អ៊ុយក្រែន បានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកទៅលើប្រទេសរុស្ស៊ី ដោយបានកម្ទេចយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់រុស្ស៊ី ៤១គ្រឿង បង្កឱ្យផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ។ នេះបើតាមមន្ត្រីសន្តិសុខអ៊ុយក្រែន ដែលបានប្រាប់បណ្ដាញផ្សាយព័ត៌មាន The Associated Press។
ចំណែកខាងរុស្ស៊ី ក៏បានវាយប្រហារលើអ៊ុយក្រែន ដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកមួយថ្ងៃមុនពេលភាគីទាំងពីរអាចជួបគ្នាជាថ្មីម្ដងទៀតក្នុងកិច្ចចរចាដោយផ្ទាល់នៅទីក្រុងអ៊ីស្តាន់ប៊ុល ដែលគេរំពឹងថាអាចធ្វើឡើងនៅថ្ងៃទី២ ខែមិថុនា នេះ។
ពួកមន្ត្រីអ៊ុយក្រែន ឱ្យដឹងថា ការវាយប្រហារនេះចំណាយពេលជាង ១៨ខែ ដែលអ៊ុយក្រែន បានសម្រិតសម្រាំងជាខ្លាំងក្នុងការប្រើប្រាស់ដ្រូនរយៈចម្ងាយឆ្ងាយរបស់ខ្លួន ដែលទីបំផុត វាយប្រហារលើទីតាំងសំខាន់ៗដោយជោគជ័យ។ ប្រតិបត្តិការនេះ ត្រូវបានត្រួតពិនិត្យដោយផ្ទាល់ពីប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី។
ក្រុមមន្ត្រីអ៊ុយក្រែន បានបន្តថា យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន បានវាយប្រហារលើយន្តហោះទម្លាក់គ្រាប់បែកដែលបានដាក់ពង្រាយនៅមូលដ្ឋានជាច្រើនកាលពីរសៀលថ្ងៃអាទិត្យ យ៉ាងតិច ៤១គ្រឿង។ យន្តហោះចម្បាំងរុស្ស៊ី ទាំងនោះរួមមាន យន្តហោះទម្លាក់គ្រាប់បែក A-50, Tu-95 និង Tu-22M។
កន្លងមក ទីក្រុងមូស្គូ ត្រូវបានគេដឹងថាធ្លាប់បានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយប្រភេទ Tu-95 និង Tu-22 ឬ Tu-160 បំពាក់ដោយមីស៊ីលវាយប្រហារទៅលើអ៊ុយក្រែន ខណៈដែលយន្តហោះ A-50 របស់រុស្ស៊ី ត្រូវបានប្រើដើម្បីសម្របសម្រួលគោលដៅ និងស្វែងរកការការពារដែនអាកាសទប់ទល់នឹងមីស៊ីលរបស់អ៊ុយក្រែន។
ជាមួយគ្នានេះ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួនពីការវាយប្រហារលើមូលដ្ឋានចំនួន ៤ទីតាំង ដោយការវាយប្រហារមានចំនួន ៥លើក ដោយក្រុមយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន។ ប្រភពរបស់ក្រសួងការពារជាតិរុស្ស៊ី ឲ្យដឹងថា ការវាយប្រហារដោយកងយន្តហោះដ្រូនរបស់អ៊ុយក្រែន បានបំផ្លាញយន្តហោះចម្បាំងរុស្ស៊ី និងបង្កឱ្យមានការឆេះនៅលើមូលដ្ឋានទ័ពអាកាសក្នុងតំបន់អឺកឃុត (Irkutsk) ចម្ងាយជាង ៣ពាន់គីឡូម៉ែត្រពីប្រទេសអ៊ុយក្រែន។
ហ្វូងដ្រូនអ៊ុយក្រែន វាយប្រហារខ្លាំងនៅភាគខាងជើងនៃទីក្រុងមួម៉ាន់ (Murmansk) របស់រុស្ស៊ី។
ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា ការវាយប្រហារនេះ កើតឡើងនៅក្នុងតំបន់ Amur នៅចុងបូព៌ានៃប្រទេសរុស្ស៊ី និងតំបន់ខាងលិចនៃទីក្រុង Ivanovo និង Ryazan។
ស្របពេលនេះ ក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងថា យន្តហោះដ្រូនរបស់អ៊ុយក្រែន ចំនួន ១៦២គ្រឿង ត្រូវបានបាញ់ស្ទាក់កាលពីវេលាយប់ឈានចូលដល់ថ្ងៃចន្ទ ទី២ ខែមិថុនា នេះ។
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់ស្ទាក់ និងកម្ទេចដ្រូនអ៊ុយក្រែនទាំងនោះកាលពីចន្លោះម៉ោង ១២យប់រំលងអាធ្រាត្រ និងម៉ោង ៦ព្រឹក។
យន្តហោះដ្រូនទាំងនោះ ភាគច្រើនត្រូវបានបាញ់ទម្លាក់នៅលើតំបន់ជាប់ព្រំប្រទល់អ៊ុយក្រែន ក្នុងនោះ ៥៧គ្រឿងនៅតំបន់ Kursk និង ៣១គ្រឿងនៅតំបន់ Belgorod។ នេះបើតាមប្រភពព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ការវាយប្រហារនេះ ក៏បានកើតឡើងស្របពេលដែលលោក ហ្សេឡេនស្គី បានលើកឡើងថា អ៊ុយក្រែន អាចបញ្ជូនគណៈប្រតិភូទៅទីក្រុងអ៊ីស្តាន់ប៊ុល សម្រាប់ជុំថ្មីនៃការចរចាសន្តិភាពដោយផ្ទាល់ជាមួយរុស្ស៊ី ដែលរំពឹងអាចធ្វើឡើងចាប់ពីថ្ងៃចន្ទក្នុងសប្ដាហ៍នេះ។
បើតាមអាជ្ញាធរអ៊ុយក្រែន កាលពីវេលាយប់កន្លងទៅ ការវាយប្រហារតាមផ្លូវអាកាស និងការបាញ់ផ្លោងរបស់រុស្ស៊ី បានផ្តាច់ជីវិតមនុស្ស ៥នាក់នៅជាយទីក្រុង Zaporizhzhia ភាគអាគ្នេយ៍ប្រទេស ខណៈការវាយប្រហារដោយយន្តហោះដ្រូនលើតំបន់ Sumy ភាគឦសាន បានបង្កឱ្យមនុស្សយ៉ាងហោច ៦នាក់ផ្សេងទៀតរងរបួស។ អាជ្ញាធរអ៊ុយក្រែន បានឱ្យដឹងថា ស្ត្រី ៣នាក់បានស្លាប់ ក្រោយការបាញ់ផ្លោងជាបន្តបន្ទាប់ មានគោលដៅលើភូមិមួយនៅជាយភាគខាងកើតទីក្រុង Zaporizhzhia ខណៈហាងលក់ដូរមួយ និងលំនៅឋានប៉ុន្មានខ្នង បានរងការខូចខាតធ្ងន់ធ្ងរ។ រីឯបុរសម្នាក់បានស្លាប់នៅសង្កាត់ក្បែរគ្នា ក្នុងការវាយប្រហាររបស់រុស្ស៊ី ដោយប្រើប្រាស់គ្រាប់បែកទម្លាក់ពីអាកាស។
ការវាយប្រហារមួយទៀតរបស់រុស្ស៊ី ក៏បណ្ដាលឱ្យមនុស្ស ៩នាក់បានរងរបួស ក្នុងករណីវាយប្រហារប៉ះចំលំនៅឋានឯកជនមួយខ្នង ត្រូវបានបំផ្លាញខ្ទេចទាំងស្រុង។ ទន្ទឹមគ្នា មានកុមារ ២នាក់ស្ថិតក្នុងចំណោមមនុស្សទាំង ៦នាក់ដែលរងរបួស ក្នុងការវាយប្រហារដោយដ្រូនរបស់រុស្ស៊ី ទៅលើតំបន់ Sumy។
កាលពីយប់ថ្ងៃអាទិត្យ ទី១ ខែមិថុនា អ៊ុយក្រែន បានអះអាងពីការប្រើប្រាស់យន្តហោះដ្រូនជាង ១០០គ្រឿង ឆ្មក់វាយប្រហារក្នុងទ្រង់ទ្រាយធំលើមូលដ្ឋានទ័ពអាកាសជាច្រើនកន្លែង ស្ថិតនៅយ៉ាងជ្រៅក្នុងទឹកដីរុស្ស៊ី ក្នុងគោលដៅបំផ្លាញយន្តហោះយោធារបស់រុស្ស៊ី ជាពិសេសយន្តហោះទម្លាក់គ្រាប់បែក។
ស្របពេលដែលថាភាគីរុស្ស៊ី និងអ៊ុយក្រែន អាចនឹងជួបចរចាជាថ្មីទៀត ប្រទេសជាមហាអំណាចអឺរ៉ុប ដូចជាបារាំង អង់គ្លេស អាល្លឺម៉ង់ រួមនឹងប្រទេសប៉ូឡូញ បានទទូចឲ្យមានការដាក់ទណ្ឌកម្មលើរុស្ស៊ី រឹតតែខ្លាំង ប្រសិនបើលោក ពូទីន នៅតែមិនព្រមទទួលយកបទឈប់បាញ់។
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថ្មីៗនេះក៏បានចេញសារព្រមានថា រាប់ពីថ្ងៃចន្ទក្នុងសប្ដាហ៍នេះ បើរុស្ស៊ី មិនធ្វើឱ្យមានលទ្ធផលដ៏សំខាន់ទៅរកសន្តិភាព លោកថារដ្ឋការរបស់លោកនឹងបោះបង់ចោលផែនការសន្តិភាព ហើយបន្ថែមទណ្ឌកម្មកាន់តែធ្ងន់ធ្ងរថែមទៀតទៅលើរុស្ស៊ី៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
