The Cambodia Daily Khmer

លោក ហ៊ុន សែន អះអាង​ប្រាប់​ទូត​ថ្មី​វៀតណាម​ម្ដង​ទៀត​អំពី​ទំនាក់ទំនង​ត្រីភាគី ទោះ​កម្ពុជា​ចេញពី CLV-DTA

លោក ហ៊ុន សែន (ស្ដាំ) ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឱ្យ​លោក ង្វៀន មីញវូ (NGUYEN Minh Vu) ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​កម្ពុជា ជួប​សម្ដែង​ការ​គួរសម​នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២៥។

ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន បញ្ជាក់​ប្រាប់​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​វៀតណាម​ប្រចាំ​កម្ពុជា​ជា​ថ្មី​ម្តង​ទៀត​ថា ទោះ​កម្ពុជា​ចេញពី​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV-DTA) ប៉ុន្តែ​កម្ពុជា​នៅតែ​បន្ត​ពង្រឹង​ទំនាក់ទំនង​ត្រីភាគី​ក្នុង​ការ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ ទាំង​ក្នុង​ក្របខ័ណ្ឌ​បក្ស រដ្ឋាភិបាល និង​សភា។

ក្នុង​ជំនួប​សម្ដែង​ការ​គួរសម​កាលពី​ថ្ងៃទី​១២ ខែ​កុម្ភៈ ជាមួយ​លោក NGUYEN Minh Vu ដែល​ទើប​ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​កម្ពុជា លោក ហ៊ុន សែន ថា​ទោះបី​កម្ពុជា​បាន​ដក​ខ្លួន​ពី​ក្របខ័ណ្ឌ CLV-DTA ប៉ុន្តែ​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​ទាំង​បី​ត្រូវ​បាន​ពង្រីក​ពី​លក្ខណៈ​តំបន់ ទៅ​ជា​កម្រិត​ប្រទេស ហើយ​ប្រទេស​ទាំង​បី​នឹង​បន្ត​ពង្រឹង​យន្តការ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទាំង​នៅ​ក្នុង​ក្របខ័ណ្ឌ​បក្ស រដ្ឋាភិបាល និង​សភា។

លោក ហ៊ុន សែន សង្ឃឹម​ថា ក្នុង​បេសកកម្ម​របស់​អ្នក​ការទូត​វៀតណាម​រូប​នេះ នឹង​រួម​ចំណែក​ជំរុញ​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​ដ៏​ស្អិតល្មួត ភូមិ​ផង​របង​តែ​មួយ និង​ដែល​បាន​រួម​សុខ​រួម​ទុក្ខ​ជាមួយ​គ្នា តស៊ូ​ដើម្បី​ឯករាជ្យ និង​អធិបតេយ្យភាព​ពី​បន​ប្រល័យ​ពូជសាសន៍ ប៉ុល ពត។

ជា​ការ​ឆ្លើយតប លោក NGUYEN Minh Vu បាន​អះអាង​ថា ទិសដៅ​ការងារ​ក្នុង​បេសកកម្ម​ការទូត​របស់​ខ្លួន​នៅ​កម្ពុជា មាន​ជាអាទិ៍​ការ​បន្ត​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​នយោបាយ និង​ការទូត ក៏ដូចជា​ការ​បន្ត​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​ការពារ​ជាតិ និង​សន្តិសុខ ដើម្បី​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់ និង​ការ​បង្ក្រាប​បទល្មើស​ឆ្លងដែន។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily ថា លោក ហ៊ុន សែន កំពុង​ប្រើ​ល្បិចកល​នយោបាយ​បោកប្រាស់​ពលរដ្ឋ​ខ្មែរ​ជុំវិញ​ការ​ប្រកាស​ដក​ខ្លួន​ចេញពី​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​នៅ​ពេលនេះ។ លោក​ថា នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ កាលពី​ថ្ងៃទី​០៩ ខែ​តុលា ឆ្នាំ​២០២៤ នាយករដ្ឋមន្ត្រី​ទាំង​បី​បាន​ប្ដេជ្ញា​បង្កើន​ប្រសិទ្ធភាព និង​ភាព​សំខាន់​ជាង​មុន​នៃ​ការ​អនុវត្ត​កិច្ច​សហប្រតិបត្តិការ​រដ្ឋ​ត្រីភាគី​ជា​ប្រពៃណី។

កាលពី​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៤ លោក ហ៊ុន សែន បាន​ប្រកាស​ថា កម្ពុជា​សម្រេច​ចិត្ត​បញ្ចប់​ការ​ចូលរួម​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពី​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៤ តទៅ ដើម្បី​កុំ​ឱ្យ​ក្រុម​ប្រឆាំង​បន្ត​យក​លេស CLV-DTA មក​ធ្វើ​មធ្យោបាយ​វាយប្រហារ​លើ​រដ្ឋាភិបាល ឬ​បង្ក​ចលនា​ជ្រុល​និយម​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ការ​ភ័ន្តច្រឡំ​លើ​រដ្ឋាភិបាល៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version