ល្បែងចារកម្មមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន កំពុងធ្វើឱ្យផ្ទុះឡើងនូវការសង្ស័យគ្នាឯងក្នុងចំណោមក្រុមប្រឆាំងទាំងនៅក្នុងស្រុក និងនៅក្រៅប្រទេស បន្ទាប់ពីចារបុរសម្នាក់ (ជនបង្កប់) គឺបណ្ឌិត សេង សារី ដែលត្រូវបានលោក ហ៊ុន សែន ទម្លាយសមាសភាពកាលពីពេលថ្មីៗនេះ។
មន្ត្រីជាន់ខ្ពស់របស់លោក កឹម សុខា គឺលោក ហ៊ីង សុខសាន្ត បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃអង្គារថា ការលើកឡើងរបស់បណ្ឌិត សេង សារី ដែលចោទថាអនុប្រធានវិទ្យុអាស៊ីសេរីផ្នែកខេមរភាសា លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ និងព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ជាចារបុរសរបស់មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន គឺមានភាគរយខ្ពស់។
លោក ហ៊ីង សុខសាន្ត អះអាងថា លោកមានទឡ្ហីករណ៍រឹងមាំជាងបណ្ឌិត សេង សារី ទៅទៀតដែលអាចបញ្ជាក់ថា លោក ជុន ច័ន្ទបុត្រ និងព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ គឺជាចារបុរសរបស់លោក ហ៊ុន សែន ដែលស្ថិតក្នុងកម្រិតភាគរយខ្ពស់រហូតដល់ទៅជាង ៦០% ឯណោះ។
លោកអះអាងថា ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ធ្លាប់មានទំនាក់ទំនងជាឪពុកធម៌ និងកូនធម៌ជាមួយលោក ហ៊ុន សែន ដូចបណ្ឌិត សេង សារី ដែរ។ ចំណែក លោក ជុន ច័ន្ទបុត្រ ក៏ធ្លាប់រងនូវការទម្លាយសារឆ្លើយឆ្លងគ្នាជាមួយលោក ហ៊ុន ម៉ាណែត ពីសំណាក់លោក ហ៊ុន សែន ដូចបណ្ឌិត សេង សេរី ដែរកាលពីអំឡុងឆ្នាំ២០២០ កន្លងទៅ។
កាលពីអំឡុងឆ្នាំ២០២០ សារឆ្លើយឆ្លងគ្នាមួយរវាងលោក ជុន ច័ន្ទបុត្រ និងលោក ហ៊ុន ម៉ាណែត ត្រូវបានទម្លាយជាសាធារណៈ ដែលអត្ថន័យក្នុងសារសំឡេងបែកធ្លាយនោះ លោក ជុន ច័ន្ទបុត្រ មើលស្រាលមេកើយរបស់ខ្លួននៅចំពោះមុខលោក ហ៊ុន ម៉ាណែត ដោយបានបកអាក្រាតប្រាប់លោក ហ៊ុន ម៉ាណែត ថា ប្រធានវិទ្យុអាស៊ីសេរី លោក សំ ប៉ូលី អសមត្ថភាពក្នុងការសរសេរព័ត៌មាន ហើយថាពេលខ្លះលោកចង់ថតសំឡេងនៃកិច្ចប្រជុំផ្ទៃក្នុងរបស់បុគ្គលិកអាស៊ីសេរីឲ្យលោក ហ៊ុន ម៉ាណែត បានស្តាប់ទៀតផង។
នៅក្នុងសារសំឡេងនោះ លោក ជុន ច័ន្ទបុត្រ ក៏បានអួតប្រាប់លោក ហ៊ុន ម៉ាណែត ថា នៅក្នុងវិទ្យុអាស៊ីសេរី មានតែលោកទេដែលហ៊ានវ៉ៃទាំងសងខាងដោយក្នុងបទសម្ភាសន៍ណាមួយនោះ លោកហ៊ាននិយាយថា លោក សម រង្ស៊ី ផ្ដាច់ការជាងលោក ហ៊ុន សែន ទៅទៀត ហើយថាគណបក្សប្រឆាំងជាបក្សមួយដែលគ្មានប្រជាធិបតេយ្យផ្ទៃក្នុងទេ។
ជាងនេះទៅទៀត លោក ជុន ច័ន្ទបុត្រ ក៏បានប្រាប់លោក ហ៊ុន ម៉ាណែត ដែរថា លោកមិនដែលចាត់ទុកលោក ហ៊ុន សែន ថាជាអ្នកនៅពីក្រោយការសម្លាប់បណ្ឌិត កែម ឡី នោះឡើយ។ ការថ្លែងរបស់លោក ជុន ច័ន្ទបុត្រ ជុំវិញរឿងឃាតកម្មបណ្ឌិត កែម ឡី ហាក់ឆ្លុះបញ្ចាំងផ្ទុយពីអ្វីដែលស្ថាប័នវិទ្យុអាស៊ីសេរី តែងតែផ្សព្វផ្សាយអំពីនរណានៅពីក្រោយនៃឧក្រិដ្ឋកម្មដ៏កក្រើកមួយនេះ។
លោក ហ៊ីង សុខសាន្ត អះអាងថា លោកមានទឡ្ហីករណ៍ជាច្រើនណាស់ដែលបង្ហាញពីភាគរយកាន់តែខ្ពស់ថាអ្នកទាំងនេះគឺជាជនបង្កប់ (ឬរនុកក្នុង) របស់លោក ហ៊ុន សែន ក្នុងនោះ ចំណុចរួមរបស់ពួកគេ គឺតែងតែលើកតម្កើងលោក សម រង្ស៊ី រិះគន់វាយប្រហារជាន់ពន្លិចលោក កឹម សុខា ដូចគ្នារហូតមក។
លោក ហ៊ីង សុខសាន្ត បញ្ជាក់ថា ក្នុងឋានៈជាចារកម្មម្នាក់ដែលបែកធ្លាយសមាសភាពទៅហើយនោះ មិនអាចនិយាយពីសមាសភាពចារកម្មផ្សេងទៀតឱ្យអ្នកដទៃជឿបានទេ មានតែទុកឲ្យពេលវេលាបង្ហាញការពិតប៉ុណ្ណោះ។
កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ បណ្ឌិត សេង សារី បានធ្វើការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយដាក់ការសង្ស័យលើលោក ជុន ច័ន្ទបុត្រ និងព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ថាការបែកធ្លាយសមាសភាពចារកម្មរបស់លោក គឺជាល្បិចចារកម្មកម្ទេចចារកម្ម ក្រោមយុទ្ធសាស្ត្ររបស់លោក ហ៊ុន សែន។
បណ្ឌិត សេង សារី លើកឡើងថាចំណុចដែលគួរឱ្យសង្ស័យទៀតនោះ គឺលោក ជុន ច័ន្ទបុត្រ ជាអ្នកទម្លាយសារឆ្លើយឆ្លងសម្ងាត់របស់លោកជាមួយលោក ហ៊ុន សែន ហើយដែលសារនោះលោកគិតថាលោក ជុន ច័ន្ទបុត្រ បានទទួលពីគណនីតេឡេក្រាមមួយឈ្មោះ មង្គល។ លោក សេង សារី ចាត់ទុកថាគណនីតេឡេក្រាមឈ្មោះ មង្គល នោះគឺលោក ហ៊ុន សែន ជាអ្នកប្រើដោយផ្ទាល់។
បណ្ឌិត សេង សារី បញ្ជាក់ថា ក្រោយពីព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ត្រូវបានគណៈអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ បញ្ឈប់មិនឱ្យចូលរួមប្រជុំរឿងផ្ទៃរបស់គណបក្សសង្គ្រោះជាតិ ក៏លែងបែកធ្លាយដូចពេលមុនដែរ។
ទោះជាយ៉ាងណាក៏ដោយ លោក ជុន ច័ន្ទបុត្រ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ថា ទោះបីលោក សេង សារី មានជីវិត ១០ជាតិទៀត ក៏លោក សេង សារី គ្មានថ្ងៃឃើញរូបលោកចូលបម្រើគ្រួសារត្រកូលហ៊ុននោះដែរ។
ក្រោយពេលប្រតិកម្មនេះ លោក សេង សារី បានចេញវីដេអូសូមទោសលោក ជុន ច័ន្ទបុត្រ ជាសាធារណៈថាលោកមានការយល់ច្រឡំប៉ុណ្ណោះ។
ជុំវិញការបែកធ្លាយសារឆ្លើយឆ្លងរបស់បណ្ឌិត សេង សារី និងលោក ហ៊ុន សែន នៅពេលនេះ ត្រូវអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកបញ្ចេញមតិផ្សេងពីគ្នា ក្នុងនោះមានការលើកឡើងថា គឺជាល្បែងចារកម្មកម្ទេចចារកម្ម ដើម្បីធ្វើឱ្យបាត់ការទុកចិត្តគ្នាឯងក្នុងចំណោមក្រុមប្រឆាំង ខណៈមតិខ្លះលើកឡើងថា ល្បែងនេះលោក ហ៊ុន សែន បំផ្ទុះឡើងដើម្បីបង្វែរពីការចាប់អារម្មណ៍លើបញ្ហាកោះគុត និងឃាតកម្មលើសមាជិកសភាគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា ដែលមហាជនកំពុងទាមទារឱ្យរដ្ឋាភិបាលកម្ពុជាបញ្ជូនខ្លួនជនសង្ស័យឈ្មោះ លី រតនៈរស្មី និងឈ្មោះ ពេជ្រ គឹមស្រ៊ិន ឱ្យតុលាការថៃ បើកការស៊ើបអង្កេតនៅពេលនេះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
