The Cambodia Daily Khmer

ពិនិត្យ​ពិច័យ​ព័ត៌មាន​រឿង​ជម្លោះ​ព្រំដែន​តាម​ភាសិត​ខ្មែរ​ថា ទះ​ដៃ​ម្ខាង​មិន​ឮ ឬ​កាក់​មួយ​មាន​ពីរ​ខាង

អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) និង​លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា

អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) និង​លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា

ពលរដ្ឋ​ខ្មែរ​សឹងតែ​គ្រប់​រូប​ដែល​មាន​ដើមកំណើត​ពី​មាតុភូមិ​កម្ពុជា រមែងតែងតែ​មាន​ចិត្ត​មាន​ថ្លើម​រំជើប​រំជួល ក្តៅ​ក្រហាយ ឈឺឆ្អាល​រឿង​ទឹកដី បើ​មាន​បរទេស​ឈ្លានពាន រំលោភ​បំពារបំពាន​អធិបតេយ្យ​ជាតិ និង​បូរណភាព​ដែនដី​ខ្មែរ​ដែល​អន្តរជាតិ​ទទួលស្គាល់ មិន​ថា​បរទេស​ខាងលិច ខាងកើត ឬ​ខាងជើង​ឡើយ។

វិវាទ​រឿង​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃឡង់ដ៍ នា​ពេលនេះ មិន​ខុស​ពី​ពេល​មុនៗ​ទេ ពលរដ្ឋ​ខ្មែរ​មាន​ស្មារតី​ស្នេហា​ជាតិ ជាតិ​និយម តែងតែ​សម្ដែង​កំហឹង បង្ហាញ​សាមគ្គីភាព​ជាតិ ឯកភាព​ជាតិ​ប្រឆាំង​នឹង​បច្ចាមិត្ត​ឈ្លានពាន។ អ្នក​ខ្លះ​ស្ម័គ្រចិត្ត​លះបង់​អាជីព​របស់​ខ្លួន​មួយ​រយៈ ទៅ​ចូល​បម្រើ​ជាតិ ទៅ​ច្បាំង​នឹង​ទ័ព​ថៃ នៅ​ឯ​ទីតាំង​ជម្លោះ​ជាយដែន។

សមាជិក​បក្ស​ដែល​ថា​ប្រឆាំង​នឹង​បក្ស​កាន់​អំណាច ក៏​ជួយ​បន្ទរ​ពី​ក្រៅ​គាំទ្រ​រាជរដ្ឋាភិបាល​ដែល​ខ្លួន​ធ្លាប់​ចោទ​ថា​ផ្ដាច់ការ រំលោភ​សិទ្ធិ​សេរីភាព​មនុស្ស រលាយ​ប្រជាធិបតេយ្យ ពុករលួយ ក្បត់​ជាតិ កាត់​ទឹកដី​ឲ្យ​បរទេស។ល។ ឲ្យ​ទៅ​ប្តឹង​អ្នក​ឈ្លានពាន​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ។

ខ្មែរ​ខ្លះ​សួរ​ថា តើ​របៀប​នេះ​ហៅថា​នយោបាយ​ឪ​កូន​លេង​លោត​អន្ទាក់​ឬ​ទេ?

រាជរដ្ឋាភិបាល​បញ្ជា​ឲ្យ​បញ្ជូន​កងទ័ព អាវុធ​យុទ្ធភណ្ឌ​ទំនើប​គ្រប់​ប្រភេទ​បាន​មកពី​ចិន ទៅ​រាយ​នៅ​ជាយដែន ត្រៀម​ច្បាំង។ នាយករដ្ឋមន្ត្រី​កូន ហ៊ុន ម៉ាណែត ថ្លែង​ថា បើ​ថៃ មិន​ដក​ទ័ព​ចេញ យើង​ត្រូវតែ​វ៉ៃ។ ក្រោយ​មក​ថា បើ​ផ្ទុះ​សង្គ្រាម​រវាង​ប្រទេស និង​ប្រទេស វា​រាលដាល​ពី​ភូមិភាគ​ទី​៣ ដល់​ទី​៤ ទី​៥។ ចំណែក​អតីត​នាយករដ្ឋមន្ត្រី​ឪពុក​ថា រឿង​ជម្លោះ​ព្រំដែន ត្រូវតែ​វិល​ទៅ​រក​ស្ថានភាព​ដើម​តែប៉ុណ្ណោះ។

ពលរដ្ឋ​ខ្មែរ​តាមដាន​ស្ថានការណ៍​សឹក​មើល​ឃើញ​ថា ថៃ មិន​ដកថយ ហើយ​កាន់តែ​បន្ថែម​កម្លាំង​ទ័ព​ទៅ​ជាយដែន កងទ័ព​ខ្មែរ​ដកថយ ហើយ​លុប​លេណដ្ឋាន​វិញ​អស់។ ពេល​មាន​ពលរដ្ឋ​ខ្មែរ​ដើរ​តួ​ជា​ទាហាន​ជួរមុខ និយាយ​តេអូ​រឿង​ដក​ទ័ព​ថយ​បែប​ចំអក​ឡកឡឺយ លោក ហ៊ុន សែន ចោទ​ថា​ក្បត់​ជាតិ ហើយ​ឲ្យ​ថៃ ចាប់​បញ្ជូន​ទៅ​ស្រុក​ខ្មែរ​វិញ។

តើ​អាច​ជា​ការ​ស៊ុមគ្រលុំ​គ្នា​រវាង​បងប្អូន​ធម៌​ឬ​ទេ? តើ​មេ​ទ័ព​ខ្មែរ​រៀន​យុទ្ធសាស្ត្រ គិត​មុន​ទើប​គូរ​ក្រោយ ឬ​គូរ​មុន​ទើប​គិត​ក្រោយ? ឬ​មួយ​ក៏​មាន​ជន្លួញ​ញោះ​ពី​ខាង​ណា?

ដើម្បី​យុត្តិធម៌​ពិត​ទាំង​សងខាង រឿង​អធិបតេយ្យ​ជាតិ ឯករាជភាព បូរណភាព​ទឹកដី ពលរដ្ឋ​ឈ្លាសវៃ គេ​មិន​ពុះកញ្ជ្រោល​ម្តងម្កាល​តាម​ខ្យល់ រេ​ចុះ​រេ​ឡើង​ដូច​គុម្ព​ត្រែង គេ​មិន​ស្រចុះស្រឡើង​តាម​គ្នា​ឥត​គិត​ពិចារណា ប្តូរ​ខ្លួន​ស្លាប់​ដោយ​ឥត​ប្រើ​វិចារណញ្ញាណ​នោះ​ឡើយ។ ខ្មែរ​ស្លាប់​រាប់​លាន​នាក់ មក​តែ​ពី​មិន​ព្រម​គិត​ជ្រៅ​ទៅ​ឆ្ងាយ គិត​ខ្លីៗ​ដូច​កន្ទុយ​អណ្ដើក​នោះ​ឯង។ ឥឡូវ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បង្កើត​គណៈកម្មការ​រៀបចំ​សំណុំរឿង​តាម​ច្បាប់​អន្តរជាតិ​ប្តឹង​រដ្ឋាភិបាល​ថៃ ដោយ​សំអាង​លើ​ឯកសារ​ប្រវត្តិសាស្ត្រ​ស៊ីញេ​រវាង​បារាំង និង​សៀម ប៉ុន្តែ​ក្រោយៗ​មក រាជរដ្ឋាភិបាល​ខ្មែរ​ដឹកនាំ​ដោយ​បក្ស​ប្រជាជន​កម្ពុជា ដែល​មាន​លោក ហ៊ុន សែន ជា​មគ្គទេសក៍ បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​ចំនួន​ជាមួយ​ភាគី​ថៃ ទាក់ទង​នឹង​ព្រំដែន​គោក និង​ព្រំដែន​ទឹកសមុទ្រ រួម​ទាំង​អនុស្សរណៈ​យោគយល់​គ្នា​ផង។

ពលរដ្ឋ​ខ្មែរ​មិន​បាន​ដឹង​ថា តើ​ការ​ចុះ​កិច្ចព្រមព្រៀង ឬ​អនុស្សរណៈ​យោគយល់​គ្នា​នានា​នោះ លោក ហ៊ុន សែន យក​សន្ធិសញ្ញា​ប្រវត្តិសាស្ត្រ​ណា​មួយ បាន​ជា​ថា​ភាគី​ថៃ រំលោភ​មិន​គោរព?

បើ​គេ​អាន​សារព័ត៌មាន​ថៃ ខ្លះ មាន​កាសែត បាងកក​ប៉ុស្តិ៍ ថៃញីវ ខាវ​សុទ្ធ និង​ទីភ្នាក់ងារ​ព័ត៌មាន អាអែហ្វប៉េ ក្នុង​ដើម​សប្តាហ៍​នេះ មាន​រឿង​ប្លែកៗ​ខ្លះ​ដែល​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ធំ​មិន​បាន​ដឹង ឬ​មួយ​ដឹង​ដែរ តែ​មិន​និយាយ។ នាយទាហាន​ថៃ ថ្នាក់​ឧត្ដមសេនីយ៍​ម្នាក់​ជា​មេបញ្ជាការ​រង​យោធភូមិភាគ​ទី​២ កាលពី​ថ្ងៃ​សៅរ៍ ទី​៧ មិថុនា ប្រាប់​អ្នកកាសែត​ថា៖ ភាគី​កម្ពុជា​បាន​បំពាន​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០០ ហៅថា MoU43 ដែល​ភាគី​ថៃ បាន​តវ៉ា​ជំទាស់ ៤០០​ដង ប៉ុន្តែ​ពុំ​សូវ​មាន​កិច្ច​សហប្រតិបត្តិការ​ពី​ភាគី​កម្ពុជា​ទេ ឬ​មាន​តិចតួច។

ក្នុង​ការ​ប៉ះទង្គិច​គ្នា​នា​ថ្ងៃទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៥ នៅ​ច្រក​អានសេះ ឬ​ឆងអានម៉ា ព្រំប្រទល់​ខេត្ត​ព្រះវិហារ និង​អ៊ុប៊ុន បន្ទាប់ពី​ចោទ​ថា ទាហាន​ខ្មែរ​លួច​ដុត​សាលា​សំណាក់​រចនា​ខាង​ថៃ ឈ្មោះ​វិមាន​ត្រីមុខ ដែល​ស្ថាបនា​ដោយ​ភាគី​ទាំង​បី ប្រទេស​កម្ពុជា ថៃ និង​លាវ នៅ​តំបន់​មុំ​បី ឬ​តំបន់​ត្រីកោណ​មរកត ប្រមាណ​ជិត ៣០​ឆ្នាំ​មុន​សម្រាប់​ជួប​ប្រជុំ​កិច្ច​ការងារ​ព្រំដែន​រួម​គ្នា និង​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ចូល​ទៅ​សម្រាក ឬ​ថ្វាយ​បង្គំ​បួងសួង​ព្រះពុទ្ធ​បដិមា​ទីនោះ។

តាម​កិច្ចព្រមព្រៀង ឬ​អនុស្សរណៈ​យោគយល់​គ្នា​ចុះហត្ថលេខា​ជាមួយ​គ្នា ទាំង​បី​ភាគី​ព្រមព្រៀង​បោះ​ទីតាំង​ទ័ព​ចម្ងាយ ៥០០​ម៉ែត្រ​ពី​វិមាន​ត្រីមុខ​រៀងៗ​ខ្លួន។ ទាហាន​ថៃ ចោទ​ថា​ទាហាន​ខ្មែរ​រំកិល​ចូល​ទៅ​ក្នុង​ដី​ថៃ ចម្ងាយ ១៥០​ម៉ែត្រ។ មេទាហាន​ថៃ មិន​ទាន់​សន្និដ្ឋាន​ថា​យ៉ាងណា​ទេ​អំពី​រឿង​អគ្គីភ័យ​ឆេះ​សាលា​សំណាក់​ខាង​ថៃ នោះ គេ​គ្រាន់តែ​ថា គេ​កំពុង​ស៊ើបអង្កេត​រក​ការពិត។

អ្នក​សង្កេតការណ៍​មិន​ទាន់​ហ៊ាន​អះអាង​ថា ភាគី​ណា​ខុស ភាគី​ណា​ត្រូវ​នៅឡើយ​ទេ ដរាបណា​ការពិត​មិន​ទាន់​រក​ឃើញ​ជាក់ស្តែង​នោះ។ ទោះជា​យ៉ាងណា​ក៏ដោយ ពាក្យ​ចាស់​បុរាណ​ខ្មែរ​ពោល​ថា៖ មនុស្ស​ធ្លាប់​និយាយ​អត់​ពិត​ច្រើន​ដង ទោះជា​និយាយ​ពិត​ម្តង ក៏​គេ​មិន​ជឿ។ នេះ​គ្រាន់តែ​សម្រាប់​មនុស្ស​គិត​ពិចារណា​លម្អិត​តែប៉ុណ្ណោះ កុំ​ឲ្យ​ខ្មែរ​ខ្មាស​អន្តរជាតិ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version