The Cambodia Daily Khmer

លោក ហ្សេឡេនស្គី បបួល​លោក ពូទីន ជួប​គ្នា​នៅ​ប្រទេស​តួកគី ចរចា​អំពី​បទ​ឈប់​បាញ់

ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និង​ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី

ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និង​ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី

ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី កាលពី​ថ្ងៃ​អាទិត្យ បាន​បបួល​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជួប​គ្នា​ដោយ​ផ្ទាល់​នៅ​លើ​ទឹកដី​នៃ​ប្រទេស​តួកគី និយាយ​ពី​បទ​ឈប់​បាញ់ បើ​លោក ពូទីន ពិត​ជា​ចង់​ឱ្យ​រុស្ស៊ី ជួប​ចរចា​ផ្ទាល់​ជាមួយ​មេដឹកនាំ​អ៊ុយក្រែន។

លោក ហ្សេឡេនស្គី ឱ្យ​ដឹង​ថា លោក​បាន​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​ជួប​លោក ពូទីន ក្នុង​ប្រទេស​តួកគី នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​ឧសភា ដែល​គណៈប្រតិភូ​នៃ​ភាគី​ទាំង​ពីរ​ត្រូវ​ទៅ​ជួប​គ្នា​នៅ​ទីក្រុង​អ៊ីស្តាន់ប៊ុល។

បើ​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន NRP លោក ហ្សេឡេនស្គី បាន​ថ្លែង​ដូចនេះ​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ប្រាប់​លោក ហ្សេឡេនស្គី ឱ្យ​ទទួលយក​សំណើ​ចរចា​ដោយ​ផ្ទាល់​ជាមួយ​នឹង​លោក ពូទីន។

លោក ពូទីន កាលពី​ថ្ងៃ​អាទិត្យ ទី​១១ ខែ​ឧសភា បាន​ស្នើ​ឱ្យ​មាន​ការ​រៀបចំ​កិច្ចចរចា​សន្តិភាព​ដោយ​ផ្ទាល់​រវាង​រុស្ស៊ី និង​អ៊ុយក្រែន ក្នុង​ទីក្រុង​អ៊ីស្តាន់ប៊ុល នៅ​ថ្ងៃទី​១៥ ខែ​ឧសភា។ តែ​មិន​ច្បាស់​ថា តើ​លោក ពូទីន ចង់​មាន​ន័យ​ថា​រូបលោក​នឹង​ចូលរួម​ក្នុង​កិច្ចចរចា​ដោយ​ផ្ទាល់ ឬ​ក៏​យ៉ាងណា​នោះ​ទេ ដែល​ចាប់តាំងពី​ខែ​ធ្នូ ឆ្នាំ​២០១៩ មក លោក ពូទីន និង​លោក ហ្សេឡេនស្គី មិន​ធ្លាប់​បាន​ជួប​គ្នា​ឡើយ។

កាលពី​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ លោក ហ្សេឡេនស្គី បាន​សរសេរ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម X ថា​រូបលោក​រង់ចាំ​ជួប​លោក ពូទីន ក្នុង​ប្រទេស​តួកគី នៅ​ថ្ងៃ​ព្រហស្បតិ៍ ក្នុង​សប្ដាហ៍​នេះ ដើម្បី​បាន​ជួប​មុខ​គ្នា​ដោយ​ផ្ទាល់ ដែល​លោក​ចាត់ទុក​ថា​ពេលវេលា​នេះ រុស្ស៊ី​មិន​មាន​ហេតុផល​អ្វី​ទៀត​នោះ​ទេ។

ប្រធានាធិបតី​រុស្ស៊ី លោក ពូទីន ថា​រុស្ស៊ី ទាមទារ​ថា​ការ​ចរចា​ត្រូវ​លើកឡើង​ពី​ការ​លុប​បំបាត់​ចោល​នូវ​ឫសគល់​នៃ​សង្គ្រាម និង​សម្រេច​ឱ្យ​បាន​ការ​ស្ដារ​ឡើងវិញ​នូវ​សន្តិភាព​យូរអង្វែង ជាជាង​គ្រាន់តែ​ការ​ផ្អាក​បាញ់​មួយ​រយៈ​ដើម្បី​បំពាក់​អាវុធ​ឡើងវិញ។

ថ្លែង​ចេញពី​វិមាន​ក្រឹមឡាំង នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ លោក ពូទីន បាន​បញ្ជាក់​ថា៖ «រុស្ស៊ី កំពុង​ស្នើ​ឱ្យ​ទីក្រុង​គៀវ ចាប់ផ្ដើម​កិច្ចចរចា​ដោយ​ផ្ទាល់​ឡើងវិញ​ដោយ​គ្មាន​លក្ខខណ្ឌ​អ្វី​ទាំងអស់ ហើយ​ថា​រុស្ស៊ី ស្នើ​ឱ្យ​មាន​ការ​ចរចា​នេះ​ត្រូវ​ចាប់ផ្ដើម​ឡើងវិញ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ឧសភា ក្នុង​សប្ដាហ៍​នេះ​ក្នុង​ទីក្រុង​អ៊ីស្តាន់ប៊ុល ប្រទេស​តួកគី។»

លោក ពូទីន មិន​បាន​និយាយ​ពី​បទ​ឈប់​បាញ់​រយៈពេល ៣០​ថ្ងៃ ដែល​ស្នើ​ឡើង​ដោយ​សហរដ្ឋ​អាមេរិក អឺរ៉ុប ហើយ​អ៊ុយក្រែន បាន​យល់ព្រម​ហើយ​នោះ​ទេ។

កាលពី​ថ្ងៃ​សៅរ៍ ទី​១០ ឧសភា លោក ហ្សេឡេនស្គី រួម​ជាមួយ​មេដឹកនាំ​អឺរ៉ុប មាន​ដូចជា ប្រធានាធិបតី​បារាំង លោក Emmanuel Macron អធិការបតី​អាល្លឺម៉ង់ លោក Friedrich Merz នាយករដ្ឋមន្ត្រី​អង់គ្លេស Keir Starmer និង​នាយករដ្ឋមន្ត្រី​ប៉ូឡូញ លោក Donald Tusk បាន​ស្នើ​ឱ្យ​រុស្ស៊ី ទទួលយក​បទ​ឈប់​បាញ់​រយៈពេល ៣០​ថ្ងៃ ដោយ​គ្មាន​លក្ខខណ្ឌ​អ្វី​ទាំងអស់ ហើយ​បទ​ឈប់​បាញ់​នេះ អាច​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ចន្ទ ទី​១២ ខែ​ឧសភា ជាមួយ​ការ​ព្រមាន​ដាក់​ទណ្ឌកម្ម​ថ្មី ប្រសិនបើ​ទីក្រុង​មូស្គូ មិន​ព្រម​អនុវត្ត​តាម​ទេ​នោះ។

ប្រធាន​គណៈកម្មការ​អឺរ៉ុប លោកស្រី Ursula von der Leyen បាន​គាំទ្រ​បទ​ឈប់​បាញ់​គ្មាន​លក្ខខណ្ឌ​រយៈពេល ៣០​ថ្ងៃ ដែល​ត្រូវ​បាន​ស្នើ​ឡើង​ក្នុង​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន ហើយ​ថា​សហភាព​អឺរ៉ុប បាន​ត្រៀម​រួច​ជា​ស្រេច​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​ទីក្រុង​មូស្គូ ប្រសិនបើ​បទ​ឈប់​បាញ់​ត្រូវ​បំពាន។

លោកស្រី von der Leyen បាន​សរសេរ​លើ​ប្រព័ន្ធ​បណ្ដាញ​សង្គម X ថា សម្រាប់​អឺរ៉ុប ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​រក្សា​ការ​ដាក់​សម្ពាធ​ខ្លាំង​លើ​រុស្ស៊ី និង​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ក្នុង​ករណី​មាន​ការ​បំពាន​បទ​ឈប់​បាញ់។

ជាមួយ​គ្នា​នេះ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Marco Rubio នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​តួកគី ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​ក្រៅ​ផ្លូវការ​របស់​រដ្ឋមន្ត្រី​ការបរទេស​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​អង្គការ NATO ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែ​ឧសភា នេះ ដើម្បី​ពិភាក្សា​អំពី​ការ​បញ្ចប់​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន។

តាម​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​អាមេរិក ក្រុង​វ៉ាស៊ីនតោន បាន​ត្រៀម​ខ្លួន​សម្រាប់​កិច្ចប្រជុំ​កំពូល NATO នៅ​ទីក្រុង​ឡាអេ ក្នុង​ខែ​មិថុនា ខាងមុខ​នេះ។

លោក​រដ្ឋមន្ត្រី Rubio នឹង​ជំរុញ​របៀបវារៈ​របស់​លោក​ប្រធានាធិបតី ត្រាំ ក្នុង​ការ​ធានា​ថា សម្ព័ន្ធ​មិត្ត​របស់ NATO រួម​ចំណែក​ដោយ​យុត្តិធម៌ ដើម្បី​ធ្វើ​ឲ្យ​អង្គការ​យោធា​អឺរ៉ុប​មួយ​នេះ​កាន់តែ​រឹងមាំ និង​មាន​ប្រសិទ្ធភាព​ជាង​មុន ព្រោះ​កិច្ចប្រជុំ​នេះ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ការទូត ដែល​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត កំពុង​ធ្វើឡើង​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ចំពោះ​សង្គ្រាម​របស់​រុស្ស៊ី នៅ​អ៊ុយក្រែន៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version