The Cambodia Daily Khmer

គណបក្ស​ប្រជាជន​កម្ពុជា​ឱ្យ​សមាជិក​ខ្លួន​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង Cool App ដើម្បី​សុវត្ថិភាព

លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា ចូលរួម​ពិធី​បិទ​សន្និបាត​គណៈកម្មាធិការ​កណ្តាល​លើក​ទី​៤៥ អាណត្តិ​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​វិមាន ៧​មករា រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២៥។

គណបក្ស​ប្រជាជន​កម្ពុជា ចេញ​សេចក្តី​ជូនដំណឹង​ណែនាំ​ឱ្យ​សមាជិក​របស់​ខ្លួន​បង្កើត​ក្រុម​ការងារ​ទំនាក់ទំនង​តាមរយៈ​កម្មវិធី​បណ្ដាញ​សង្គម​ឆ្លើយឆ្លង Cool App បង្កើត​ក្នុង​ស្រុក​ជំនួស​បណ្ដាញ​ទំនាក់ទំនង Telegram បង្កើត​នៅ​ប្រទេស​រុស្ស៊ី វិញ ឱ្យ​បាន​មុន​ថ្ងៃទី​៦ ខែ​កុម្ភៈ ដើម្បី​មាន​សុវត្ថិភាព​ខ្ពស់​សម្រាប់​អ្នក​ប្រើប្រាស់។

ប្រព័ន្ធ ឬ​បណ្ដាញ​ទាក់ទង​ឆ្លងឆ្លើយ​បញ្ជូន​សារ Cool App បង្កើត​ដោយ​ក្រុម​អ្នកជំនាញ​បច្ចេកទេស​ជាង ១០​នាក់ ប្រើ​ពេល ៣​ឆ្នាំ ចាប់ពី​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០២៤ ក្រោម​ការ​ទទួល​ខុសត្រូវ​ពី​លោក លឹម ជាវុត្ថា ដែល​ជា​ប្រធាន​អគ្គនាយក​សារព័ត៌មាន​នាំពាក្យ​ផ្សាយ​អំពី​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា Fresh News។

ខុទ្ទកាល័យ​គណៈកម្មាធិការ​មជ្ឈិម​បក្ស បាន​ជូនដំណឹង​ដល់​ប្រធាន​គណៈ​ប្រចាំការ​គណបក្ស​រាជធានី ខេត្ត និង​ប្រធាន ឬ​អនុប្រធាន​មន្ទីរ​គណបក្ស ដែល​មាន​ប្រើ Cool App ត្រូវ​ផ្ញើ​ឈ្មោះ និង​លេខ​ទូរសព្ទ​ទៅ​ខុទ្ទកាល័យ​ឱ្យ​បាន​មុន​ថ្ងៃទី​៦ ខែ​កុម្ភៈ។

នៅ​ក្នុង​មហាសន្និបាត​គណៈកម្មាធិការ​មជ្ឈិម​បក្ស​ប្រជាជន​កម្ពុជា លើក​ទី​៤៥ អាណត្តិ​ទី​៥ កន្លង​ទៅ លោក ហ៊ុន សែន ប្រធាន​គណបក្ស បាន​កោតសរសើរ​ចំពោះ​ការ​ប្រើប្រាស់ Cool App និង​ថែមទាំង​បាន​ណែនាំ​ដល់​ស្ថាប័ន​ចំណុះ​គណបក្ស សមាជិក​គណបក្ស​ទាំងអស់ សូម​ងាក​មក​ប្រើប្រាស់​កម្មវិធី​ទំនាក់ទំនង Cool App នេះ​វិញ ដែល​ជា​ស្នាដៃ​បង្កើត​ដោយ​កូន​ខ្មែរ។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ដោយ​មើល​ឃើញ​ភាព​ងាយស្រួល​នៃ​កម្មវិធី Cool App ទើប​គណបក្ស​សម្រេច​ជា​ផ្លូវការ​ក្នុង​ការ​បង្កើត​ក្រុម​ទំនាក់ទំនង​ដោយ​ប្រើ​កម្មវិធី Cool App ជំនួស​តេឡេក្រាម​បង្កើត​ដោយ​ជនជាតិ​រុស្ស៊ី តែម្តង។

យោង​តាម​ចំណារ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​កាលពី​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២៤ លោក ហ៊ុន សែន ក៏​បាន​ស្នើ​ឱ្យ​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា រដ្ឋាភិបាល តុលាការ មន្ត្រី​កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ និង​ពលរដ្ឋ ងាក​ទៅ​បើក​កម្មវិធី Cool App ដើម្បី​សន្តិសុខ​ជាតិ និង​សុវត្ថិភាព​ផ្ទាល់ខ្លួន។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ក្នុង​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា លើកឡើង​ថា ការ​បង្កើត​កម្មវិធី Cool App ជា​ការ​ផ្តល់​ភាព​ងាយស្រួល​ដល់​គណបក្ស​កាន់​អំណាច​ក្នុង​ការ​ចូល​លួច​ស្តាប់​ពលរដ្ឋ​ខ្មែរ​ដែល​ហ៊ាន​និយាយ​ការពិត​តែប៉ុណ្ណោះ។ លោក​ថា ពលរដ្ឋ​ខ្មែរ​កុំ​ជឿ​ការ​ភូតភរ និង​បោក​បញ្ឆោត​ពី​លោក ហ៊ុន សែន ទាក់ទង​នឹង​កម្មវិធី Cool App នេះ។

ប្រភព​ដដែល​អះអាង​ថា កន្លង​មក​តែងតែ​មាន​ការ​បែកធ្លាយ​ការ​សន្ទនា និង​ទំនាក់ទំនង​ឯកជន​មួយ​ចំនួន ជាពិសេស​សម្រាប់​អ្នក​ដែល​ត្រូវ​គេ​ចាត់ទុក​ថា​មិន​ស្រប​នឹង​រដ្ឋាភិបាល។ លោក​ថា លោក​ក៏​មិន​ទាន់​ដឹង​ថា តើ​រដ្ឋាភិបាល​អាច​អនុវត្ត​ច្បាប់​ក្នុង​ការ​គ្រប់គ្រង​លើ​កម្មវិធី​ថ្មី​នេះ​ដោយ​ស្មើភាព​កម្រិត​ណា​នោះ​ដែរ ប្រសិនបើ​មាន​ការ​បែកធ្លាយ​នូវ​ទំនាក់ទំនង​ពី​កម្មវិធី​នេះ។

កម្មវិធី Cool App ដែល​បាន​ផ្តើម​ចេញ​ប្រើប្រាស់​កាលពី​ថ្ងៃទី​២១ ខែ​មិថុនា ឆ្នាំ​២០២៤ មាន​ចំនួន​អ្នក​ប្រើប្រាស់​ជាង ៤០​ម៉ឺន​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០២៥ នេះ។

ដើម្បី​ចែករំលែក​ចំណេះដឹង​ខ្លះៗ​ខាង​ផ្នែក​បច្ចេកវិទ្យា​ទំនើប​ដល់​ពលរដ្ឋ​ខ្មែរ​ទាក់ទង​នឹង​ការ​បញ្ជូន​សារ​សំឡេង និង​អក្សរ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក សារព័ត៌មាន The Cambodia Daily សូម​ស្រង់​អ្វី​ដែល​អ្នក​ឯកទេស​ពន្យល់​អំពី​របៀប​បច្ចេកទេស​រវាង Cool App និង Telegram។

Cool App អះអាង​ថា​ប្រព័ន្ធ​ទាក់ទង​ថ្មី​នេះ​ធានា​សន្តិសុខ និង​សុវត្ថិភាព​ផ្ទាល់ខ្លួន​នៃ​បុគ្គល​ម្នាក់ៗ​ក្នុង​ការ​បញ្ជូន​សារ​ជា​សំឡេង និង​អក្សរ ខ្លាំង​ជាង​ប្រព័ន្ធ​ទាក់ទង Telegram ព្រោះ​ថា Cool App ផ្តល់​ដល់​អ្នក​ប្រើប្រាស់​នូវ​បច្ចេកទេស​រារាំង​ភ្ជិត​ការ​ជ្រៀតជ្រែក​ពី​ក្រៅ​ដល់​ភាគី​ទាក់ទង​គ្នា​ទាំង​សងខាង​ក្នុង​ការ​ឆ្លងឆ្លើយ​គ្នា ទោះជា​សំឡេង​ក្តី ជា​អក្សរ​ក្តី ហៅ​តាម​ភាសា​បច្ចេកទេស​ថា end-to-end encryption។

ចំណែកឯ Telegram ទោះជា​មាន​ការ​ប្រើប្រាស់​ប្រកប​ដោយ​សុវត្ថិភាព​ពាសពេញ​ពិភពលោក​ក៏ដោយ មិន​បាន​ផ្តល់​ដល់​អ្នក​ប្រើប្រាស់​នូវ​បច្ចេកទេស​រារាំង​ភ្ជិត​ការ​ជ្រៀតជ្រែក​ពី​ក្រៅ​ដល់​ភាគី​ទាក់ទង​គ្នា​ទាំង​សងខាង​ក្នុង​ការ​ឆ្លើយឆ្លង​គ្នា​នោះ​ទេ លើកលែងតែ​អ្នក​ប្រើប្រាស់​ប្រើ​បណ្ដាញ​សន្ទនា​សម្ងាត់ secret chats ដើម្បី​ឆ្លើយឆ្លង​គ្នា។

នេះ​មាន​ន័យ​ថា បើ​មាន​ភ្នាក់ងារ​លួច​ចូល​ស្តាប់ ឬ​ស្រង់​យក​ខ្លឹមសារ​នៃ​ការ​ឆ្លងឆ្លើយ​គ្នា គេ​អាច​ធ្វើ​បាន​ដោយ​ថត​ចម្លង​នៅ​ពាក់កណ្តាល​ផ្លូវ​រវាង​ភាគី​ទាំង​ពីរ​ក្នុង​ការ​បញ្ជូន​សារ។

ទោះជា​មាន​ការ​អះអាង​អំពី​គុណភាព Cool App ថា​ប្រសើរ​ជាង Telegram ខាង​ផ្នែក​ខ្លះ​ក្តី អ្នក​សង្កេតការណ៍​ការងារ​បច្ចេកវិទ្យា​យល់​ថា គួបផ្សំ​របៀប​គ្រប់គ្រង​បែប​ផ្ដាច់ការ​ក្នុង​ប្រទេស ជាមួយ​នឹង​បណ្ដាញ​ទាក់ទង​សង្គម​បញ្ជូន​សារ​ដែល​ស្និទ្ធ​នឹង​រដ្ឋអំណាច កិច្ចការ​បញ្ជូន​សារ​ទាក់ទង​គ្នា​ជា​សំឡេង​ក្តី ជា​អក្សរ​ក្តី រវាង​ភាគី​ម្ខាង​និង​ម្ខាង​ទៀត ភាគី​ទី​បី​អាច​ជ្រៀត​ចូល​លួច​យក​ព័ត៌មាន​ពី​កិច្ច​សន្ទនា​ឆ្លងឆ្លើយ​ពេល​ណា​ក៏​បាន បើ​គេ​គិត​ថា​មិនមែន​ជា​ការ​ឆ្លងឆ្លើយ​សួរ​សុខទុក្ខ​គ្នា​ជា​គ្រួសារ ជា​មិត្តភាព​ជា​ធម្មតា​ទេ​នោះ។

គេ​មិន​ទាន់​ជឿជាក់​ថា Cool App មាន​សុវត្ថិភាព ១០០% នោះ​ទេ។ គេ​រំឭក​ថា អ្នក​ប្រើប្រាស់​គប្បី​យល់ដឹង​ថែម​ទៀត​ក្នុង​ការ​សម្រេច​ចិត្ត​ប្រើប្រាស់​ប្រភេទ​ណា​មួយ ដើម្បី​ជៀសវាង​ការ​ដើរ​ចូល​អន្ទាក់​ដោយ​មិន​ដឹង​ខ្លួន៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version