លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី កាលពីពេលថ្មីៗនេះ បានបន្តដាក់លក្ខខណ្ឌជាថ្មីទៀត ដោយទាមទារឱ្យមានរដ្ឋាភិបាលបណ្ដោះអាសន្នមួយរៀបចំដោយអង្គការសហប្រជាជាតិនៅអ៊ុយក្រែន ជំនួសរដ្ឋាភិបាលដឹកនាំដោយលោកប្រធានាធិបតី វូឡូឌីមៀ ហ្សេឡេនស្គី បច្ចុប្បន្ននេះ។
សារព័ត៌មាន The Moscow Times ចុះផ្សាយថា លោក ពូទីន មើលឃើញលោក ហ្សេឡេនស្គី មិនស័ក្ដិសមជាប្រធានាធិបតីអ៊ុយក្រែន នោះទេ ព្រោះលោក ហ្សេឡេនស្គី បានផុតអាណត្តិជាប្រធានាធិបតីអ៊ុយក្រែន តាំងពីខែឧសភា ឆ្នាំ២០២៤។
លោក ពូទីន បានថ្លែងថា គណៈប្រតិភូរបស់លោកនឹងមិនចរចាផ្ទាល់ជាមួយក្រុមចរចាអ៊ុយក្រែន ដែលជាសមាសភាពមន្ត្រីនៃរដ្ឋាភិបាលលោក ហ្សេឡេនស្គី ដែលលោក ពូទីន ថាជាក្រុមខុសច្បាប់ ជាក្រុមមួយគ្មានសិទ្ធិតំណាងប្រជាជនអ៊ុយក្រែន ទៀតនោះទេ។
តែបែបនេះក្ដី សភាអ៊ុយក្រែន បានបន្តអនុម័តឱ្យលោក ហ្សេឡេនស្គី នៅជាប្រធានាធិបតីអ៊ុយក្រែន រហូតប្រទេសដែលធ្លាក់ក្នុងសង្គ្រាមមានសន្តិភាពឡើងវិញ ជាមួយនឹងសង្គ្រាមរបស់រុស្ស៊ី ត្រូវបិទបញ្ចប់។
ក្រៅពីលក្ខខណ្ឌដូចនេះ ក្រុងមូស្គូ បានដាក់លក្ខខណ្ឌជាច្រើនទៅហើយ ដូចជាស្នើឱ្យដកទណ្ឌកម្មសេដ្ឋកិច្ចពីរុស្ស៊ី ទាំងស្រុងទៀតផង។ តែក្រុមប្រទេសអឺរ៉ុប បានច្រានចោលទាំងស្រុងនូវការទាមទារពីរុស្ស៊ី ទាំងការទាមទារឱ្យមានរដ្ឋាភិបាលបណ្ដោះអាសន្នពីអង្គការសហប្រជាជាតិនៅប្រទេសអ៊ុយក្រែន ជាដើម។
ចំពោះសហរដ្ឋអាមេរិក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានច្រានចោលសំណើរបស់ប្រធានាធិបតីរុស្ស៊ី ដែលទាមទារឱ្យប្រទេសអ៊ុយក្រែន ស្ថិតនៅក្រោមការដឹកនាំជាបណ្ដោះអាសន្នក្រោមឆត្ររបស់អង្គការសហប្រជាជាតិ។
ជាមួយគ្នានេះ លោក ដូណាល់ ត្រាំ បានសម្ដែងការខកចិត្តចំពោះលោក ពូទីន ដែលចោទសួរពីភាពស្របច្បាប់របស់លោក ហ្សេឡេនស្គី ក្នុងនាមជាប្រធានាធិបតីប្រទេសអ៊ុយក្រែន។ លោក ត្រាំ ក៏បានព្រមានអំពីការដាក់ទណ្ឌកម្មថែមទៀតលើការនាំចេញប្រេងរបស់រុស្ស៊ី ប្រសិនបើរុស្ស៊ី ក្លាយជាបញ្ហាទប់ស្កាត់ និងធ្វើផែនការសន្តិភាពរបស់អាមេរិកបរាជ័យ។
ទន្ទឹមនឹងនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានទាត់ចោលសំណើរបស់ប្រធានាធិបតីរុស្ស៊ី ដែលចង់ឱ្យអ៊ុយក្រែន ត្រូវដាក់ឱ្យស្ថិតក្រោមរដ្ឋាភិបាលបណ្ដោះអាសន្នមួយ ទើបរុស្ស៊ី ព្រមបញ្ចប់សង្គ្រាម។
នៅពេលត្រូវបានអ្នកសារព័ត៌មានសាកសួរអំពីសំណើរបស់លោក ពូទីន ស្ដីពីរដ្ឋាភិបាលបណ្ដោះអាសន្នក្រោមឆត្ររបស់អង្គការសហប្រជាជាតិនៅអ៊ុយក្រែន លោក Guterres បានឆ្លើយតបថា អ៊ុយក្រែនបច្ចុប្បន្នមានរដ្ឋាភិបាលស្របច្បាប់របស់ខ្លួនទៅហើយ។
ចំណែកអ្នកស្រី Tammy Bruce អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកអះអាងថា អ៊ុយក្រែនជាប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ដែលអំណាចក្នុងការគ្រប់គ្រងរបស់ប្រធានាធិបតីត្រូវបានកំណត់ដោយរដ្ឋធម្មនុញ្ញ និងប្រជាជនអ៊ុយក្រែន។
ទោះជាបែបនេះក្តី លោក ពូទីន និយាយថា ដើម្បីឱ្យកិច្ចចរចាជាមួយអ៊ុយក្រែន អាចកើតឡើង អ៊ុយក្រែនចាំបាច់ត្រូវមានរដ្ឋាភិបាលស្របច្បាប់មួយ។ លោកប្រធានាធិបតីរុស្ស៊ី បានលើកឡើងថា ជាគោលការណ៍ រដ្ឋាភិបាលបណ្ដោះអាសន្នមួយអាចបង្កើតឡើងនៅអ៊ុយក្រែន ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ហើយស្ថាប័នពិភពលោកនេះមានកាតព្វកិច្ចក្នុងរឿងនេះ។
តាមលោក ពូទីន ក្រោយពីមានរដ្ឋាភិបាលបណ្ដោះអាសន្ន អ៊ុយក្រែនត្រូវតែរៀបចំការបោះឆ្នោតប្រធានាធិបតីឡើងវិញ ដែលនឹងនាំមកនូវរដ្ឋាភិបាលមានសមត្ថភាពពេញលេញ និងមានការជឿទុកចិត្តពីប្រជាជន ហើយបន្ទាប់មក ការចាប់ផ្តើមចរចាជាមួយរដ្ឋាភិបាលថ្មីអាចធ្វើទៅបានជាមួយគណៈប្រតិភូរុស្ស៊ី អំពីសន្ធិសញ្ញាសន្តិភាពរុស្ស៊ី និងអ៊ុយក្រែន។
តែអ្នកសង្កេតការណ៍យល់ថា ការពិត លោក ពូទីន មិនចង់ជួបលោក ហ្សេឡេនស្គី នោះទេ ព្រោះថានៅពេលកិច្ចព្រមព្រៀងសន្ធិសញ្ញាសន្តិភាពរុស្ស៊ី និងអ៊ុយក្រែន ត្រូវបានព្រមព្រៀងជាផ្លូវការ ត្រូវតែមេដឹកនាំច្បាំងគ្នាទាំងពីរនេះជាអ្នកចុះហត្ថលេខាបញ្ចប់សង្គ្រាម។
យ៉ាងណា ស្របពេលដែលដំណើរឆ្ពោះទៅរកការបញ្ចប់សង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែន កំពុងស្ថិតលើវិថីដ៏លំបាកបំផុតក្រោមលក្ខខណ្ឌរបស់រុស្ស៊ី ក្រុមប្រទេសអឺរ៉ុប និងអង្គការយោធាណាតូ (NATO) នៅតែប្ដេជ្ញាចិត្តបន្តជួយអ៊ុយក្រែន ក្រោយពីលោក ពូទីន ចេះតែបន្ថែមលក្ខខណ្ឌទៅលើសំណើសន្តិភាពរបស់លោក ដូណាល់ ត្រាំ។
កាលពីថ្ងៃពុធ ទី២ មេសា អគ្គលេខាធិការនៃអង្គការ NATO លោក Mark Rutte បាននិយាយថា សម្ព័ន្ធមិត្ត NATO បានសន្យាគាំទ្រផ្នែកយោធាអ៊ុយក្រែន ក្នុងទំហំ ២១ពាន់ ៦៥លានដុល្លារសម្រាប់អ៊ុយក្រែន ក្នុងរយៈពេល ៣ខែដំបូងនៃឆ្នាំ២០២៥។
លោកអគ្គលេខាធិការ NATO អះអាងដូចនេះក្នុងសន្និសីទកាសែតនាទីក្រុងប្រ៊ុចសែល នៅថ្ងៃព្រហស្បតិ៍នេះថា សម្ព័ន្ធមិត្ត NATO នឹងបន្តផ្តល់ជំនួយយោធាដល់អ៊ុយក្រែន រហូតដល់ក្រុងមូស្គូ បញ្ចប់សង្គ្រាម។
តាមលោក Mark Rutte សន្តិភាពមួយដែលមានស្ថិរភាពត្រូវតែមានបទឈប់បាញ់គ្នាជាអចិន្ត្រៃយ៍នៅប្រទេសអ៊ុយក្រែន ហើយការដាក់លក្ខខណ្ឌណាដែលខុសនឹងកាលៈទេសៈមិនអាចទទួលបានឡើយ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
