The Cambodia Daily Khmer

អ្នកវិភាគ​ពោល​ថា​រាល់​ជំនួប​រវាង​ប្រទេស​កម្ពុជា​និង​យៀកណាម ចំណេញ​តែ​ខាង​យៀកណាម

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន និង​អគ្គលេខាបក្ស​កុម្មុយនីស្ត​វៀតណាម លោក តូ ឡឹម (To Lam) ក្នុង​កិច្ចប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២៥។

អ្នកវិភាគ​លើកឡើង​ថា រាល់​ជំនួប​រវាង​មេដឹកនាំ​កំពូល​នៃ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ជួប​ជាមួយ​នឹង​មេដឹកនាំ​បក្ស​កុម្មុយនីស្ត​វៀតណាម គឺ​ដើម្បី​តែ​ប្រយោជន៍​វៀតណាម ជា​ថ្នូរ​នឹង​អំណាច​ត្រកូល​ហ៊ុន​បន្ត​ទៅ​ឱ្យ​លោក ហ៊ុន ម៉ាណែត ប៉ុណ្ណោះ។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៤ កុម្ភៈ នេះ​ថា ក្នុង​ជំនួប​រវាង​មេដឹកនាំ​ប្រទេស​កម្ពុជា និង​មេដឹកនាំ​ប្រទេស​វៀតណាម នា​ពេល​ថ្មីៗ​នេះ គ្មាន​ផល​ប្រយោជន៍​ជាតិ​ខ្មែរ​ណា​មួយ​ដែល​លោក ហ៊ុន សែន លើក​យក​ទៅ​ពិភាក្សា​ជាមួយ​មេដឹកនាំ​វៀតណាម ឡើយ ក្រៅតែ​ពី​សុំ​ឱ្យ​វៀតណាម គាំទ្រ​លោក ហ៊ុន ម៉ាណែត បន្ត​តំណែង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់ពី​គាត់​នោះ។

លោក គឹម សុខ អះអាង​ថា គ្រួសារ​ត្រកូល​ហ៊ុន​បាន​ក្លាយ​ជា​អ្នក​បម្រើ​ដ៏​ឆ្នើម​បំផុត​ដល់​បរទេស​ឈ្លានពាន​ជា​ប្រពៃណី ស៊ីជម្រៅ និង​យូរអង្វែង​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ តាំងពី​នគរ​ខ្មែរ​ចាប់កំណើត​មក ហើយ​ក្នុង​ស្ថានភាព​ប្រទេស​កម្ពុជា​នៅ​ពេលនេះ លោក ហ៊ុន សែន ក៏​កំពុង​នាំ​គ្រោះថ្នាក់​ដល់​ស្រុក​ខ្មែរ​យ៉ាង​ធ្ងន់ធ្ងរ​ដែរ បើ​ប្រទេស​កម្ពុជា​មិន​អាច​រក​ការ​ផ្លាស់ប្ដូរ​ទៅ​រក​ប្រជាធិបតេយ្យ​ឱ្យ​បាន​ទាន់​ពេល​ទេ​នោះ។

អ្នកវិភាគ​រូប​នេះ​បញ្ជាក់​ថា ប្រព័ន្ធ​ដឹកនាំ​ក្រោម​ការ​គ្រប់គ្រង​នៃ​របប​ត្រកូល​ហ៊ុន មិន​អាច​រក្សា​ទុក​ទៀត​បាន​ទេ ព្រោះ​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ជាង ៤​ទសវត្សរ៍​មក​នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​បំផ្លាញ​ជាតិ​ខ្មែរ ដោយសារតែ​គាត់​នៅតែ​បន្ត​បម្រើ​មហិច្ឆតា​បរទេស​ដែល​មាន​ផែនការ​ត្រួតត្រា​ទឹកដី​ខ្មែរ​រហូត​មក​នោះ។

ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​មេដឹកនាំ​កំពូល​ប្រទេស​កម្ពុជា​បាន​ជួប​ជាមួយ​មេដឹកនាំ​វៀតណាម និង​ឡាវ កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២៥ គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ជុំវិញ​ជំនួប​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន និង​អគ្គលេខាបក្ស​កុម្មុយនីស្ត​វៀតណាម លោក តូ ឡឹម (To Lam) ក្នុង​កិច្ចប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ហូជីមិញ កាលពី​ថ្ងៃទី​២១ ខែ​កុម្ភៈ នេះ​ថា ភាគី​ទាំង​ពីរ​នឹង​បន្ត​គាំទ្រ​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ដើម្បី​តភ្ជាប់​ទំនាក់ទំនង​មិត្តភាព​ខ្មែរ-វៀតណាម បន្ត​ទៀត ក្នុង​ក្របខ័ណ្ឌ​គណបក្ស សភា រដ្ឋាភិបាល និង​អង្គការ​មហាជន​នៃ​ប្រទេស​ទាំង​ពីរ។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់​ថា ដោយឡែក​ក្នុង​ជំនួប​កំពូល​ត្រីភាគី​រវាង​កម្ពុជា ឡាវ និង​វៀតណាម មេដឹកនាំ​បក្ស​ទាំង​បី​បាន​ប្ដេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក​នូវ​យន្តការ​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់ និង​ស្រាវជ្រាវ​បង្កើត​យន្តការ​សហប្រតិបត្តិការ​ថ្មី​បន្ត​ទៀត។ នេះ​គឺ​គំនិត​ក្នុង​ផែនការ​សហព័ន្ធ​ឥណ្ឌូចិន៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version