តុលាការកំពូលគ្រោងនឹងប្រកាសសំណើសុំនៅក្រៅឃុំរបស់សកម្មជនចលនាមាតាធម្មជាតិ ទាំង ៥នាក់ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ដោយចោទប្រកាន់ពីបទ «រួមគំនិតក្បត់ និងប្រមាថចំពោះអង្គព្រះមហាក្សត្រ» នៅចុងខែមេសា នេះ។
តុលាការកំពូលក្រុងភ្នំពេញ បានបើកសវនាការលើសំណើសុំនៅក្រៅឃុំរបស់សកម្មជនចលនាមាតាធម្មជាតិ ទាំង ៥នាក់ រួមមាន កញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា និងលោក យីម លាងហ៊ី នៅថ្ងៃពុធនេះ។ ក្រោយដំណើរការសវនាការពេញមួយព្រឹក តុលាការកំពូល បានសម្រេចថា នឹងប្រកាសសាលដីកាលើសំណើសុំនៅក្រៅឃុំនេះនៅថ្ងៃទី៣០ ខែមេសា ខាងមុខនេះ។
ក្រោយបញ្ចប់សវនាការ តុលាការសម្រេចបញ្ជូនអ្នកទាំង ៥នាក់ត្រឡប់ទៅកាន់ពន្ធនាគារផ្សេងៗគ្នាវិញ ក្នុងនោះ កញ្ញា ភួន កែវរស្មី ត្រូវបញ្ជូនទៅពន្ធនាគារខេត្តពោធិ៍សាត់ លោក យីម លាងហ៊ី ទៅពន្ធនាគារខេត្តកំពង់ស្ពឺ លោក លី ចាន់ដារ៉ាវុត ទៅពន្ធនាគារខេត្តកណ្តាល លោក ថុន រដ្ឋា ទៅពន្ធនាគារខេត្តត្បូងឃ្មុំ និងកញ្ញា ឡុង គន្ធា ទៅពន្ធនាគារខេត្តព្រះវិហារ។
កាលពីចុងខែកុម្ភៈ ឆ្នាំ២០២៥ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានបើកសវនាការលើសំណើសុំនៅក្រៅឃុំរបស់សកម្មជនបរិស្ថានទាំង ៥នាក់ដែរ តែតុលាការមិនអនុញ្ញាតតាមការស្នើសុំរបស់សាមីខ្លួន និងមេធាវីឡើយ។
កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោសសមាជិក និងអតីតសមាជិកចលនាមាតាធម្មជាតិ ចំនួន ១០នាក់ពីបទ «រួមគំនិតក្បត់ និងប្រមាថចំពោះអង្គព្រះមហាក្សត្រ» ក្នុងនោះ លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន លោក យីម លាងហ៊ី និងកញ្ញា ស៊ុន រដ្ឋា ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំពីបទ «រួមគំនិតក្បត់ និងប្រមាថចំពោះអង្គព្រះមហាក្សត្រ»។ ចំណែកលោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុត កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី លោក ពក ខើយ លោក ប៉ិច ពិសិដ្ឋ និងអ្នកស្រី រ៉ី រក្សា ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល ៦ឆ្នាំ ពីបទរួមគំនិតក្បត់។
ជុំវិញបញ្ហានេះ អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៣ មេសា នេះថា យុវជនមាតាធម្មជាតិតែងរងនូវការរំលោភបំពាន ការគំរាមកំហែង និងការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌចំពោះភាពសកម្មភាពអហិង្សារបស់ពួកគេជាបន្តបន្ទាប់ ជុំវិញការតស៊ូមតិទាមទារឱ្យលុបចោលនូវការផ្ដល់ដីឱ្យឯកជនអភិវឌ្ឍក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ជាដើម (ឧទ្យានជាតិគិរីរម្យ)។
ប្រភពដដែលបញ្ជាក់ថា សកម្មជនទាំងនេះក៏រងនូវការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌចំពោះការទាមទារឱ្យមានការការពារព្រៃឈើនៅលើភ្នំបូកគោ ពីការឈូសឆាយដើម្បីអភិវឌ្ឍជាទីក្រុង និងទាមទារឱ្យបញ្ឈប់ការបូមខ្សាច់នៅក្នុងខេត្តកោះកុង រួមទាំងការទាមទារឱ្យការពារកោះកុងក្រៅ និងការទាមទារឱ្យបញ្ឈប់ការបង្ហូរទឹកកខ្វក់ចូលក្នុងទន្លេ សមុទ្រ ក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ផងដែរ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
