អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី រិះគន់ថានាយករដ្ឋមន្ត្រីខ្មែរលោក ហ៊ុន ម៉ាណែត គឺជាមនុស្សដែលគ្មានសមត្ថភាពជាអ្នកដឹកនាំទាល់តែសោះ ដូច្នេះហើយទើបបានជាគាត់ក្លាយជានាយករដ្ឋមន្ត្រីជាង ១ឆ្នាំហើយ នៅតែតោងជើងខោលោក ហ៊ុន សែន ដែលជាឪពុកដដែល។
លោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៤ កុម្ភៈ នេះថា លោក ហ៊ុន ម៉ាណែត ជាមនុស្សដែលគ្មានអ្វីគ្រប់បែបយ៉ាងក្នុងការកាន់តំណែងជានាយករដ្ឋមន្ត្រី ដូចជាស្នាដៃ បទពិសោធន៍ វោហារសាស្ត្រ និងគុណសម្បត្តិដែលឱ្យពលរដ្ឋគោរព ជាដើម។
លោក សម រង្ស៊ី អះអាងថា ការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត សព្វថ្ងៃនេះ ដោយសារលោក ហ៊ុន សែន ដែលជាឪពុករបស់គាត់ជាអ្នកចាត់ចែងឱ្យតែប៉ុណ្ណោះ ព្រោះលោក ហ៊ុន សែន ជាមនុស្សដៃដល់ដែលហ៊ានប្រព្រឹត្តអំពើទុច្ចរិតគ្រប់បែបយ៉ាង ដូច្នេះបានជាគេខ្លាចគាត់ ប៉ុន្តែគ្មាននរណាគោរពគាត់ឡើយ។
អតីតមេដឹកនាំបក្សប្រឆាំងរូបនេះបញ្ជាក់ថា សព្វថ្ងៃនេះ លោក ហ៊ុន សែន ខំប្រឹងប្រើប្រាស់វិធីទុច្ចរិតគ្រប់បែបយ៉ាងដើម្បីការពារកូនប្រុសរបស់គាត់ ចំណែកលោក ហ៊ុន ម៉ាណែត ក៏ខំប្រឹងព្យាយាមតោងជើងខោលោក ហ៊ុន សែន ដែរ ប៉ុន្តែថ្ងៃណាមួយនៅពេលដែលលោក ហ៊ុន សែន អស់អំណាច នោះលោក ហ៊ុន ម៉ាណែត ក៏មិនអាចបន្តតំណែងជានាយករដ្ឋមន្ត្រីបានទៀតដែរ។
ក្នុងពិធីសម្ពោធអគារសិក្សានៅវត្តព្រះឥន្ទសាមគ្គីធម៌ ខេត្តកណ្តាល កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ព្រមានថា នាយករដ្ឋមន្ត្រីបន្តវេនអំណាចពីរូបលោក គឺលោក ហ៊ុន ម៉ាណែត គ្មានថ្ងៃដែលអាចដើរចេញពីស្រមោលរបស់លោកដែលជាឪពុកបានឡើយ គឺអាចនិយាយឱ្យខ្លីថា «No Way»។
ជុំវិញបញ្ហានេះ អ្នកវិភាគនយោបាយ លោក គឹម សុខ បានលើកឡើងកាលពីពេលថ្មីៗនេះថា លោក ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីសព្វថ្ងៃនេះ គ្រាន់តែជាឧបករណ៍ជំនួយការរក្សាអំណាចឱ្យលោក ហ៊ុន សែន ជាឪពុកប៉ុណ្ណោះ។
លោកថា លោក ហ៊ុន សែន ប្រាកដជាដឹងដោយខ្លួនឯងយ៉ាងច្បាស់ហើយថា លោក ហ៊ុន ម៉ាណែត នឹងមិនអាចរក្សាអំណាចបន្តត្រកូលហ៊ុនបានទេ ទើបគាត់នៅតែបន្តគ្រប់គ្រងពីលើអំណាចជានាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន ម៉ាណែត ដូចសព្វថ្ងៃនេះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

