28.6 C
Phnom Penh

តុលាការ​កំពូល​នឹង​ប្រកាស​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​មាតា​ធម្មជាតិ​នៅ​ចុង​ខែ​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការ​កំពូល​គ្រោង​នឹង​ប្រកាស​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ ទាំង ៥​នាក់ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ដោយ​ចោទប្រកាន់​ពី​បទ «រួម​គំនិត​ក្បត់ និង​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ» នៅ​ចុង​ខែ​មេសា នេះ។

តុលាការ​កំពូល​ក្រុង​ភ្នំពេញ បាន​បើក​សវនាការ​លើ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ ទាំង ៥​នាក់ រួម​មាន កញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា និង​លោក យីម លាងហ៊ី នៅ​ថ្ងៃ​ពុធ​នេះ។ ក្រោយ​ដំណើរការ​សវនាការ​ពេញ​មួយ​ព្រឹក តុលាការ​កំពូល បាន​សម្រេច​ថា នឹង​ប្រកាស​សាលដីកា​លើ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​នេះ​នៅ​ថ្ងៃទី​៣០ ខែ​មេសា ខាងមុខ​នេះ។

ក្រោយ​បញ្ចប់​សវនាការ តុលាការ​សម្រេច​បញ្ជូន​អ្នក​ទាំង ៥​នាក់​ត្រឡប់​ទៅ​កាន់​ពន្ធនាគារ​ផ្សេងៗ​គ្នា​វិញ ក្នុង​នោះ កញ្ញា ភួន កែវរស្មី ត្រូវ​បញ្ជូន​ទៅ​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ លោក យីម លាងហ៊ី ទៅ​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ លោក លី ចាន់ដារ៉ាវុត ទៅ​ពន្ធនាគារ​ខេត្ត​កណ្តាល លោក ថុន រដ្ឋា ទៅ​ពន្ធនាគារ​ខេត្ត​ត្បូងឃ្មុំ និង​កញ្ញា ឡុង គន្ធា ទៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ។

កាលពី​ចុង​ខែ​កុម្ភៈ ឆ្នាំ​២០២៥ សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​លើ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​បរិស្ថាន​ទាំង ៥​នាក់​ដែរ តែ​តុលាការ​មិន​អនុញ្ញាត​តាម​ការ​ស្នើសុំ​របស់​សាមី​ខ្លួន និង​មេធាវី​ឡើយ។

កាលពី​ថ្ងៃទី​០២ ខែ​កក្កដា ឆ្នាំ​២០២៤ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ផ្ដន្ទាទោស​សមាជិក និង​អតីត​សមាជិក​ចលនា​មាតា​ធម្មជាតិ ចំនួន ១០​នាក់​ពី​បទ «រួម​គំនិត​ក្បត់ និង​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ» ក្នុង​នោះ លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន លោក យីម លាងហ៊ី និង​កញ្ញា ស៊ុន រដ្ឋា ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៨​ឆ្នាំ​ពី​បទ «រួម​គំនិត​ក្បត់ និង​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ»។ ចំណែក​លោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុត កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី លោក ពក ខើយ លោក ប៉ិច ពិសិដ្ឋ និង​អ្នកស្រី រ៉ី រក្សា ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល ៦​ឆ្នាំ ពី​បទ​រួម​គំនិត​ក្បត់។

ជុំវិញ​បញ្ហា​នេះ អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស (លីកាដូ) សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៣ មេសា នេះ​ថា យុវជន​មាតា​ធម្មជាតិ​តែង​រង​នូវ​ការ​រំលោភ​បំពាន ការ​គំរាមកំហែង និង​ការ​ចោទប្រកាន់​ពី​បទល្មើស​ព្រហ្មទណ្ឌ​ចំពោះ​ភាព​សកម្មភាព​អហិង្សា​របស់​ពួកគេ​ជាបន្តបន្ទាប់ ជុំវិញ​ការ​តស៊ូ​មតិ​ទាមទារ​ឱ្យ​លុប​ចោល​នូវ​ការ​ផ្ដល់​ដី​ឱ្យ​ឯកជន​អភិវឌ្ឍ​ក្នុង​ឧទ្យាន​ជាតិ​ព្រះសុរាម្រិត​កុសុមៈ​គិរីរម្យ ជាដើម (ឧទ្យាន​ជាតិ​គិរីរម្យ)។

ប្រភព​ដដែល​បញ្ជាក់​ថា សកម្មជន​ទាំងនេះ​ក៏​រង​នូវ​ការ​ចោទប្រកាន់​ពី​បទល្មើស​ព្រហ្មទណ្ឌ​ចំពោះ​ការ​ទាមទារ​ឱ្យ​មាន​ការ​ការពារ​ព្រៃឈើ​នៅ​លើ​ភ្នំ​បូកគោ ពី​ការ​ឈូស​ឆាយ​ដើម្បី​អភិវឌ្ឍ​ជា​ទីក្រុង និង​ទាមទារ​ឱ្យ​បញ្ឈប់​ការ​បូម​ខ្សាច់​នៅ​ក្នុង​ខេត្ត​កោះកុង រួម​ទាំង​ការ​ទាមទារ​ឱ្យ​ការពារ​កោះកុងក្រៅ និង​ការ​ទាមទារ​ឱ្យ​បញ្ឈប់​ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​ក្នុង​ទន្លេ សមុទ្រ ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ផង​ដែរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស