផាត់ ឧកញ៉ា កុក អាន ឧកញ៉ា ទ្រី ភាព ពាណិជ្ជករ​ចិន ឆេន ហ្ស៊ី (Chen Zhi) និង​មេបញ្ជាការ​កង​អង្គរក្ស ហ៊ីង ប៊ុនហៀង ជាដើម។ ក្រុមហ៊ុន​ងងឹត Elliptic ជា​មែកធាង​ពី​ក្រុមហ៊ុន ហ៊ុយវ័ន ហ្គារ៉ាន់ធី (Huione Guarantee) ដែល​ព្យាយាម​ដកឃ្លា​ដកខ្លួន​ឲ្យ​ឆ្ងាយ​ពី​ក្រុមហ៊ុន ហ៊ុយវ័ន ហ្គ្រុប (Huione Group)

ទីប្រឹក្សា​លោក ហ៊ុន សែន ជនជាតិ​ចិន​ឈ្មោះ ឆេន ហ្ស៊ី អាយុ ៣៧​ឆ្នាំ គ្រប់គ្រង​ក្រុមហ៊ុន​អចលនទ្រព្យ ព្រះអង្គម្ចាស់ ហ័នយូ (Huan Yu Prince Group)ដែល​មាន​អគារ​ធំ​ខ្ពស់ៗ​ព័ទ្ធ​ដោយ​ជញ្ជាំង​ស៊ីម៉ងត៍​បន្តុប​លួស​បន្លា​នៅ​ជ្រៃធំ ខេត្ត​កណ្តាល។

ក្រុមហ៊ុន Elliptic រក​ចំណូល​ពី​ប្រតិបត្តិការ​ឧក្រិដ្ឋ​បាន​កើន ៤៤% ធ្វើ​អាជីវកម្ម​បែប​បោកប្រាស់ លាង​ប្រាក់​កខ្វក់​ក្នុង​ទីផ្សារ​ឧក្រិដ្ឋកម្ម ដែល​មាន​ធនធាន​ជា​ទឹកប្រាក់​សរុប ២៤​ពាន់​លាន​ដុល្លារ​តែ​ក្នុង​រយៈពេល ៣​ឆ្នាំ​កន្លះ។

ព្រឹត្តិបត្រ The Diplomat សរសេរ​ទៀត​ថា៖ ការ​ប្រើ​ស្ថាប័ន​រដ្ឋ​ការពារ​ឧក្រិដ្ឋកម្ម​មាន​ខ្សែរយៈ​ចាត់តាំង មិនមែន​ជា​រឿង​ចៃដន្យ​ទេ​ចំពោះ​បក្ស​ប្រជាជន​កម្ពុជា ដែល​គ្រប់គ្រង​ប្រទេស​តាំងពី​ឆ្នាំ​១៩៧៩ មក។ គេ​ហៅ​ជា​ឥស្សរជន​ធ្វើ​ជំនួញ​ឧក្រិដ្ឋ មាន​ទាំង​រត់​ពន្ធ​អាវុធ បារី ថ្នាំជក់ ទាំង​ទន្ទ្រាន​ច្បាម​យក​ដីធ្លី និង​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់។ ឥឡូវ​នេះ គេ​ដូរ​រូបភាព​នៃ​ការ​ធ្វើ​ជំនួញ​ឧក្រិដ្ឋ ដែល​សាស្ត្រាចារ្យ​សកលវិទ្យាល័យ Cornell នៅ​សហរដ្ឋ​អាមេរិក Neil Loughlinហៅថា​ជា​នយោបាយ​គំរាម​បំភ័យ (politic of coercion) នៅ​ក្រៅ​ប្រទេស​ទៅវិញ ដោយសារតែ​ធនធាន​ធម្មជាតិ​កាន់តែ​ស្បើយ ប្រជាពលរដ្ឋ​កាន់តែ​ខ្សត់​ទុន​មូលធន​នោះ។ គេ​ថា​ដើម្បី​រក្សា​អំណាច​ពី​ឪ​ទៅ​កូន​ឲ្យ​ណែន​ក្នុង​កណ្ដាប់ដៃ​ត​ជំនាន់ ទោះបីជា​ធ្លាក់​ប្រជាប្រិយភាព​ក៏ដោយ។ គេ​បង្ហាញ​ស្នាដៃ​ដោយ​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ទៅ​សម្លាប់​លោក លិម គិមយ៉ា នៅ​ក្នុង​ប្រទេស​ថៃឡង់ដ៍ ដែល​វា​នឹង​ក្លាយ​ជា​ព្រឹត្តិការណ៍​អន្តរជាតិ​ឲ្យ​គេ​ចាប់អារម្មណ៍។

អ្នកជំនាញ​ខាង​កិច្ចការ​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​សិទ្ធិមនុស្ស​នៅ​អាស៊ី​អាគ្នេយ៍ Jacob Sims ពោល​ថា៖ របប​ក្រុង​ភ្នំពេញ​អាច​ប្រព្រឹត្ត​ទង្វើ​ឧក្រិដ្ឋ​ឆ្លង​ប្រទេស​បាន​ដូច្នេះ ក៏​ព្រោះតែ​រដ្ឋាភិបាល​ប្រទេស​ខ្លះ​អត់​សូវ​ហើប​មាត់ ឬ​ធ្វើ​មាត់​ម្ហបៗ និយាយ​បែប​ត្រដិតៗ មិន​ដឹង​ជា​ចង់​និយាយ​ថា​ម៉េច​នោះ​ដែរ រីឯ​ក្រុមហ៊ុន​ធំៗ​ខ្លះ ដូចជា Starbuck, សណ្ឋាគារ Radisson, NASDAQ និង​សភា​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក-កម្ពុជា ក្លាយ​ជា​អ្នក​គប់គិត​ក្នុង​ពេល​រកស៊ី​បាន​ជាមួយ​ពួក​ឧក្រិដ្ឋជន។ គោលជំហរ​បែប​នេះ ធ្វើ​ឲ្យ​រដ្ឋាភិបាល​នៃ​របប​បន​ឧក្រិដ្ឋកម្ម​នៅ​ក្រុង​ភ្នំពេញ មាន​ជំនឿ​កក់ក្តៅ​ក្នុង​ចិត្ត​ថា ភាព​ប៉ិនប្រសប់​របស់​គេ​នោះ គេ​អាច​ធ្វើ​អ្វី​ក៏​បាន​ដែរ គ្មាន​អ្នក​ណា​ហ៊ាន​ថា​អ្វី​ឡើយ។ ចំពោះ​ពលរដ្ឋ​ខ្មែរ​វិញ ពុំ​គួរ​ឡើយ​ពុទ្ធសាសនិក​ខ្មែរ​ពូជ​អ្នក​ខ្លាំង​ពូកែ ពូជ​អ្នក​ជា សុភាពរាបសារ កាន់សីល​ប្រាំ សីល​ប្រាំបី សីល​ដប់ និង​ប្រតិបត្តិ​ឧបោសថសីល សុខចិត្ត​សុខកាយ​ទ្រាំ​រស់​ក្នុង​របៀប​របប​គ្រប់គ្រង អកុសលកម្មបថ​ដូច​សព្វថ្ងៃ​នេះ​ឡើយ។ លោក​សង្ឃ​ក៏​លែង​ហ៊ាន​ទេសនា​អប់រំ​កែលំអ​គ្រហស្ថ​ដូច​សម័យ​មុន ព្រោះ​ខ្លាច​ជួប​វាសនា​ដូច​ភិក្ខុ ព្រះ​ធម្មវិប្បសនា កេតុធម្មោ សំ ប៊ុនធឿន។

បើ​ពុទ្ធសាសនិក​ខ្មែរ​នៅតែ​ប្រកាន់​ជំហរ​ដូច្នេះ​រហូត មនុស្ស​បិសាច​នឹង​នៅតែ​ប្រព្រឹត្ត​បាបកម្ម​លើ​ខ្លួន​រហូត-ថ្ងៃ​នេះ​លើ​គេ​ដទៃ ថ្ងៃ​ក្រោយ​លើ​ខ្លួនឯង-រីឯ​ញាតិសន្តាន-មិត្តភក្ដិ​ជិត​ឆ្ងាយ​ចេះ​នៅតែ​រង់ចាំ​ធ្វើ​បុណ្យ​បង្សុកូល​បុណ្យ​ទក្ខិណានុប្បទាន ៧​ថ្ងៃ ១០០​ថ្ងៃ ១​ឆ្នាំ​ជានិច្ចកាល​ត​រៀង​រហូត​ទៅ​ឥត​លស់​ថ្ងៃ​ឡើយ។

អ្នកប្រាជ្ញ​ក្រិក សូក្រាត ពោល​ថា៖ “អំពើ​អយុត្តិធម៌ គឺ​មិនមែន​ជា​រឿង​ចៃដន្យ​ទេ គឺជា​ទង្វើ​ពួក​បិសាច​ប៉ុនប៉ង​ប្រព្រឹត្ត​ដោយ​ចេតនា”។

ទស្សនវិទូ និង​វេជ្ជបណ្ឌិត​អង់គ្លេស​នា​សតវត្ស​ទី​១៨ (១៦៣២-១៧០៤) John Locke រំឭក​ថា៖ “បដិវត្តន៍ មិនមែន​ជា​សិទ្ធិ គឺជា​ករណីយកិច្ច”។ ទស្សនវិជ្ជា​បស្ចិមទិស​មួយ​ទៀត​និយាយ​ថា៖ “អ្នក​ចម្បាំង​ម្នាក់​ងើប​ឈរ​ប្រយុទ្ធ មិនមែន​ព្រោះ​ជា​កិច្ចការ​ស្រួល​នោះ​ទេ ប៉ុន្តែ​វា​ជា​កិច្ចការ​ចាំបាច់​ខាន​មិន​បាន”

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version