អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី លើកឡើងថា របបត្រកូលហ៊ុនកំពុងរៀបចំនយោបាយកសិកម្មនៅប្រទេសកម្ពុជា ដើម្បីបម្រើផលប្រយោជន៍ក្រុមគ្រួសារខ្លួនឯង ជាជាងការរៀបចំនយោបាយកសិកម្មតាមរបៀបប្រជាធិបតេយ្យប្រកបដោយតម្លាភាព។
លោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៧ មករា នេះថា លោកសូមរៀបរាប់អំពីវិធានការជាក់ស្តែងប្រកបដោយប្រសិទ្ធភាព ដែលប្រទេសជិតខាងដូចជាប្រទេសថៃ វៀតណាម និងឥណ្ឌូនេស៊ី ជាដើម ដែលបានអនុវត្តដើម្បីធានាតម្លៃកសិផលសមរម្យក្នុងគោលបំណងទ្រទ្រង់ជីវភាពរស់នៅប្រជាកសិករក្នុងប្រទេសរបស់គេ។
លោក សម រង្ស៊ី លើកឡើងថា ត្រូវមានការកំណត់ថ្លៃស្រូវជាអប្បបរមា ឬទាបបំផុត ដោយមានអន្តរាគមន៍ផ្ទាល់ពីរដ្ឋអំណាច ពេលណាតម្លៃស្រូវលើទីផ្សារធ្លាក់ចុះ ក្រោមកម្រិតអប្បបរមានេះដូចជានៅប្រទេសថៃ ជាដើម។ លើសពីនេះ ត្រូវមានការផ្តល់ប្រាក់ឧបត្ថម្ភផ្ទាល់ពីរដ្ឋអំណាចប្រគល់ដល់ដៃគ្រួសារប្រជាកសិករនីមួយៗ ដោយមិនឆ្លងកាត់តាមឈ្មួញ ឬភ្នាក់ងារកណ្តាលណាមួយឡើយ។
លោកបន្តថា ការសាងសង់ឃ្លាំងដើម្បីប្រមូលផ្ដុំផលកសិកម្ម ព្រមទាំងការកសាងផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក្នុងការសម្រួលនូវការដឹកជញ្ជូនផលកសិកម្ម និងស្តុកទុកផលទាំងនោះ ដើម្បីរង់ចាំលក់ទៅក្រៅប្រទេស ក៏ត្រូវតែធ្វើដែរ។
អតីតមេដឹកនាំបក្សប្រឆាំងរូបនេះអះអាងថា ការជួយទ្រទ្រង់កសិករឲ្យមានលទ្ធភាពទិញជីកសិកម្ម ថ្នាំសម្លាប់សត្វល្អិត និងប្រេងសាំងក្នុងតម្លៃទាបបំផុត ក៏ជាវិធានការដែលរដ្ឋអំណាចត្រូវដាក់បញ្ចូលដែរ។ ចំណែកឯការជួយរៀបចំកិច្ចសន្យាពាណិជ្ជកម្មផ្ទាល់រវាងសហករណ៍កសិករជាមួយក្រុមហ៊ុនពាណិជ្ជកម្មឯកជន ក្នុងគោលបំណងបង្កើនទីផ្សារសម្រាប់ផលកសិកម្ម ដូចជានៅប្រទេសវៀតណាម រដ្ឋអំណាចត្រូវតែរៀបចំឱ្យមាន ដោយមិនអាចខ្វះបានឡើយ។ លើសពីនេះ ការរៀបចំសហករណ៍កសិករគ្រប់គ្រងតាមរបៀបប្រជាធិបតេយ្យ ដើម្បីធានាឲ្យកសិករគ្រប់រូបចូលរួមក្នុងការធ្វើរាល់សេចក្តីសម្រេចពាក់ព័ន្ធដល់ជីវភាពរស់នៅរបស់កសិករ ក៏រឹតតែត្រូវចងក្រងឱ្យមានជាចាំបាច់ថែមទៀត។
លោក សម រង្ស៊ី បញ្ជាក់ថា ការលើកឡើងពីនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត អំពីតម្លៃស្រូវ និងនយោបាយកសិកម្មកាលពីពេលថ្មីៗនេះ មិនស្មើនឹងកសិករដែលជាពលរដ្ឋសាមញ្ញម្នាក់ផង។
លោកគូសបញ្ជាក់ថា ការនិយាយរបស់លោក ហ៊ុន ម៉ាណែត បែបនេះ ក៏ដោយសារតែកូនប្រុសលោក សុខ អាន គឺលោក សុខ ពុទ្ធិវុធ ដែលត្រូវជាកូនប្រសារបស់លោក ហ៊ុន សែន និងជាប្អូនថ្លៃលោក ហ៊ុន ម៉ាណែត កំពុងដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីកៀរគរស្វែងរកតែផលប្រយោជន៍ឱ្យបក្ខពួក និងក្រុមគ្រួសាររបស់ពួកគេសព្វថ្ងៃនេះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
