The Cambodia Daily Khmer

បុរស​ខ្លាំង​កម្ពុជា​លោក ហ៊ុន សែន ហៅ​ជនជាតិ​ថៃ ដែល​ចង់បាន​ទឹកដី​ខ្មែរ​ថា​ជា​ចោរ​សៀម

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន (ឆ្វេង) នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ និង​ស្វាមី អំឡុង​ពេល​ទៅ​ទទួលទាន​អាហារ​នៅ​ភូមិគ្រឹះ​លោក ហ៊ុន សែន កាលពី​ខែ​មេសា ឆ្នាំ​២០២៥។

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន (ឆ្វេង) នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ និង​ស្វាមី អំឡុង​ពេល​ទៅ​ទទួលទាន​អាហារ​នៅ​ភូមិគ្រឹះ​លោក ហ៊ុន សែន កាលពី​ខែ​មេសា ឆ្នាំ​២០២៥។

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ហៅ​ជនជាតិ​ថៃ​ជ្រុល​និយម​ដែល​ឈ្លានពាន​ទឹកដី​ខ្មែរ ថា​ជា​ចោរ​សៀម និង​ផ្តាំ​ពួកគេ​កុំ​ឱ្យ​ប្រើ​ផែនទី​ចោរ​ដែល​គូស​ដោយ​ខ្លួនឯង ដើម្បី​ឈ្លានពាន​ទឹកដី​ខ្មែរ ដោយ​កុំ​ភ្លេច​មើល​សន្ធិសញ្ញា​បារាំង-សៀម​ឆ្នាំ​១៩០៤ និង​ឆ្នាំ​១៩០៧ រួម​ទាំង​ផែនទី​ឧបសម្ពន្ធ​ភ្ជាប់​សន្ធិសញ្ញា​នោះ។

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន សរសេរ​ក្នុង​ប្រអប់​បញ្ចេញមតិ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៤ មិថុនា នេះ​ថា ជម្លោះ​កម្ពុជា​ជាមួយ​ថៃ នា​ពេលនេះ គឺ​ដោយសារ​រាលដាល​ពី​ជម្លោះ​ផ្ទៃក្នុង​របស់​ថៃ ហើយ​បើ​ទោះបីជា​ពួកគេ​ប្រឹង​បង្ក​ជម្លោះ​ជាមួយ​កម្ពុជា​ដល់​កម្រិត​ណា​ក៏ដោយ ក៏​ជម្លោះ​ដណ្តើម​អំណាច​ផ្ទៃក្នុង​របស់​ពួកគេ​មិន​រលត់​ដែរ។

លោក ហ៊ុន សែន ព្យាករ​ថា ដោយសារតែ​ជម្លោះ​ដណ្តើម​អំណាច​នេះ ៣​ខែ​ទៀត​ប្រទេស​ថៃ នឹង​មាន​នាយករដ្ឋមន្ត្រី​ថ្មី ហើយ​លោក​ក៏​អាច​ដឹង​មុន​ដែរ​ថា​នរណា​គឺជា​នាយករដ្ឋមន្ត្រី​ថ្មី​នោះ តែ​លោក​មិន​និយាយ​ទេ គឺ​ទុក​ឱ្យ​ឆ្ងល់។

លោក​បន្ត​ថា នៅ​ថ្ងៃ​នេះ​លោក​បង្ហោះ​រូបថត​កូនប្រុស​ទាំង​បី​របស់​លោក ដើម្បី​ចង់​ដឹង​ថា​តើ​ពួក​ចោរ​ឈ្លានពាន​ទឹកដី​កម្ពុជា ចូល​មក​រំខាន​ហ្វេសប៊ុក​របស់​លោក​តាម​វិធី​ណា​ខ្លះ ហើយ​បើ​ពិនិត្យ​តាមរយៈ​នៃ​ការ​ចូល​មក​រំខាន​ទំព័រ​ហ្វេសប៊ុក​នា​ពេលនេះ លោក​អាច​វាយតម្លៃ​បាន​ថា ក្រុម​ចោរ​ឈ្លានពាន​ទាំងនេះ​មាន​ការ​ចាត់តាំង​ច្បាស់លាស់​ពី​មេដឹកនាំ​របស់​ពួកគេ​នៅ​ទីក្រុង​បាងកក។

មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ​អះអាង​ថា ការ​បង្ក​ហេតុ​របស់​ចោរ​ឈ្លានពាន មិនមែន​គ្រាន់តែ​ឈ្លានពាន​ទឹកដី​កម្ពុជា​ទេ សូម្បីតែ​ហ្វេសប៊ុក (Facebook) របស់​លោក ក៏​ពួកគេ​នាំគ្នា​មក​រំខាន​ដែរ ប៉ុន្តែ​ពួកគេ​គួរ​ប្រមូល​កម្លាំង​ដោះស្រាយ​ជម្លោះ​ផ្ទៃក្នុង​ខ្លួនឯង​វិញ ប្រសើរ​ជាជាង​មក​រំខាន និង​នាំ​ជម្លោះ​មក​ឱ្យ​កម្ពុជា​បន្ថែម​ទៀត។

លោក ហ៊ុន សែន បញ្ជាក់​ថា ពួក​ចោរ​ឈ្លានពាន​ទាំងនេះ​មាន​ការ​ចាត់តាំង​ដោយ​មេដឹកនាំ​របស់​ពួកគេ ដើម្បី​រំខាន​ហ្វេសប៊ុក​របស់​លោក ព្រោះ​ពេល​លោក​ចេញ​សារ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ម្តងៗ បាន​ធ្វើ​ឱ្យ​មេដឹកនាំ​របស់​ពួកគេ​ខឹងច្រឡោត​គ្រប់​ពេល។

ក្រោយ​ការ​បង្ហោះ​សារ​របស់​លោក ហ៊ុន សែន គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ Detchai Sanporn បាន​សរសេរ​ក្នុង​ប្រអប់​បញ្ចេញមតិ​ថា ថៃ និង​បារាំង បាន​ប្រឈមមុខ​ដាក់​គ្នា និង​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា​ជុំវិញ​ទឹកដី​ឥណ្ឌូចិន ក្នុង​ឆ្នាំ​១៩៤០។

ប្រភព​ដដែល បញ្ជាក់​ថា បើ​កម្ពុជា​ប្រើប្រាស់​ទិន្នន័យ​បារាំង ដែល​ថៃ មិន​ដែល​ទទួលស្គាល់ មក​និយាយ​ជាមួយ​ថៃ នោះ​វា​ពិត​ជា​រឿង​ល្ងង់ខ្លៅ​របស់​អ្នក​កាន់​អំណាច​នៅ​កម្ពុជា​យ៉ាង​ពិតប្រាកដ ដែល​មាន​ន័យ​ថា “មនុស្ស​ល្ងង់ មិន​គួរ​មាន​អំណាច” ទាល់តែសោះ។

យ៉ាងណាក៏ដោយ កាលពី​ពាក់កណ្តាល​ខែ​មិថុនា លោក ហ៊ុន សែន បាន​អះអាង​ថា ការ​ជ្រើសរើស​ផ្លូវ​ដោះស្រាយ​បញ្ហា​ព្រំដែន​នៅ​តុលាការ​អន្តរជាតិ គឺជា​ការ​ដោះស្រាយ​បញ្ហា​ប្រកប​ដោយ​សន្តិភាព​បំផុត ហើយ​ក៏​បង្ហាញ​ពី​សុចរិតភាព​របស់​កម្ពុជា​ដែរ។

ជុំវិញ​បញ្ហា​នេះ កម្ពុជា​បាន​ដាក់​ពាក្យបណ្ដឹង​ប្តឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ​រួចរាល់​ហើយ​កាលពី​ពាក់កណ្តាល​ខែ​មិថុនា នៅឡើយ​តែ​ភាគី​ថៃ ប៉ុណ្ណោះ ដែល​បដិសេធ​មិន​ទទួលយក​យុត្តាធិការ​របស់​តុលាការ​អន្តរជាតិ​នេះ ដោយ​ស្នើ​ឱ្យ​កម្ពុជា​ចរចា​ទ្វេភាគី​វិញ​ចំពោះ​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​នា​ពេលនេះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version