នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត អះអាងថាការបង្កើតច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម គឺដើម្បីឆ្លើយតបទៅនឹងក្រុមធ្វើនយោបាយប្រឆាំងជ្រុលនិយមមួយចំនួន ដែលបន្តបដិសេធព្រឹត្តិការណ៍សម្លាប់រង្គាលនេះ។
លោក ហ៊ុន ម៉ាណែត លើកឡើងក្នុងពិធីបើកសន្និបាតលើកទី២០ របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក (RISEAP) នៅថ្ងៃទី២៧ ខែកុម្ភៈ នេះថា ព្រោះតែមហិច្ឆតានយោបាយ ក្រុមប្រឆាំងជ្រុលនិយមតែងតែបរិហារដោយបំពានលើតថភាព ប្រវត្តិសាស្ត្រ និងគុណតម្លៃមិនអាចកាត់ថ្លៃបាននៃថ្ងៃរំដោះ ៧មករា ១៩៧៩ ដែលជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជាទូទាំងប្រទេស។
ប្រភពខាងលើអះអាងថា កម្ពុជាគឺជាប្រទេសគំរូមួយក្នុងការបញ្ចប់សង្គ្រាមរ៉ាំរ៉ៃទាំងស្រុងដែលទទួលបានសុខសន្តិភាពពេញលេញ ព្រមទាំងការលើកកម្ពស់សិទ្ធិសេរីភាព ជំនឿសាសនា ដោយគ្មានការរើសអើងសម្រាប់ពលរដ្ឋទូទៅ ជាពិសេសការទប់ស្កាត់មិនឱ្យមានសកម្មភាពជ្រុលនិយម ជាដើម។
នាយករដ្ឋមន្ត្រីខ្មែររូបនេះបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានខិតខំកសាងមកយ៉ាងលំបាក និងថែទាំយ៉ាងយកចិត្តទុកដាក់បំផុតចំពោះការអត់ឱន ភាពមិនជ្រុលនិយម ដែលជាធាតុផ្សំមិនអាចខ្វះបាននៃសន្តិភាព និងស្ថិរភាពយូរអង្វែងរបស់កម្ពុជា។
ព្រឹទ្ធសភាកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានថា ក្រោយកិច្ចប្រជុំវិសាមញ្ញកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ សមាជិកព្រឹទ្ធសភាទាំង ៥៥រូប បានអនុម័តជាឯកច្ឆន្ទលើសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃរបបកម្ពុជាប្រជាធិបតេយ្យដោយឥតកែប្រែអ្វីទាំងអស់។
សេចក្ដីព្រាងច្បាប់ថ្មីនេះមានចំនួន ៧មាត្រា បានកំណត់ការផ្ដន្ទាទោសទៅលើអ្នកដែលមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម ដោយការដាក់គុកពី ១ឆ្នាំដល់ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀលទៅ ៥០លានរៀល។
ជុំវិញបញ្ហានេះ គេសង្កេតឃើញថា លោក ហ៊ុន សែន មិនត្រឹមតែបង្កើតច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហមទេនាពេលនេះ តែគាត់ក៏កំពុងព្យាយាមបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជាភេរវករដែរ ហើយខ្លឹមសារនៃច្បាប់ទាំងពីរនេះ គឺមានវត្ថុបំណងរួមតែមួយ គឺដើម្បីបង្ក្រាបទៅលើក្រុមប្រឆាំងក្នុងគោលដៅការពារអំណាចត្រកូលហ៊ុនប៉ុណ្ណោះ។
ក្រុមអ្នកសង្កេតការណ៍ព្រមានថា ទង្វើទុច្ចរិតរបស់គណបក្សប្រជាជនកម្ពុជានឹងត្រូវបានការពារដោយច្បាប់ថ្មីនេះគ្រប់បែបយ៉ាង ប្រសិនបើនរណាម្នាក់ហ៊ានប្រៀបធៀបនូវទង្វើយង់ឃ្នងរបស់គេថាសាហាវឃោរឃៅជាងសម័យខ្មែរក្រហមនោះ ហើយអ្នករិះគន់ទាំងនោះក៏អាចនឹងចាត់ចូលទៅជាក្រុមភេរវករដែរ ដោយយោងទៅលើច្បាប់ដែលលោក ហ៊ុន សែន កំពុងត្រៀមបង្កើតដាក់ក្រុមប្រឆាំងជាភេរវករនោះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
