រដ្ឋាភិបាលកម្ពុជា ច្រានចោលសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសថៃ ដែលនិយាយខុសការពិតពាក់ព័ន្ធនឹងជម្លោះព្រំដែនរវាងប្រទេសទាំងពីរ ជាពិសេសលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោកឆ្នាំ២០០០ (MoU ឆ្នាំ២០០០)។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី០៧ កក្កដា នេះថា ប្រទេសថៃ ខកខានម្តងហើយម្តងទៀតក្នុងការបំពេញកាតព្វកិច្ចស្នូលរបស់ខ្លួនក្រោម MoU ឆ្នាំ២០០០ ជាពិសេសមាត្រា១ ដែលបានបញ្ជាក់យ៉ាងច្បាស់ថា ផែនទីផលិតដោយគណៈកម្មការបារាំង-សៀម សម្រាប់ខណ្ឌសីមាព្រំដែនរវាងឥណ្ឌូចិន និងសៀម គឺជាមូលដ្ឋានសម្រាប់ការកំណត់ព្រំដែននៃប្រទេសកម្ពុជា និងថៃ។
ប្រភពដដែល អះអាងថា ផ្ទុយពីការប្ដេជ្ញាចិត្តចំពោះកាតព្វកិច្ចនេះ ថៃបានបន្តប្រើប្រាស់ផែនទីគូសដោយឯកតោភាគី ដើម្បីទាមទារទឹកដី និងទន្ទ្រានចូលទឹកដីកម្ពុជារហូតមក ដែលជាទង្វើបំពានលើច្បាប់អន្តរជាតិ និង MoU ឆ្នាំ២០០០ ដែលនៅតែជាចំណងកាតព្វកិច្ចតាមច្បាប់របស់រដ្ឋទាំងពីរនោះ។
ក្រសួងការបរទេសកម្ពុជា លើកឡើងថា ការសម្រេចចិត្តរបស់កម្ពុជាក្នុងការបញ្ជូនវិវាទរវាងប្រទេសទាំងពីរទៅតុលាការអន្តរជាតិ គឺជាការឆ្លើយតបដោយសន្តិវិធីចំពោះការរំលោភលើ MoU ឆ្នាំ២០០០ ដោយភាគីថៃ ដូចជា ការប្រើប្រាស់កម្លាំងប្រដាប់អាវុធ អំពើញុះញង់ និងការបង្ហាញពីកង្វះឆន្ទៈក្នុងការគោរពក្របខ័ណ្ឌដែលបានឯកភាពគ្នាសម្រាប់ការងារខណ្ឌសីមាព្រំដែនរួមនោះ។
កម្ពុជា អំពាវនាវឱ្យប្រទេសថៃ គោរពដោយសុទ្ធចិត្តចំពោះកាតព្វកិច្ចរួមក្នុង MoU ឆ្នាំ២០០០ ដោយបញ្ឈប់រាល់សកម្មភាពឯកតោភាគីដែលបានប្រព្រឹត្ត ចំណែកកម្ពុជាប្ដេជ្ញាចិត្តឥតងាករេក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ផងដែរ។
ក្រសួងការបរទេសកម្ពុជា គូសបញ្ជាក់ថា តុលាការអន្តរជាតិដែលជាស្ថាប័នស្នូលរបស់អង្គការសហប្រជាជាតិ គឺជាវេទិកាដែលមានការទទួលស្គាល់ និងស្របច្បាប់សម្រាប់ការវិនិច្ឆ័យលើវិវាទផ្លូវច្បាប់អន្តរជាតិ រួមទាំងបញ្ហាព្រំដែន ជាពិសេសករណីដែលយន្តការទ្វេភាគីបានជាប់គាំងដោយសារតែការរំលោភជាបន្តបន្ទាប់លើ MoU ឆ្នាំ២០០០ ដោយភាគីម្ខាងទៀតនោះ។
កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងការបរទេសថៃ បានចេញសេចក្តីថ្លែងការណ៍ដោយចោទប្រកាន់កម្ពុជា ថាបានបំពានលើកិច្ចសន្យាក្នុងការដោះស្រាយបញ្ហាព្រំដែន តាមរយៈគណៈកម្មាធិការព្រំដែនទ្វេភាគី ត្បិតអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខានៅឆ្នាំ២០០០ បានចែងយ៉ាងច្បាស់ថា ភាគីទាំងពីរត្រូវតែពិភាក្សាអំពីបញ្ហាព្រំដែនតាមរយៈគណៈកម្មាធិការព្រំដែនរួម (JBC)។
ប្រភពដដែល លើកឡើងថា MoU ឆ្នាំ២០០០ មិនអនុញ្ញាតឱ្យប្រទេសទាំងពីរប្រើយន្តការផ្សេងនោះទេ រួមទាំងតុលាការអន្តរជាតិ (ICJ) ផងដែរ ខណៈប្រទេសថៃ តែងតែអនុវត្តតាម MoU នេះយ៉ាងតឹងរ៉ឹង ដោយអនុលោមតាមគោលការណ៍នៃច្បាប់ និងសន្ធិសញ្ញាអន្តរជាតិ។
ជុំវិញបញ្ហានេះ ក្រុមអ្នកឃ្លាំមើលបញ្ហាព្រំដែនខ្មែរ លើកឡើងថា ថៃមិនហ៊ានប្រឈមនឹងតុលាការអន្តរជាតិទេ ព្រោះផែនទីដែលថៃ ប្រើប្រាស់សព្វថ្ងៃនេះ គឺជាផែនទីដែលថៃ បានគូសដោយឯកតោភាគី និងបានរំលោភចូលក្នុងដីខ្មែរ ដូច្នេះបើថៃ ហ៊ានឡើងទៅតុលាការអន្តរជាតិ ថៃនឹងត្រូវបាត់បង់ដីដែលពួកគេបានឈ្លានពានយកដូចករណីប្រាសាទព្រះវិហារ ដូច្នោះដែរ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
