ប្រទេសកម្ពុជា នឹងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចូលឆ្នាំម្សាញ់ ដាច់ឆ្នាំរោង ឆស័ក រយៈពេល ៣ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃចន្ទ ទី១៤ និងបញ្ចប់ទៅវិញនៅថ្ងៃពុធ ទី១៦ សប្តាហ៍ក្រោយនេះ។
ប្រជាជនខ្មែរបានប្រកាន់យកទំនៀមទម្លាប់ប្រពៃណីជាតិរបស់ខ្លួនក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី រយៈពេល ៣ថ្ងៃ។ ថ្ងៃដំបូង ចាស់បុរាណចាត់ទុកជាថ្ងៃមហាសង្ក្រាន្ត ឬសង្ក្រាន្តធំ ពោលគឺថ្ងៃទីមួយនៃដំណើរត្រាច់ចរវិលមួយជុំជួបគ្នាក្នុង ១២ខែ ដែលជាថ្ងៃទេវតាចុះ។ នៅប្រទេសឥណ្ឌា អ្នកកាន់សាសនាព្រាហ្មណ៍ ហៅដំណើរវិលមួយជុំ ៧ថ្ងៃ ឬមួយសប្តាហ៍ ថាសង្ក្រាន្តសប្តាហ៍ មួយខែ សង្ក្រាន្តខែ ដែលជាសង្ក្រាន្តតូច ចំណែកឯថ្ងៃទី២ ចាស់បុរាណហៅថា «វារៈវនបត» ឬថ្ងៃខ្វាក់ និងថ្ងៃទី៣ គឺជាថ្ងៃចុងបញ្ចប់ ហៅថា «វារៈ ឬថ្ងៃឡើងស័ក»។
ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ផ្តើមឡើងនៅថ្ងៃទី១៣ ឬថ្ងៃទី១៤ ខែមេសា ត្រូវនឹងខែចេត្រ ជារៀងរាល់ឆ្នាំ ប៉ុន្តែបើថ្ងៃចូលឆ្នាំថ្មីជាន់លើថ្ងៃដូចគ្នានឹងថ្ងៃចូលឆ្នាំចាស់ទាំង ៧ ណាមួយ នោះគេនឹងរំកិលមកថ្ងៃបន្ទាប់វិញ។
ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីតែងតែធ្វើឡើងជារៀងរាល់ឆ្នាំនៅពាក់កណ្តាលខែមេសា ឬខែចេត្រ ដែលជាពិធីបុណ្យដ៏ធំមួយក្នុងចំណោមពិធីបុណ្យប្រពៃណីប្រជាជាតិខ្មែរជាច្រើនទៀត ដូចជា បុណ្យភ្ជុំបិណ្ឌ និងអុំទូក អកអំបុក សំពះព្រះខែ ជាដើម។
ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក នឹងឈានចូលមកដល់នៅថ្ងៃចន្ទ ២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥។
ទេពធីតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាម «គោរាគទេវី» តំណាងឲ្យថ្ងៃចន្ទ ដែលជាបុត្រីទី២ ក្នុងចំណោមបុត្រីទាំង៧ នៃកបិលមហាព្រហ្ម គង់នៅឋានចាតុម្មហារាជិការ នឹងយាងចុះមកថែរក្សាដែនដីជម្ពូទ្វីបនេះបន្តពីទេវតាឆ្នាំចាស់ ព្រះនាង កិមិរាទេវី នៅវេលាម៉ោង ៤:៤៨នាទីព្រឹកព្រលឹម ឬទៀបភ្លឺតាមកាលកំណត់។
ទេពធីតា «គោរាគទេវី» ទ្រង់លម្អដោយផ្កាអង្គារបុស្ស សៀតត្រង់ព្រះការណ៍ គឺត្រចៀក អាភរណៈទ្រង់កែវមុត្តា (គជ់ខ្យង) ព្រះហស្តស្តាំទ្រង់ព្រះខ័ន ព្រះហស្តឆ្វេងទ្រង់យដ្ឋិ ឬ (ឈើច្រត់) ភក្សាហារប្រេង សណ្តែក និងល្ង គង់ផ្ទំបិទព្រះនេត្រលើខ្នងព្យគ្ឃ ឬ(ខ្លាធំ) ជាពាហនៈ។
ជុំវិញការប្រារព្ធពិធីបុណ្យចូលឆ្នាំនេះ ប្រជាពលរដ្ឋខ្មែរតែងរៀបចំពិធីនៅតាមគេហដ្ឋានរៀងៗខ្លួន ដើម្បីទទួលទេវតាឆ្នាំថ្មី មុននឹងពិធីចូលឆ្នាំខ្មែរចាប់ផ្តើម ដោយការបូជាគ្រឿងសក្ការៈជាច្រើន ដូចជា បាយសី ស្លាធម៌ ដូងខ្ចី ធូប ទៀន ទឹកអប់ ផ្កាភ្ញី និងភេសជ្ជៈ ផ្លែឈើជាច្រើនមុខ។
រយៈពេល ៣ថ្ងៃនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ដែលហៅថា មហាសង្ក្រាន្ត ប្រជាជនខ្មែរតែងយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្តអារាម ចំណែកថ្ងៃទី២ ជាថ្ងៃវារៈវនបត ប្រជាពលរដ្ឋខ្មែរតែងជូនសម្លៀកបំពាក់ និងគ្រឿងបរិក្ខារផ្សេងៗដល់អ្នកមានគុណ ដូចជា ឪពុកម្ដាយ ជីដូនជីតា គ្រូបាធ្យាយ និងនិមន្តព្រះសង្ឃបង្សុកូលដើម្បីបញ្ជូនមគ្គផលដល់វិញ្ញាណក្ខន្ធបុព្វការីជនដែលបានចែកឋាន ជាដើម។
ដោយឡែកថ្ងៃទី៣ ត្រូវកំណត់ថាជាថ្ងៃ វារៈឡើងស័ក ដែលជាថ្ងៃចុងក្រោយ ប្រជាជនខ្មែរទូទាំងប្រទេសតែងស្រង់ទឹកលាងជម្រះដល់ព្រះពុទ្ធបដិមា ព្រះសង្ឃ និងឪពុកម្ដាយ ដើម្បីសុំខមាទោសលុះលាត្រាប្រណីដែលខ្លួនបានប្រព្រឹត្តខុសកាលពីឆ្នាំចាស់ គម្រប់ជាមហាសង្ក្រាន្តទាំងបីថ្ងៃ ដោយបរិបូណ៌ចូលជាសកល ឆ្នាំម្សាញ់ សប្តស័ក តរៀងទៅ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
