អគ្គនាយកអង្គភាពសារព័ត៌មានដើមអម្ពិល ដែលគាំទ្របក្សកាន់អំណាច លោក សយ សុភាព ចាត់ទុកជំនួយសហរដ្ឋអាមេរិកដែលផ្តល់ឱ្យកម្ពុជាកន្លងមក ទាំងជំនួយដែលផ្តល់ឱ្យរដ្ឋាភិបាល និងជំនួយសម្រាប់អង្គការក្រៅរដ្ឋាភិបាល រួមទាំងសារព័ត៌មានឯករាជ្យមួយចំនួនផងនោះ ជាជំនួយកខ្វក់ ឬជាជំនួយស្មោកគ្រោក។
លោក សយ សុភាព សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២៩ មករា នេះថា ពលរដ្ឋខ្មែរ ១៧លាននាក់មិនត្រូវការជំនួយបែបស្មោកគ្រោករបស់សហរដ្ឋអាមេរិកទេ ខណៈរដ្ឋាភិបាលកម្ពុជាក៏មិនត្រូវការជំនួយដែលដោះដូរ ឬផ្សារភ្ជាប់ទៅនឹងលក្ខខណ្ឌមិនគ្រប់ទឹករបស់អាមេរិកដែលធ្លាប់ផ្តល់ឱ្យកម្ពុជានាពេលកន្លងមកនោះដែរ។
លោក សយ សុភាព លើកឡើងថា ដោយសារតែជំនួយកខ្វក់ទាំងនេះហើយបានជាក្រុមសកម្មជនខ្លះ ដូចជាសកម្មជនបក្សប្រឆាំង សកម្មជនបរិស្ថាន សកម្មជនសិទ្ធិមនុស្ស និងសកម្មជនដីធ្លី ជាដើម បញ្ចេញឫកពារក្រអឺតក្រទមភ្លេចជាតិឯង ប៉ុន្តែនៅពេលអស់ជំនួយបែបនេះ ចាំមើលថាតើអ្នកទាំងនេះនឹងលោតតាមផ្លូវណាទៀត។
ចាងហ្វាងកាសែតរូបនេះបញ្ជាក់ថា ទោះបីពេលនេះសហរដ្ឋអាមេរិកផ្តាច់ជំនួយមិនឱ្យកម្ពុជា រួមជាមួយប្រទេសដទៃទៀតក៏ដោយ តែសម្រាប់រដ្ឋាភិបាលកម្ពុជាវិញ គឺងាយស្រួលក្នុងការធ្វើការងារខ្លាំងណាស់ ព្រោះតទៅមុខ នឹងមិនមានអ្នកស៊ីលុយអាមេរិក ហើយនាំគ្នាមកជេរដាក់បណ្តាសាដល់ខ្មែរទៀតនោះទេ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ លោក ស៊ឹង សែនករុណា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣០ មករា នេះថា ការលើកឡើងរបស់លោក សយ សុភាព គឺជាគំនិតមិនត្រឹមត្រូវ ដែលបង្ហាញពីចរិតខឹងស្អប់បង្កើតសត្រូវសម្រាប់ជាតិខ្មែរប៉ុណ្ណោះ ព្រោះថាដោយសារមានជំនួយអាមេរិកកន្លងមកនេះហើយ ទើបកម្ពុជាដើរដល់ពេលនេះ។
លោក ស៊ឹង សែនករុណា លើកឡើងថា ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ អាមេរិកបានផ្តល់ជំនួយទាំងថវិកា និងជំនួយជាលក្ខខណ្ឌផ្លូវច្បាប់ច្រើនណាស់សម្រាប់ជួយអភិវឌ្ឍប្រទេសកម្ពុជា ដើម្បីឱ្យក្លាយជារដ្ឋឯករាជ្យ និងមានការអភិវឌ្ឍ កុំឱ្យធ្លាក់ទៅជារដ្ឋចំណុះឱ្យបរទេសជិតខាង និងធ្លាក់ទៅក្នុងភ្លើងសង្គ្រាមម្តងទៀត។
ប្រធានសង្គមស៊ីវិលរូបនេះអំពាវនាវឱ្យនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ពិនិត្យមើលការបញ្ចេញមតិរបស់លោក សយ សុភាព ដែលជាមនុស្សក្រោមបង្គាប់របស់ខ្លួន ជុំវិញបញ្ហានេះ ដើម្បីរក្សាចំណងការទូតល្អជាមួយប្រទេសជិតខាងបន្តទៀត ព្រោះថាជំនួយគ្រប់ផ្នែករបស់អាមេរិកដែលជួយកម្ពុជាកន្លងមក ទាំងរដ្ឋាភិបាល និងសង្គមស៊ីវិល គឺសុទ្ធសឹងតែដើម្បីរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យមានភាពល្អប្រសើរប៉ុណ្ណោះ។
កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាផ្អាកបណ្ដោះអាសន្នរាល់សកម្មភាពដែលទាក់ទងនឹងកាតព្វកិច្ច ឬការចែកចាយជំនួយហិរញ្ញវត្ថុសហព័ន្ធ និងសកម្មភាពទីភ្នាក់ងារពាក់ព័ន្ធទាំងអស់។
គិតចាប់តាំងពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ២០១៨ សហរដ្ឋអាមេរិកបានផ្តល់ជាទឹកប្រាក់ជាង ១០០០លានដុល្លារអាមេរិក ដើម្បីធ្វើឱ្យប្រទេសកម្ពុជាបានប្រសើរឡើងនូវផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងលទ្ធិប្រជាធិបតេយ្យ ជាដើម ខណៈជំនួយទាំងនេះតែងភ្ជាប់នូវលក្ខខណ្ឌដែលតម្រូវឱ្យរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិមនុស្ស និងស្ដារលទ្ធិប្រជាធិបតេយ្យ ជាដើម៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
