The Cambodia Daily Khmer

លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ពលរដ្ឋ​តាមដាន​តុលាការ​បារាំង​បើក​សវនាការ​លើ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​ពីរ​រូប

លោក ហ៊ីង ប៊ុនហៀង និង​លោក ហ៊ុយ ពិសិដ្ឋ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​តាមដាន​សំណុំរឿង​គប់​គ្រាប់បែក​កាលពី​ជិត ៣០​ឆ្នាំ​មុន ដែល​តុលាការ​បារាំង នឹង​បើក​សវនាការ​លើ​មន្ត្រី​កងកម្លាំង​ជាន់ខ្ពស់​របស់​កម្ពុជា​ពីរ​រូប គឺ​លោក ហ៊ីង ប៊ុនហៀង និង​លោក ហ៊ុយ ពិសិដ្ឋ នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ។

លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា លទ្ធផល​នៃ​សវនាការ​នៅ​ថ្ងៃទី​១៩ រហូត​ដល់​ថ្ងៃទី​២១ ខែមី​នា ខាងមុខ​នេះ នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​លោក ហ៊ុន សែន និង​លោក ហ៊ីង ប៊ុនហៀង មាន​ភាព​មិន​ច្បាស់លាស់ ព្រោះ​លោក ហ៊ុន សែន បារម្ភ​ខ្លាច​លោក ហ៊ីង ប៊ុនហៀង លាតត្រដាង​ការពិត​នូវ​អំពើ​ឧក្រិដ្ឋ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គាត់​កន្លង​មក​នោះ។

លោក​បន្ត​ថា មិន​យូរ​មិន​ឆាប់ លោក ហ៊ុន សែន នឹង​កម្ចាត់​លោក ហ៊ីង ប៊ុនហៀង ដូច​លោក ហុក ឡង់ឌី ដែល​គាត់​បាន​សម្លាប់​បំបិទ​មាត់​កាលពី​ឆ្នាំ​២០០៨ ដូច្នោះ​ដែរ។

លោក សម រង្ស៊ី បាន​បង្ហោះ​វីដេអូ​សារភាព​របស់​ជន​ដៃ​ដល់​ឈ្មោះ ឆាយ វី និង​ឈ្មោះ ជុំ ប៊ុនធឿន ដែល​បាន​សារភាព​ថា ពួកគេ​បាន​ទទួល​លុយ​ពី​លោក ហ៊ីង ប៊ុនហៀង ឱ្យ​គប់​គ្រាប់បែក​លើ​ក្រុម​បាតុករ ក្នុង​នោះ ជន​ដៃ​ដល់​ឈ្មោះ ប្រេស៊ីល (Brazil) បាន​គប់​គ្រាប់បែក​ទី​មួយ ខណៈ​ពួកគេ​ជា​អ្នក​គប់​គ្រាប់បែក​បន្ទាប់ ហើយ​សកម្មភាព​ទាំងនេះ​ត្រូវ​បាន​រៀបចំ​ដោយ​លោក ហ៊ីង ប៊ុនហៀង ដោយ​ផ្ទាល់។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ក្រោយ​ពេល​លោក ឆាយ វី និង​លោក ជុំ ប៊ុនធឿន ចេញ​មុខ​សារភាព​ក្នុង​បទសម្ភាសន៍​ជុំវិញ​អំពើ​ឃាតកម្ម​នោះ អ្នក​ទាំង​ពីរ​ស្រាប់តែ​ត្រូវ​បាន​បាត់​ខ្លួន ដែល​ទំនង​ជា​ត្រូវ​បាន​គេ​សម្លាប់​បំបិទ​មាត់ ដូច្នេះ​វាសនា​លោក ហ៊ីង ប៊ុនហៀង ក៏​មិន​ខុស​ពី​ជន​រងគ្រោះ​មុនៗ​ដែល​ត្រូវ​បាន​លោក ហ៊ុន សែន សម្លាប់​បំបិទ​មាត់​ដែរ។

នៅ​ឆ្នាំ​១៩៩៧ លោក ហ៊ីង ប៊ុនហៀង គឺជា​មេបញ្ជាការ​កង​អង្គរក្ស​របស់​លោក ហ៊ុន សែន ខណៈ​លោក ហ៊ុយ ពិសិដ្ឋ គឺជា​មេបញ្ជាការ​កងពលតូច​លេខ​៧០។ ប៉ុន្តែ​សព្វថ្ងៃ​នេះ លោក ហ៊ីង ប៊ុនហៀង ត្រូវ​បាន​ដំឡើង​ជា​មេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​ថែម​លើ​តួនាទី​ជា​មេបញ្ជាការ​កង​អង្គរក្ស​របស់​លោក ហ៊ុន សែន។ ចំណែក​លោក ហ៊ុយ ពិសិដ្ឋ ក៏​ត្រូវ​បាន​ដំឡើង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ និង​ជា​នាយករង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន ម៉ាណែត ដែរ។

កាលពី​អំឡុង​ឆ្នាំ​២០២២ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) បាន​អះអាង​ថា នៅ​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២១ តុលាការ​ប្រទេស​បារាំង បាន​ចេញ​ដីកា​ឱ្យ​ចាប់​ខ្លួន​លោក ហ៊ុយ ពិសិដ្ឋ និង​លោក ហ៊ីង ប៊ុនហៀង ដែល​រង​នូវ​ការ​ចោទប្រកាន់​ថា​បាន​វាយប្រហារ​ដោយ​គ្រាប់បែកដៃ​លើ​ហ្វូង​បាតុករ​កាលពី​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ កន្លង​ទៅ។

ប្រភព​ដដែល​អះអាង​ថា សាលដីកា​នេះ​បញ្ជាក់​ថា មាន​សាលដីកា​មួយ​ផ្សេង​ទៀត​ដែល​បាន​បង្គាប់​ឱ្យ​លោក ហ៊ុន សែន ចូល​ខ្លួន​បំភ្លឺ​ក្នុង​សំណុំរឿង​នេះ​ដែរ ដោយសារ​គេ​រក​ឃើញ​ថា​គាត់​បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​អំពើ​គប់​គ្រាប់បែក​នេះ ប៉ុន្តែ​រដ្ឋាភិបាល​បារាំង បាន​រារាំង​មិន​ឱ្យ​បញ្ជូន​ដីកា​កោះហៅ​នេះ​ទេ ក្រោម​ហេតុផល​ថា​លោក ហ៊ុន សែន មាន​អភ័យឯកសិទ្ធិ​លំដាប់​ថ្នាក់​ដឹកនាំ​ប្រទេស។

កាលពី​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ នៅ​មុខ​មន្ទីរ​រដ្ឋសភា​ចាស់​ក្បែរ​ព្រះបរមរាជវាំង គ្រាប់បែក​ចំនួន ៤​គ្រាប់​ត្រូវ​បាន​ជនអនាមិក​គប់​ចូល​ទៅ​ក្នុង​ហ្វូង​បាតុករ​ដែល​មាន​មនុស្ស​ប្រមាណ ២០០​នាក់។ គ្រាប់បែក​បួន​គ្រាប់​នេះ​បាន​សម្លាប់​ជីវិត​មនុស្ស ១៦​នាក់ និង​ជាង ១៥០​នាក់​ត្រូវ​រង​របួស ក្នុង​នោះ​ក៏​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ដល់​ជនជាតិ​អាមេរិកាំង​ម្នាក់​ដែរ គឺ​លោក រ៉ន អាប់នី (Ron Abney) ដែល​ជា​ប្រធាន​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ (IRI) របស់​សហរដ្ឋ​អាមេរិក៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version