The Cambodia Daily Khmer

អតីត​នាយករដ្ឋមន្ត្រី​ខ្មែរ​បញ្ជា​ផ្តាច់​ការ​ទាក់ទង​ពាណិជ្ជកម្ម​នឹង​ប្រទេស​ថៃ រឿង​ព្រំដែន តើ​អាច​ផ្តាច់​ទូត​ឬ​ទេ?

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន និង​ជា​ប្រធាន​ព្រឹទ្ធសភា និង​កូនប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​ពិធី​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧៤ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥។

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន និង​ជា​ប្រធាន​ព្រឹទ្ធសភា និង​កូនប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​ពិធី​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧៤ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥។

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បញ្ជា​ឱ្យ​រាជរដ្ឋាភិបាល​ដែល​កំពុង​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត បញ្ឈប់​ការ​នាំចូល​មុខទំនិញ​យុទ្ធសាស្ត្រ​ពី​ប្រទេស​ថៃ ចាប់​ពី​ពេលនេះ​តទៅ​យ៉ាង​ដាច់ខាត ដូចជា អគ្គិសនី អ៊ីនធឺណិត ប្រេងឥន្ធនៈ និង​ឧស្ម័ន រួម​ទាំង​បញ្ឈប់​ចាក់​បញ្ចាំង​ភាពយន្ត​ថៃ ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ពិធី​ជួប​ជាមួយ​សិស្ស និស្សិត និង​លោកគ្រូ​អ្នកគ្រូ​នៅ​ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង នៅ​ថ្ងៃទី​៣ ខែ​កក្កដា ថា កម្ពុជា​ត្រូវតែ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​អ្វី​ដែល​ជា​ផ្នែក​យុទ្ធសាស្ត្រ គឺ​កុំ​ទិញ​ពី​ថៃ ដាច់ខាត ព្រោះ​ថា​ពេល​ថៃ បិទ​ខ្ទប់ កម្ពុជា​ប្រាកដជា​ដាច់​ខ្យល់​ជាមិនខាន។

លោក ហ៊ុន សែន លើកឡើង​ថា ថៃ​មិនមែន​ទើប​តែ​គំរាម​កម្ពុជា​ក្នុង​ពេល​មាន​បញ្ហា​ព្រំដែន​ជាមួយ​គ្នា​នេះ​ទេ គឺ​ធ្លាប់​គំរាម​តាំងពី​ជម្លោះ​ព្រំដែន​លើក​មុន​មក​ម្ល៉េះ។ ជាក់ស្តែង ថៃ ធ្លាប់​គំរាម​កាត់ផ្ដាច់​លុយ​កសាង​ផ្លូវជាតិ​លេខ​៦៨ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​កម្ពុជា​បង្វែរ​មក​ប្រើប្រាស់​ថវិកា​ជាតិ​សម្រាប់​កសាង​ផ្លូវជាតិ​នេះ​វិញ។

មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ រំលឹក​ថា កម្ពុជា​ក៏​បាន​ធ្លាប់​បិទ​មិន​ឱ្យ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ថៃ ម្តង​រួច​មក​ហើយ​កាលពី​ឆ្នាំ​២០០៣ ប៉ុន្តែ​ដោយសារ​ភាគី​ថៃ ចេះ​តែ​អង្វរ​សុំ​ជាច្រើនលើក ទើប​កម្ពុជា​អនុញ្ញាត​ឲ្យ​មាន​ការ​ចាក់​បញ្ចាំង​ភាពយន្ត​ថៃ ឡើងវិញ​នៅ​អំឡុង​ឆ្នាំ​២០១៦ ប៉ុន្តែ​ពេលនេះ កម្ពុជា​គួរ​ផលិត​ខ្សែភាពយន្ត​ដោយ​ខ្លួនឯង​ហើយ ជាជាង​យក​ភាពយន្ត​បរទេស​មក​ចាក់​បញ្ចាំង​ក្នុង​ស្រុក​របស់​ខ្លួន។

ក្រោយ​ទំនាស់​ព្រំដែន​កម្ពុជា-ថៃ បាន​ផ្ទុះឡើង​ប្រមាណ​ជា ១០​ថ្ងៃ គឺ​នៅ​ថ្ងៃទី​៩ ខែ​មិថុនា ឆ្នាំ​២០២៥ ក្រសួង​ការបរទេស​ថៃ បាន​គំរាម​ផ្តាច់​អគ្គិសនី និង​អ៊ីនធឺណិត​ដែល​លក់​ទៅ​ឱ្យ​កម្ពុជា ប៉ុន្តែ​ជា​លទ្ធផល កម្ពុជា​បាន​ប្រកាស​ផ្តាច់​អគ្គិសនី និង​អ៊ីនធឺណិត​ពី​ប្រទេស​ថៃ ដោយ​ខ្លួនឯង កាលពី​យប់​ថ្ងៃទី​១២ មិថុនា កន្លង​ទៅ។

ជាង​នេះ​ទៀត ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ក៏​បាន​ចេញ​សេចក្តី​ជូនដំណឹង​បញ្ឈប់​ការ​នាំចូល និង​ការ​ចាក់​បញ្ចាំង​ភាពយន្ត​ថៃ នៅ​គ្រប់​រោង​ភាពយន្ត​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​បន្ទាប់​ផង​ដែរ ខណៈ​សហព័ន្ធ​គុន​ខ្មែរ ក៏​ហាមប្រាម​សង្វៀន​ក្នុង​ស្រុក​ទាំងអស់ មិន​ឱ្យ​យក​កីឡាករ​ថៃ មក​ប្រកួត​នៅ​ប្រទេស​កម្ពុជា​ថែមទៀត។

រហូត​ដល់​ថ្ងៃទី​២២ មិថុនា លោក ហ៊ុន ម៉ាណែត ក៏​បាន​ចេញ​បញ្ជា​ឱ្យ​ផ្អាក​ការ​នាំចូល​ប្រេងឥន្ធនៈ និង​ឧស្ម័ន​គ្រប់​ប្រភេទ​ពី​ប្រទេស​ថៃ ទាំងស្រុង​បន្ថែម​ទៀត​ដែរ។

របាយការណ៍​របស់​និយតករ​ទូរគមនាគមន៍​កម្ពុជា បាន​បញ្ជាក់​ថា គិត​ត្រឹម​ដំណាច់ឆ្នាំ​២០២៤ ការ​ទិញ​សេវា​អ៊ីនធឺណិត​ចល័ត​មាន​ចំនួន​ជាង ១៨​លាន​នាក់ (១៨២៦៦៩៥៤​នាក់) និង​ការ​ទិញ​សេវា​អ៊ីនធឺណិត​អចល័ត​មាន​ចំនួន​ជាង ៧​លាន​នាក់ (៧១៥៩៨០​នាក់) ហើយ​បើ​សរុប​ទាំង​ពីរ​សេវា​នេះ​ធៀប​នឹង​ឆ្នាំ​២០២៣ កន្លង​ទៅ គឺ​មាន​កំណើន​ជិត ៨% (៧,៨១%)។

ដោយឡែក បើ​និយាយ​អំពី​ប្រេងឥន្ធនៈ​វិញ ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​កម្ពុជា លោក Casey Barnett បាន​អះអាង​ថា ប្រទេស​ថៃ គឺជា​ប្រភព​ប្រេងឥន្ធនៈ​ដ៏​ធំ​របស់​កម្ពុជា​ប្រហែល ២៩% ដូច​ប្រទេស​វៀតណាម ដែល​បាន​ផ្គត់ផ្គង់​ប្រេង​ដល់​កម្ពុជា​ដែរ។

ជាង​នេះ​ទៀត បើ​និយាយ​អំពី​អគ្គិសនី​វិញ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក កែវ រតនៈ បាន​អះអាង​កាលពី​ថ្ងៃទី​១១ មិថុនា ថា កម្ពុជា​មាន​អគ្គិសនី​គ្រប់គ្រាន់​សម្រាប់​បម្រើ​ឱ្យ​ការ​ប្រើប្រាស់។

លោក​បញ្ជាក់​ថា នៅ​ម៉ោង​នេះ ថ្ងៃ​នេះ កម្ពុជា​ពុំ​បាន​យក​អគ្គិសនី​ពី​ប្រទេស​ថៃ ចូល​មក​កាន់​កម្ពុជា​នៅ​ក្នុង​បណ្ដាញ​ជាតិ​របស់​ប្រទេស​ទាំង​ពីរ​ទេ គឺ​មាន​ន័យ​ថា សូន្យ។

តាម​បណ្ដាញ​សារព័ត៌មាន​ឯករាជ្យ​នានា ខាង​អាជ្ញាធរ​ថៃ វិញ​និយាយ​ថា ការ​បិទ​ច្រក​ព្រំដែន​ជាមួយ​ប្រទេស​កម្ពុជា មាន​មូលហេតុ​ធំៗ​យ៉ាងតិច​ពីរ គឺ​បញ្ហា​សន្តិសុខ និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដែល​ឧក្រិដ្ឋជន​ក្លែង​ខ្លួន​ឆ្លងដែន​ចេញ​ចូល ហើយ​កាត់បន្ថយ​ពលរដ្ឋ​ថៃ មិន​ឲ្យ​ចូល​លេង​ល្បែង​តាម​កាស៊ីណូ​ក្នុង​ទឹកដី​ខ្មែរ​ជាប់​ព្រំដែន។

ព័ត៌មាន​ចេញ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែ​មិថុនា នេះ​ដែរ អង្គការ​សិទ្ធិមនុស្ស Amnesty International ដែល​និយាយ​ថា៖ រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​មាន​ទាសកម្ម និង​ទារុណកម្ម​នៅ​តាម​អគារ​ក្រុម​ឧក្រិដ្ឋជន​ឆបោក ដែល​បង្ខាំង និង​បង្ខំ​មនុស្ស​ឲ្យ​ធ្វើការ​រកស៊ី​បោកប្រាស់​តាម​អន្តរ​បណ្ដាញ​នៅ​ពាសពេញ​ស្រុក​ខ្មែរ។

សេចក្តី​រាយការណ៍​ពី​ការ​ស៊ើបអង្កេត​រយៈពេល ១៨​ខែ នៅ​តាម​ទីតាំង​ប្រមាណ ៥០ គេ​រក​ឃើញ​ថា ស្ថាប័ន​រដ្ឋ​បាន​សមគំនិត​នឹង​ពួក​ឧក្រិដ្ឋជន​ចិន។ សេចក្តី​រាយការណ៍ ២៤០​ទំព័រ ដោយ​សម្ភាស និង​ថត​សំឡេង​ជនរងគ្រោះ​ប្រមាណ ៤០០​នាក់ ទីតាំង​ខ្លះ​មាន​ប៉ុស្តិ៍​អ្នក​យាម​ប្រដាប់​អាវុធ មាន​ជន​ចាំ​ទទួល​បញ្ជា​អនុវត្ត​វិន័យ វាយដំ​ជន​ណា​ដែល​មិន​បាន​ធ្វើការ​តាម​ការ​ដាក់​កំណត់។

អង្គការ​សិទ្ធិមនុស្ស រក​ឃើញ​ថា នៅ​ប្រទេស​កម្ពុជា មាន​ទីតាំង​អគារ​ថ្ម​មាំៗ​ចំនួន ៥៣​កន្លែង៖ បាវិត ខេត្ត​ស្វាយរៀង យ៉ាងតិច ១​កន្លែង; ភ្នំពេញ យ៉ាងតិច ៣​កន្លែង; កណ្តាល យ៉ាងតិច ១​កន្លែង; តាកែវ យ៉ាងតិច ២​កន្លែង; កំពត យ៉ាងតិច ២​កន្លែង; ខេត្ត​ព្រះសីហនុ យ៉ាងតិច ៣​កន្លែង; បុទុមសាគរ ខេត្ត​កោះកុង យ៉ាងតិច ២​កន្លែង; ក្រុង​កោះកុង យ៉ាងតិច ១​កន្លែង; ថ្មដា កោះកុង យ៉ាងតិច ១​កន្លែង; ផ្សារ​ព្រំ ប៉ៃលិន យ៉ាងតិច ១​កន្លែង; ប៉ោយប៉ែត យ៉ាងតិច ៣​កន្លែង; ជប់គគី យ៉ាងតិច ១​កន្លែង; អូរស្មាច់ យ៉ាងតិច ១​កន្លែង; ជាំ ខេត្ត​ឧត្ដរមានជ័យ យ៉ាងតិច ១​កន្លែង។

រីឯ​ការ​បិទ​ច្រក​ព្រំដែន​តបត ឬ​សងសឹក​ថៃ ពី​ខាង​ខ្មែរ ផ្តើម​ពី​ថ្ងៃទី​២៣ ខែ​មិថុនា ក៏​នឹង​នាំ​ឲ្យ​បាត់បង់​ការ​នាំចូល​ប្រេងឥន្ធនៈ​ពី​ក្រុមហ៊ុន ភីធីធី ដែល​ស្រុក​ខ្មែរ​ត្រូវការ។

តាម​សេចក្តី​រាយការណ៍​ពី​ប្រភព​នានា​អំពី​ពាណិជ្ជកម្ម​ប្រេង ប្រទេស​កម្ពុជា​នាំ​ប្រេងឥន្ធនៈ​ចូល​ពី​ប្រទេស​ថៃឡង់ដ៍ និង​យៀកណាម ចំនួន ២៩% នៃ​សេចក្តី​ត្រូវការ ក្រៅ​ពី​នោះ នាំចូល​ពី​ប្រទេស​សិង្ហបុរី។ ក្នុង​ឆ្នាំ​២០២៤ ប្រទេស​កម្ពុជា នាំចូល​ប្រេងឥន្ធនៈ​ពី​ក្រុមហ៊ុន​ថៃ ក្នុង​បរិមាណ​ជិត ២​ពាន់ ៣០០​លាន​លីត្រ ឬ​ស្មើ​នឹង​ជាង ២១% នៃ​ការ​នាំចូល​ប្រេង។ ប្រទេស​កម្ពុជា នឹង​ងាក​ទៅ​ការ​ដឹក​ប្រេង​ពី​ប្រទេស​ម៉ាឡេស៊ី ដើម្បី​បង្គ្រប់​សេចក្តី​ត្រូវការ។

បរិមាណ​ប្រេងឥន្ធនៈ​នាំចូល​ស្រុត​ចុះ រដ្ឋាភិបាល​អាច​ទិញ​ថែម​ពី​ប្រទេស​ផ្សេង ប៉ុន្តែ​មិន​សូវ​ប្រកួតប្រជែង​តម្លៃ ដូច្នេះ​ប្រេងឥន្ធនៈ​នឹង​ឡើង​ថ្លៃ ពលរដ្ឋ​ប្រើប្រាស់​យានយន្ត​នឹង​ជួប​ការ​ពិសោធន៍​ចំណាយ​ធនធាន​តាម​ស្ថានីយ​ប្រេង​លើស​ធម្មតា។ ពេល​នោះ គេ​អាច​នាំគ្នា​បន្ទោស​ស្ថានការណ៍​តឹងតែង​នៅ​មជ្ឈិមបូព៌ា ឬ​មកពី​សហរដ្ឋ​អាមេរិក​ទៅ​វ៉ៃ​ប្រទេស​អ៊ីរ៉ង់៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version