The Cambodia Daily Khmer

លោក សម រង្ស៊ី រិះគន់​លោក ហ៊ុន ម៉ាណែត ថា​ជា​មនុស្ស​ដែល​គ្មាន​សមត្ថភាព​ជា​អ្នក​ដឹកនាំ​ឡើយ

លោក ហ៊ុន សែន ទទួល​បាច់​ផ្កា​ពី​លោក ហ៊ុន ម៉ាណែត ក្នុង​សម័យ​ប្រជុំ​លើក​ទី​១ រដ្ឋសភា នីតិកាល​ទី​៧ នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៣។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី រិះគន់​ថា​នាយករដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន ម៉ាណែត គឺជា​មនុស្ស​ដែល​គ្មាន​សមត្ថភាព​ជា​អ្នក​ដឹកនាំ​ទាល់តែសោះ ដូច្នេះ​ហើយ​ទើប​បាន​ជា​គាត់​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ជាង ១​ឆ្នាំ​ហើយ នៅតែ​តោង​ជើងខោ​លោក ហ៊ុន សែន ដែល​ជា​ឪពុក​ដដែល។

លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៤ កុម្ភៈ នេះ​ថា លោក ហ៊ុន ម៉ាណែត ជា​មនុស្ស​ដែល​គ្មាន​អ្វី​គ្រប់​បែប​យ៉ាង​ក្នុង​ការ​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី ដូចជា​ស្នាដៃ បទពិសោធន៍ វោហារសាស្ត្រ និង​គុណសម្បត្តិ​ដែល​ឱ្យ​ពលរដ្ឋ​គោរព ជាដើម។

លោក សម រង្ស៊ី អះអាង​ថា ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត សព្វថ្ងៃ​នេះ ដោយសារ​លោក ហ៊ុន សែន ដែល​ជា​ឪពុក​របស់​គាត់​ជា​អ្នក​ចាត់ចែង​ឱ្យ​តែ​ប៉ុណ្ណោះ ព្រោះ​លោក ហ៊ុន សែន ជា​មនុស្ស​ដៃដល់​ដែល​ហ៊ាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​គ្រប់​បែប​យ៉ាង ដូច្នេះ​បាន​ជា​គេ​ខ្លាច​គាត់ ប៉ុន្តែ​គ្មាន​នរណា​គោរព​គាត់​ឡើយ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា សព្វថ្ងៃ​នេះ លោក ហ៊ុន សែន ខំប្រឹង​ប្រើប្រាស់​វិធី​ទុច្ចរិត​គ្រប់​បែប​យ៉ាង​ដើម្បី​ការពារ​កូនប្រុស​របស់​គាត់ ចំណែក​លោក ហ៊ុន ម៉ាណែត ក៏​ខំប្រឹង​ព្យាយាម​តោង​ជើងខោ​លោក ហ៊ុន សែន ដែរ ប៉ុន្តែ​ថ្ងៃ​ណា​មួយ​នៅ​ពេល​ដែល​លោក ហ៊ុន សែន អស់​អំណាច នោះ​លោក ហ៊ុន ម៉ាណែត ក៏​មិន​អាច​បន្ត​តំណែង​ជា​នាយករដ្ឋមន្ត្រី​បាន​ទៀត​ដែរ។

ក្នុង​ពិធី​សម្ពោធ​អគារ​សិក្សា​នៅ​វត្ត​ព្រះឥន្ទ​សាមគ្គីធម៌ ខេត្ត​កណ្តាល កាលពី​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២៥ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ព្រមាន​ថា នាយករដ្ឋមន្ត្រី​បន្ត​វេន​អំណាច​ពី​រូបលោក គឺ​លោក ហ៊ុន ម៉ាណែត គ្មាន​ថ្ងៃ​ដែល​អាច​ដើរ​ចេញពី​ស្រមោល​របស់​លោក​ដែល​ជា​ឪពុក​បាន​ឡើយ គឺ​អាច​និយាយ​ឱ្យ​ខ្លី​ថា «No Way»។

ជុំវិញ​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ លោក គឹម សុខ បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា លោក ហ៊ុន ម៉ាណែត ដែល​ជា​នាយករដ្ឋមន្ត្រី​សព្វថ្ងៃ​នេះ គ្រាន់តែ​ជា​ឧបករណ៍​ជំនួយការ​រក្សា​អំណាច​ឱ្យ​លោក ហ៊ុន សែន ជា​ឪពុក​ប៉ុណ្ណោះ។

លោក​ថា លោក ហ៊ុន សែន ប្រាកដជា​ដឹង​ដោយ​ខ្លួនឯង​យ៉ាង​ច្បាស់​ហើយ​ថា លោក ហ៊ុន ម៉ាណែត នឹង​មិន​អាច​រក្សា​អំណាច​បន្ត​ត្រកូល​ហ៊ុន​បាន​ទេ ទើប​គាត់​នៅតែ​បន្ត​គ្រប់គ្រង​ពី​លើ​អំណាច​ជា​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន ម៉ាណែត ដូច​សព្វថ្ងៃ​នេះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version