The Cambodia Daily Khmer

ខួប​៥០​ឆ្នាំ​នៃ​ការ​បង្រួបបង្រួម​យៀកណាម​ទាំង​ពីរ មេ​បក្ស​យៀកណាម​ដឹងគុណ​ប្រធាន ហូ ជីមិញ

រូបថត​លោក ហូ ជីមិញ ដែល​មេដឹកនាំ​វៀតណាម បិតា​នៃ​បក្ស​កុម្មុយនីស្ត​វៀតណាម ត្រូវ​បាន​យក​មក​ដាក់​ដឹក​មុខ​ក្បួន​ដង្ហែ​អម​ដោយ​យន្តហោះ​ចម្បាំង ឧទ្ធម្ភាគចក្រ ហោះ​ពេញ​ផ្ទៃមេឃ​នៃ​ទីក្រុង​ហូជីមិញ នៅ​ថ្ងៃ​ខួប​ទី​៥០ នៃ​ជ័យជម្នះ​របស់​បក្ស​កុម្មុយនីស្ត ឬ​បក្ស​ពលករ​វៀតណាម ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០២៥។

រូបថត​លោក ហូ ជីមិញ ដែល​មេដឹកនាំ​វៀតណាម បិតា​នៃ​បក្ស​កុម្មុយនីស្ត​វៀតណាម ត្រូវ​បាន​យក​មក​ដាក់​ដឹក​មុខ​ក្បួន​ដង្ហែ​អម​ដោយ​យន្តហោះ​ចម្បាំង ឧទ្ធម្ភាគចក្រ ហោះ​ពេញ​ផ្ទៃមេឃ​នៃ​ទីក្រុង​ហូជីមិញ នៅ​ថ្ងៃ​ខួប​ទី​៥០ នៃ​ជ័យជម្នះ​របស់​បក្ស​កុម្មុយនីស្ត ឬ​បក្ស​ពលករ​វៀតណាម ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០២៥។

ក្នុង​ឱកាស​ដ៏​មហោឡារិក​នៃ​ការ​ប្រារព្ធ​ទិវា​អបអរ​សាទរ​ខួប​ទី​៥០ នៃ​ការ​ផ្ដួល​រំលំ​ទីក្រុង​សៃហ្គន រដ្ឋធានី​នៃ​រដ្ឋាភិបាល​វៀតណាម​ខាងត្បូង កាលពី​ថ្ងៃទី​៣០ មេសា មាន​អ្នក​ចូលរួម​ដល់​ទៅ ១៣០០០​នាក់ មាន​ភ្ញៀវ​អន្តរជាតិ​ច្រើន​កុះករ ជាមួយ​នឹង​ការ​ធ្វើ​ពិធី​ក្បួន​យន្តហោះ​ចម្បាំង ឧទ្ធម្ភាគចក្រ ព្រមទាំង​កងទ័ព​មក​ពី​ប្រទេស​ជិតខាង ដូចជា ចិន កម្ពុជា និង​ឡាវ។

ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​វៀតណាម លោក To Lam អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត ជា​មេដឹកនាំ​កំពូល​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម បាន​ថ្លែង​សុន្ទរកថា​ស្វាគមន៍​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដោយ​មោទនភាព​ក្រៃលែង។

ថ្លែង​ចំពោះ​ប្រជាជាតិ​វៀតណាម​ចាស់​ក្មេង គ្រប់​ស្រទាប់​វណ្ណៈ​ទាំងអស់​ដែល​បាន​ឆ្លងកាត់​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់ បាត់បង់ និង​ងើប​ឡើងវិញ​របស់​វៀតណាម លោក To Lam បាន​ហៅ​សមមិត្ត​ហូជីមិញ ជា​មហា​បុរស​តែ​មួយ​គត់​នៃ​ប្រជាជាតិ​វៀតណាម ដែល​មិន​អាច​បំភ្លេច​បាន​ឡើយ។

ឆ្លៀត​ក្នុង​ឱកាស​ដ៏​គួរ​ជា​ទី​មោទនៈ​នេះ លោក To Lam ក៏​បាន​សម្ដែង​នូវ​ការ​គោរព​ដឹងគុណ​ជូន​ចំពោះ​សមមិត្ត ប្រតិភូ អ្នក​ស្នេហា​ជាតិ ជាមួយ​នឹង​ការ​រៀបរាប់​រំលឹក​ឡើងវិញ​អំពី​ប្រវត្តិសាស្ត្រ​ប្រកប​ដោយ​ភាព​ជូរចត់ និង​អង់អាច​របស់​ប្រជាជាតិ​វៀតណាម ដែល​បាន​លះបង់​នូវ​កម្លាំង​កាយ កម្លាំង​ចិត្ត គំនិត​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ ដែល​នាំ​ឱ្យ​វៀតណាម កំពុង​បោះ​ជំហាន​ក្លាយ​ជា​មហា​ប្រទេស​ដ៏​ធំ​ដ៏​រុងរឿង និង​ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​ទី​២០ នៃ​ពិភពលោក។

លោក To Lam បាន​សង្កត់​ធ្ងន់​នូវ​ទំនាក់ទំនង​ពី​សត្រូវ​ប្រែ​ជា​មិត្ត​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក ពី​ការ​ដួល​រលំ​នៃ​ទីក្រុង​សៃហ្គន រហូត​វៀតណាម អាច​ឈាន​មក​ដល់​ការ​បង្រួបបង្រួម​ជាតិ​តែ​មួយ មក​ទល់​នឹង​សព្វថ្ងៃ​នេះ ដែល​គ្មាន​ប្រទេស​ណា​បំបែកបំបាក់ ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​បាន​ឡើយ។

សហរដ្ឋ​អាមេរិក​មិន​បាន​បញ្ជូន​តំណាង​រដ្ឋាភិបាល​ពី​រដ្ឋការ​ប្រធានាធិបតី ដូណាល់ ត្រាំ ទៅ​ចូលរួម​ក្នុង​ខួប​បញ្ចប់​សង្គ្រាម​យៀកណាម នោះ​ទេ។

លោក To Lam បាន​ប្រកាស​ប្ដេជ្ញា​បន្ត​ដើរ​តាម​មាគ៌ា​របស់​វីរបុរស​វៀតណាម គឺ​សមមិត្ត ហូ ជីមិញ ដែល​ប្រជាជាតិ​វៀតណាម ចាត់ទុក​មេដឹកនាំ​រូប​នេះ​ជា​បិតា​បង្រួបបង្រួម​ជាតិ​ជាមួយ​នឹង​គោលនយោបាយ​ប្រកប​ដោយ​ភាព​ឈ្លាសវៃ បត់បែន។

ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​១៩៧៥ គឺជា​ថ្ងៃ​ដែល​កងទ័ព​កុម្មុយនីស្ត​វៀតណាម​ខាងជើង បាន​ធ្វើ​សង្គ្រាម​វាយ​យក​ជ័យជម្នះ​លើ​កងទ័ព​វៀតណាម​ខាងត្បូង ដែល​គាំទ្រ​ដោយ​កងទ័ព​មហាអំណាច​សហរដ្ឋ​អាមេរិក។ ថ្ងៃ​ខួប​ទី​៥០ នៃ​ជ័យជម្នះ​របស់​បក្ស​កុម្មុយនីស្ត ឬ​បក្ស​ពលករ​វៀតណាម ទង់ជាតិ​វៀតណាម ពណ៌​ក្រហម​មាន​ផ្កាយ​ពណ៌​លឿង​នៅ​កណ្តាល បាន​បក់​រវិចៗ​ពេញ​ដង​វិថី​នៅ​ទីក្រុង​ហូជីមិញ។ រូបថត ហូ ជីមិញ បិតា​នៃ​បក្ស​កុម្មុយនីស្ត​វៀតណាម ត្រូវ​បាន​យក​មក​ដាក់​ដឹក​មុខ​ក្បួន​ដង្ហែ​អម​ដោយ​យន្តហោះ​ចម្បាំង ឧទ្ធម្ភាគចក្រ ហោះ​ពេញ​ផ្ទៃមេឃ​នៃ​ទីក្រុង​ហូជីមិញ។

លោក To Lam អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម បាន​ថ្លែង​សេចក្តី​អរគុណ​ចំពោះ​សហភាព​សូវៀត និង​មហាមិត្ត​ជិតខាង​ទាំង​បី គឺ​កម្ពុជា ឡាវ និង​ចិន ដែល​បាន​ជួយ​ទំនុក​បម្រុង​ជ្រោមជ្រែង​ធ្វើ​ឲ្យ​កងទ័ព​កុម្មុយនីស្ត​វៀតណាម​ខាង​ជើង បាន​វាយ​ផ្ដួល​របប​នៅ​ទីក្រុង​សៃហ្គន មាន​អាយុកាល​កន្លះ​សតវត្ស​មក​ហើយ​នេះ។

អគ្គលេខាធិការ​គណបក្ស​កុម្មុយនីស្ត​វៀតណាម លោក To Lam បាន​លើកឡើង​ថា «វា​ជា​ជ័យជម្នះ​នៃ​ភាព​យុត្តិធម៌​លើ​របប​ផ្ដាច់ការ។ វៀតណាម មាន​តែ​មួយ ប្រជាជន​វៀតណាម គឺ​មាន​តែ​មួយ។ ទន្លេ​អាច​រីង​ស្ងួត ភ្នំ​អាច​រលំ ប៉ុន្តែ​ការពិត​មិន​អាច​ផ្លាស់ប្ដូរ​បាន​ឡើយ។ ភាព​ស្មោះត្រង់​របស់​ថ្នាក់​ដឹកនាំ​វៀតណាម គ្រប់​ជាន់​ថ្នាក់ និង​ការ​គ្មាន​អំពើពុករលួយ​គ្មាន​ការ​កិបកេង នឹង​នាំ​ឱ្យ​សង្គម​វៀតណាម រុងរឿង និង​យុត្តិធម៌។»

ទីក្រុង​ព្រៃនគរ បាន​ប្ដូរ​ឈ្មោះ​ជា​ក្រុង​សៃហ្គន ហើយ​ចុងក្រោយ​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ទីក្រុង​ហូជីមិញ មក​ដល់​សព្វថ្ងៃ​នេះ ដើម្បី​ឧទ្ទិស​ដល់​បិតា​ស្ថាបនិក​វៀតណាម​ខាង​ជើង គឺ​សមមិត្ត ហូ ជីមិញ ដែល​អគ្គលេខាធិការ​គណបក្ស​កុម្មុយនីស្ត​វៀតណាម លោក To Lam បាន​លើកឡើង​ថា ជា​មហា​វីរបុរស​តែ​មួយ​គត់​នៃ​ប្រជាជាតិ​វៀតណាម។

ជ័យជម្នះ​របស់​វៀតណាម​ខាងជើង បាន​កើត​ឡើង​បន្ទាប់ពី​សហរដ្ឋ​អាមេរិក​ដក​កងទ័ព​របស់​ខ្លួន​ចេញពី​វៀតណាម​ខាងត្បូង​អស់​នា​ឆ្នាំ​១៩៧៥ ដែល​ជា​ការ​បិទ​បញ្ចប់​សង្គ្រាម​វៀតណាម បាន​ប្រើ​ពេល​អស់​ជាង ២០​ឆ្នាំ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version