សហរដ្ឋអាមេរិក និងអ៊ុយក្រែន កាលពីថ្ងៃទី៣០ ខែមេសា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ បន្ទាប់ពីត្រូវបានពន្យារពេលអស់រយៈពេលជាង ២ខែមកនេះ ខណៈរដ្ឋការរបស់លោក ដូណាល់ ត្រាំ ភ្លាមៗក៏បានយល់ព្រមលក់អាវុធទៅឱ្យអ៊ុយក្រែន។
រដ្ឋការរបស់លោក ដូណាល់ ត្រាំ បានហៅកិច្ចព្រមព្រៀងនេះថាជាទម្រង់ថ្មីមួយនៃការប្ដេជ្ញាចិត្តចំពោះអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអ៊ុយក្រែន Kyiv Independent នៅថ្ងៃសុក្រ ទី២ ខែឧសភា នេះ។
ប៉ុន្តែនៅក្នុងកិច្ចព្រមព្រៀងជំនួញរ៉ែ អាមេរិក-អ៊ុយក្រែន នេះ ពុំឃើញបញ្ចូលបញ្ហាបំណុល និងជំនួយយោធាដែលធ្វើឡើងក្នុងរដ្ឋការរបស់លោក ចូ បៃដិន ទៅឱ្យអ៊ុយក្រែន នោះទេ ដែលកន្លងមក លោក ត្រាំ បានទាមទារថា កិច្ចព្រមព្រៀងនេះត្រូវទូទាត់ជាមួយប្រាក់ជំនួយយោធារបស់អាមេរិកពាន់លានដុល្លារទៅឱ្យអ៊ុយក្រែន។
ដោយសារតែការទាមទាររបស់លោក ត្រាំ នេះហើយ បានជាអ៊ុយក្រែន មិនព្រមចុះកិច្ចព្រមព្រៀងរ៉ែជាមួយអាមេរិក បាននាំឲ្យកិច្ចព្រមព្រៀងនេះអូសបន្លាយពេលជាងមួយខែ។
និយាយទៅ កិច្ចព្រមព្រៀងនេះត្រូវគេមើលឃើញថា ភាគីទាំងពីរមានភាពស្មើគ្នាក្នុងការស្រូបយកធនធានរ៉ែរបស់អ៊ុយក្រែន ក្នុងភាគហ៊ុនរួមគ្នា ហើយកិច្ចព្រមព្រៀងនេះក៏បានចែងថា អ៊ុយក្រែន មានសិទ្ធិរក្សាភាពជាម្ចាស់ និងការគ្រប់គ្រងលើធនធានរ៉ែរបស់ខ្លួន។
តែយ៉ាងណា កិច្ចព្រមព្រៀងនេះមិនបានចែងពីលក្ខខណ្ឌធានាសន្តិសុខឱ្យអ៊ុយក្រែន កំពុងស្ថិតក្រោមសង្គ្រាមឈ្លានពានរបស់រុស្ស៊ី ដែលប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡេនស្គី ទទូចសុំយ៉ាងខ្លាំង។ ស្របពេលនេះ ក្រសួងហិរញ្ញវត្ថុអាមេរិក បានសង្កត់ធ្ងន់ថា រដ្ឋការសហរដ្ឋអាមេរិកនៅតែខិតខំស្វែងរកសន្តិភាពសម្រាប់អ៊ុយក្រែន។
នៅក្នុងពេលប្រកាសពីការឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ ក្នុងទីក្រុងវ៉ាស៊ីនតោន រដ្ឋមន្ត្រីសេដ្ឋកិច្ចហិរញ្ញវត្ថុសហរដ្ឋអាមេរិក លោក Scott Bessent និយាយថា កិច្ចព្រមព្រៀងនេះបានបង្ហាញពីការប្ដេជ្ញាចិត្តរបស់ភាគីទាំងពីរចំពោះសន្តិភាពយូរអង្វែង និងភាពរុងរឿងនៅក្នុងប្រទេសអ៊ុយក្រែន។
លោក Scott Bessent បញ្ជាក់ថា កិច្ចព្រមព្រៀងនេះជាការបញ្ជូនសារយ៉ាងច្បាស់ទៅកាន់ប្រទេសរុស្ស៊ី ថា រដ្ឋការរបស់លោក ត្រាំ មានការប្ដេជ្ញាចិត្តចំពោះសន្តិភាពដែលផ្ដោតសេរីភាព អធិបតេយ្យភាព និងភាពរុងរឿងរបស់អ៊ុយក្រែន សម្រាប់រយៈពេលវែង។
ចំណែកភាគីអ៊ុយក្រែន បាននិយាយថា ខ្លួនទទួលបានអត្ថប្រយោជន៍ដ៏សំខាន់ក្រោមកិច្ចព្រមព្រៀងនេះ ក្នុងនោះរួមមានទាំងការរក្សាបាននូវអធិបតេយ្យពេញលេញលើរ៉ែកម្ររបស់ខ្លួនដែលមានសារសំខាន់ខ្លាំងក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យា។
នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmygal បានថ្លែងតាមកញ្ចក់ទូរទស្សន៍ជាតិចេញពីទីក្រុងគៀវ មកថា កិច្ចព្រមព្រៀងរ៉ែ គឺជាកិច្ចព្រមព្រៀងដ៏ល្អ ស្មើភាព និងផ្ដល់ផលចំណេញ។
លោកបញ្ជាក់ថា អ៊ុយក្រែននឹងមិនត្រូវបានស្នើឱ្យសងបំណុលរបស់សហរដ្ឋអាមេរិករាប់ពាន់លានដុល្លារជុំវិញជំនួយយោធា និងការគាំទ្រដទៃទៀតចាប់តាំងពីសង្គ្រាមអ៊ុយក្រែន ផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២ នោះឡើយ។
អ្វីជាការភ្ញាក់ផ្អើលទៀតនោះ គឺក្រោយពីក្រុងគៀវ និងក្រុងវ៉ាស៊ីនតោន សម្រេចបាននូវកិច្ចព្រមព្រៀងរ៉ែ រដ្ឋការលោក ត្រាំ ក៏បានអនុម័តយល់ព្រមក្នុងការលក់សព្វាវុធក្នុងទំហំថវិកា ៥០លានដុល្លារទៅឱ្យអ៊ុយក្រែន ជាលើកដំបូង ចាប់តាំងពីលោក ត្រាំ ចូលកាន់តំណែងជាប្រធានាធិបតីក្នុងអាណត្តិទីពីររបស់លោក។
សារព័ត៌មាន Kyiv Independent ដែលបានស្រង់ប្រភពចេញពីមន្ត្រីការទូតរបស់លោក ត្រាំ បានឱ្យដឹងថា រដ្ឋការរបស់លោក ត្រាំ ក៏បានជូនដំណឹងដល់សភាសហរដ្ឋអាមេរិកអំពីជំហររបស់ខ្លួនក្នុងការអនុម័តការនាំចេញសម្ភារៈសឹកទៅឱ្យអ៊ុយក្រែន តាមរយៈការធ្វើពាណិជ្ជកម្មផ្ទាល់ ក្នុងទំហំ ៥០លានដុល្លារអាមេរិក។ សេចក្តីជូនដំណឹងនេះត្រូវបានដាក់ជូនសភាសហរដ្ឋអាមេរិកក្រោមច្បាប់ត្រួតពិនិត្យលើការនាំចេញអាវុធរបស់អាមេរិក។
កិច្ចព្រមព្រៀងនេះត្រូវបានរួមបញ្ចូលលើការលក់សម្ភារៈយោធា រួមទាំងទិន្នន័យបច្ចេកទេស ក៏ដូចជាសេវាកម្មមួយចំនួនផងដែរ។
កាលពីថ្ងៃទី១៤ ខែមេសា ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី បានបង្ហាញជំហរពីការស្នើទិញប្រព័ន្ធការពារដែនអាកាស Patriot ចំនួន ១០គ្រឿងពីសហរដ្ឋអាមេរិកក្នុងតម្លៃ ១៥ពាន់លានដុល្លារ ដែលរំពឹងថា សហរដ្ឋអាមេរិកនឹងយល់ព្រមតាមសំណើរបស់អ៊ុយក្រែន។
អ៊ុយក្រែន ប្រកាសថា ក្រុងគៀវ មានទុនបម្រុង ១០០ពាន់លានដុល្លារដើម្បីទិញអាវុធពីសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត។ ក្រៅពីសហរដ្ឋអាមេរិក អ៊ុយក្រែនកំពុងសម្លឹងមើលទិញរថក្រោះពីប្រទេសកូរ៉េខាងត្បូង។
ទន្ទឹមនឹងការបើកសិទ្ធិក្នុងការលក់ចេញនូវសព្វាវុធរបស់អាមេរិកទៅឱ្យអ៊ុយក្រែន លោក ដូណាល់ ត្រាំ បានបង្ហើបថា លោក ហ្សេឡេនស្គី កំពុងត្រៀមខ្លួនដើម្បីកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម ខណៈដែលទីក្រុងមូស្គូ នៅតែបន្តមិនអើពើចំពោះកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែន៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
