ក្នុងឱកាសដ៏មហោឡារិកនៃការប្រារព្ធទិវាអបអរសាទរខួបទី៥០ នៃការផ្ដួលរំលំទីក្រុងសៃហ្គន រដ្ឋធានីនៃរដ្ឋាភិបាលវៀតណាមខាងត្បូង កាលពីថ្ងៃទី៣០ មេសា មានអ្នកចូលរួមដល់ទៅ ១៣០០០នាក់ មានភ្ញៀវអន្តរជាតិច្រើនកុះករ ជាមួយនឹងការធ្វើពិធីក្បួនយន្តហោះចម្បាំង ឧទ្ធម្ភាគចក្រ ព្រមទាំងកងទ័ពមកពីប្រទេសជិតខាង ដូចជា ចិន កម្ពុជា និងឡាវ។
ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃប្រទេសវៀតណាម លោក To Lam អគ្គលេខាធិការបក្សកុម្មុយនិស្ត ជាមេដឹកនាំកំពូលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានថ្លែងសុន្ទរកថាស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិដោយមោទនភាពក្រៃលែង។
ថ្លែងចំពោះប្រជាជាតិវៀតណាមចាស់ក្មេង គ្រប់ស្រទាប់វណ្ណៈទាំងអស់ដែលបានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ បាត់បង់ និងងើបឡើងវិញរបស់វៀតណាម លោក To Lam បានហៅសមមិត្តហូជីមិញ ជាមហាបុរសតែមួយគត់នៃប្រជាជាតិវៀតណាម ដែលមិនអាចបំភ្លេចបានឡើយ។
ឆ្លៀតក្នុងឱកាសដ៏គួរជាទីមោទនៈនេះ លោក To Lam ក៏បានសម្ដែងនូវការគោរពដឹងគុណជូនចំពោះសមមិត្ត ប្រតិភូ អ្នកស្នេហាជាតិ ជាមួយនឹងការរៀបរាប់រំលឹកឡើងវិញអំពីប្រវត្តិសាស្ត្រប្រកបដោយភាពជូរចត់ និងអង់អាចរបស់ប្រជាជាតិវៀតណាម ដែលបានលះបង់នូវកម្លាំងកាយ កម្លាំងចិត្ត គំនិតក្នុងបុព្វហេតុជាតិមាតុភូមិ ដែលនាំឱ្យវៀតណាម កំពុងបោះជំហានក្លាយជាមហាប្រទេសដ៏ធំដ៏រុងរឿង និងជាប្រទេសសេដ្ឋកិច្ចធំទី២០ នៃពិភពលោក។
លោក To Lam បានសង្កត់ធ្ងន់នូវទំនាក់ទំនងពីសត្រូវប្រែជាមិត្តជាមួយនឹងសហរដ្ឋអាមេរិក ពីការដួលរលំនៃទីក្រុងសៃហ្គន រហូតវៀតណាម អាចឈានមកដល់ការបង្រួបបង្រួមជាតិតែមួយ មកទល់នឹងសព្វថ្ងៃនេះ ដែលគ្មានប្រទេសណាបំបែកបំបាក់ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងបានឡើយ។
សហរដ្ឋអាមេរិកមិនបានបញ្ជូនតំណាងរដ្ឋាភិបាលពីរដ្ឋការប្រធានាធិបតី ដូណាល់ ត្រាំ ទៅចូលរួមក្នុងខួបបញ្ចប់សង្គ្រាមយៀកណាម នោះទេ។
លោក To Lam បានប្រកាសប្ដេជ្ញាបន្តដើរតាមមាគ៌ារបស់វីរបុរសវៀតណាម គឺសមមិត្ត ហូ ជីមិញ ដែលប្រជាជាតិវៀតណាម ចាត់ទុកមេដឹកនាំរូបនេះជាបិតាបង្រួបបង្រួមជាតិជាមួយនឹងគោលនយោបាយប្រកបដោយភាពឈ្លាសវៃ បត់បែន។
ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ គឺជាថ្ងៃដែលកងទ័ពកុម្មុយនីស្តវៀតណាមខាងជើង បានធ្វើសង្គ្រាមវាយយកជ័យជម្នះលើកងទ័ពវៀតណាមខាងត្បូង ដែលគាំទ្រដោយកងទ័ពមហាអំណាចសហរដ្ឋអាមេរិក។ ថ្ងៃខួបទី៥០ នៃជ័យជម្នះរបស់បក្សកុម្មុយនីស្ត ឬបក្សពលករវៀតណាម ទង់ជាតិវៀតណាម ពណ៌ក្រហមមានផ្កាយពណ៌លឿងនៅកណ្តាល បានបក់រវិចៗពេញដងវិថីនៅទីក្រុងហូជីមិញ។ រូបថត ហូ ជីមិញ បិតានៃបក្សកុម្មុយនីស្តវៀតណាម ត្រូវបានយកមកដាក់ដឹកមុខក្បួនដង្ហែអមដោយយន្តហោះចម្បាំង ឧទ្ធម្ភាគចក្រ ហោះពេញផ្ទៃមេឃនៃទីក្រុងហូជីមិញ។
លោក To Lam អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម បានថ្លែងសេចក្តីអរគុណចំពោះសហភាពសូវៀត និងមហាមិត្តជិតខាងទាំងបី គឺកម្ពុជា ឡាវ និងចិន ដែលបានជួយទំនុកបម្រុងជ្រោមជ្រែងធ្វើឲ្យកងទ័ពកុម្មុយនីស្តវៀតណាមខាងជើង បានវាយផ្ដួលរបបនៅទីក្រុងសៃហ្គន មានអាយុកាលកន្លះសតវត្សមកហើយនេះ។
អគ្គលេខាធិការគណបក្សកុម្មុយនីស្តវៀតណាម លោក To Lam បានលើកឡើងថា «វាជាជ័យជម្នះនៃភាពយុត្តិធម៌លើរបបផ្ដាច់ការ។ វៀតណាម មានតែមួយ ប្រជាជនវៀតណាម គឺមានតែមួយ។ ទន្លេអាចរីងស្ងួត ភ្នំអាចរលំ ប៉ុន្តែការពិតមិនអាចផ្លាស់ប្ដូរបានឡើយ។ ភាពស្មោះត្រង់របស់ថ្នាក់ដឹកនាំវៀតណាម គ្រប់ជាន់ថ្នាក់ និងការគ្មានអំពើពុករលួយគ្មានការកិបកេង នឹងនាំឱ្យសង្គមវៀតណាម រុងរឿង និងយុត្តិធម៌។»
ទីក្រុងព្រៃនគរ បានប្ដូរឈ្មោះជាក្រុងសៃហ្គន ហើយចុងក្រោយត្រូវបានប្ដូរឈ្មោះទីក្រុងហូជីមិញ មកដល់សព្វថ្ងៃនេះ ដើម្បីឧទ្ទិសដល់បិតាស្ថាបនិកវៀតណាមខាងជើង គឺសមមិត្ត ហូ ជីមិញ ដែលអគ្គលេខាធិការគណបក្សកុម្មុយនីស្តវៀតណាម លោក To Lam បានលើកឡើងថា ជាមហាវីរបុរសតែមួយគត់នៃប្រជាជាតិវៀតណាម។
ជ័យជម្នះរបស់វៀតណាមខាងជើង បានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកដកកងទ័ពរបស់ខ្លួនចេញពីវៀតណាមខាងត្បូងអស់នាឆ្នាំ១៩៧៥ ដែលជាការបិទបញ្ចប់សង្គ្រាមវៀតណាម បានប្រើពេលអស់ជាង ២០ឆ្នាំ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

