30.9 C
Phnom Penh

ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ទំនៀមទម្លាប់​ជាតិ​ខ្មែរ ឆ្នាំ​ម្សាញ់ ទទួល​ទេពធីតា ព្រះនាង គោរាគទេវី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេស​កម្ពុជា នឹង​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ចូល​ឆ្នាំ​ម្សាញ់ ដាច់​ឆ្នាំ​រោង ឆស័ក រយៈពេល ៣​ថ្ងៃ ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ចន្ទ ទី​១៤ និង​បញ្ចប់​ទៅ​វិញ​នៅ​ថ្ងៃ​ពុធ ទី​១៦ សប្តាហ៍​ក្រោយ​នេះ។

ប្រជាជន​ខ្មែរ​បាន​ប្រកាន់​យក​ទំនៀមទម្លាប់​ប្រពៃណី​ជាតិ​របស់​ខ្លួន​ក្នុង​ការ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី រយៈពេល ៣​ថ្ងៃ។ ថ្ងៃ​ដំបូង ចាស់​បុរាណ​ចាត់ទុក​ជា​ថ្ងៃ​មហាសង្ក្រាន្ត ឬ​សង្ក្រាន្ត​ធំ ពោល​គឺ​ថ្ងៃ​ទី​មួយ​នៃ​ដំណើរ​ត្រាច់ចរ​វិល​មួយ​ជុំ​ជួប​គ្នា​ក្នុង ១២​ខែ ដែល​ជា​ថ្ងៃ​ទេវតា​ចុះ។ នៅ​ប្រទេស​ឥណ្ឌា អ្នក​កាន់​សាសនា​ព្រាហ្មណ៍ ហៅ​ដំណើរ​វិល​មួយ​ជុំ ៧​ថ្ងៃ ឬ​មួយ​សប្តាហ៍ ថា​សង្ក្រាន្ត​សប្តាហ៍ មួយ​ខែ សង្ក្រាន្ត​ខែ ដែល​ជា​សង្ក្រាន្ត​តូច ចំណែកឯ​ថ្ងៃទី​២ ចាស់​បុរាណ​ហៅថា «វារៈវនបត» ឬ​ថ្ងៃ​ខ្វាក់ និង​ថ្ងៃទី​៣ គឺជា​ថ្ងៃ​ចុងបញ្ចប់ ហៅថា «វារៈ ឬ​ថ្ងៃ​ឡើងស័ក»។

ថ្ងៃ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ចាប់ផ្តើម​ឡើង​នៅ​ថ្ងៃទី​១៣ ឬ​ថ្ងៃទី​១៤ ខែ​មេសា ត្រូវ​នឹង​ខែ​ចេត្រ ជា​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​បើ​ថ្ងៃ​ចូលឆ្នាំ​ថ្មី​ជាន់​លើ​ថ្ងៃ​ដូច​គ្នា​នឹង​ថ្ងៃ​ចូលឆ្នាំ​ចាស់​ទាំង ៧ ណា​មួយ នោះ​គេ​នឹង​រំកិល​មក​ថ្ងៃ​បន្ទាប់​វិញ។

ការ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​តែងតែ​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​នៅ​ពាក់កណ្តាល​ខែ​មេសា ឬ​ខែ​ចេត្រ ដែល​ជា​ពិធីបុណ្យ​ដ៏​ធំ​មួយ​ក្នុង​ចំណោម​ពិធីបុណ្យ​ប្រពៃណី​ប្រជាជាតិ​ខ្មែរ​ជាច្រើន​ទៀត ដូចជា បុណ្យ​ភ្ជុំបិណ្ឌ និង​អុំទូក អកអំបុក សំពះ​ព្រះខែ ជាដើម។

ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី ឆ្នាំ​ម្សាញ់ សប្តស័ក នឹង​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃ​ចន្ទ ២​រោច ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​មេសា ឆ្នាំ​២០២៥។

ទេពធីតា​ឆ្នាំ​ថ្មី ឆ្នាំ​ម្សាញ់ ព្រះនាម «គោរាគទេវី» តំណាង​ឲ្យ​ថ្ងៃ​ចន្ទ ដែល​ជា​បុត្រី​ទី​២ ក្នុង​ចំណោម​បុត្រី​ទាំង​៧ នៃ​កបិលមហាព្រហ្ម គង់​នៅ​ឋាន​ចាតុម្មហារាជិការ នឹង​យាង​ចុះ​មក​ថែរក្សា​ដែនដី​ជម្ពូទ្វីប​នេះ​បន្ត​ពី​ទេវតា​ឆ្នាំ​ចាស់ ព្រះនាង កិមិរាទេវី នៅ​វេលា​ម៉ោង ៤:៤៨​នាទី​ព្រឹក​ព្រលឹម ឬ​ទៀបភ្លឺ​តាម​កាលកំណត់។

ទេពធីតា «គោរាគទេវី» ទ្រង់​លម្អ​ដោយ​ផ្កាអង្គារបុស្ស សៀត​ត្រង់​ព្រះការណ៍ គឺ​ត្រចៀក អាភរណៈ​ទ្រង់​កែវមុត្តា (គជ់ខ្យង) ព្រះហស្ត​ស្តាំ​ទ្រង់​ព្រះខ័ន ព្រះហស្ត​ឆ្វេង​ទ្រង់​យដ្ឋិ ឬ (ឈើច្រត់) ភក្សាហារ​ប្រេង សណ្តែក និង​ល្ង គង់​ផ្ទំ​បិទ​ព្រះនេត្រ​លើ​ខ្នង​ព្យគ្ឃ ឬ​(ខ្លាធំ) ជា​ពាហនៈ។

ជុំវិញ​ការ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​នេះ ប្រជាពលរដ្ឋ​ខ្មែរ​តែង​រៀបចំ​ពិធី​នៅ​តាម​គេហដ្ឋាន​រៀងៗ​ខ្លួន ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី មុន​នឹង​ពិធី​ចូលឆ្នាំ​ខ្មែរ​ចាប់ផ្តើម ដោយ​ការ​បូជា​គ្រឿង​សក្ការៈ​ជាច្រើន ដូចជា បាយសី ស្លាធម៌ ដូងខ្ចី ធូប ទៀន ទឹកអប់ ផ្កា​ភ្ញី និង​ភេសជ្ជៈ ផ្លែឈើ​ជាច្រើន​មុខ។

រយៈពេល ៣​ថ្ងៃ​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នេះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​១ ដែល​ហៅថា មហាសង្ក្រាន្ត ប្រជាជន​ខ្មែរ​តែង​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​អារាម ចំណែក​ថ្ងៃទី​២ ជា​ថ្ងៃ​វារៈវនបត ប្រជាពលរដ្ឋ​ខ្មែរ​តែង​ជូន​សម្លៀកបំពាក់ និង​គ្រឿង​បរិក្ខារ​ផ្សេងៗ​ដល់​អ្នក​មាន​គុណ ដូចជា ឪពុកម្ដាយ ជីដូន​ជីតា គ្រូបាធ្យាយ និង​និមន្ត​ព្រះសង្ឃ​បង្សុកូល​ដើម្បី​បញ្ជូន​មគ្គផល​ដល់​វិញ្ញាណក្ខន្ធ​បុព្វការីជន​ដែល​បាន​ចែក​ឋាន ជាដើម។

ដោយឡែក​ថ្ងៃទី​៣ ត្រូវ​កំណត់​ថា​ជា​ថ្ងៃ វារៈ​ឡើងស័ក ដែល​ជា​ថ្ងៃ​ចុងក្រោយ ប្រជាជន​ខ្មែរ​ទូទាំង​ប្រទេស​តែង​ស្រង់​ទឹក​លាង​ជម្រះ​ដល់​ព្រះពុទ្ធ​បដិមា ព្រះសង្ឃ និង​ឪពុកម្ដាយ ដើម្បី​សុំ​ខមាទោស​លុះ​លា​ត្រា​ប្រណី​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ខុស​កាលពី​ឆ្នាំ​ចាស់ គម្រប់​ជា​មហាសង្ក្រាន្ត​ទាំង​បី​ថ្ងៃ ដោយ​បរិបូណ៌​ចូល​ជា​សកល ឆ្នាំ​ម្សាញ់ សប្តស័ក ត​រៀង​ទៅ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស