26.6 C
Phnom Penh

កម្ពុជា​ទាត់ចោល​សំអាង​របស់​ក្រសួង​ការបរទេស​ថៃ ដែល​និយាយ​ខុស​ការពិត​ពាក់ព័ន្ធ​នឹង​ជម្លោះ​ព្រំដែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​កម្ពុជា ច្រានចោល​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​ថៃ ដែល​និយាយ​ខុស​ការពិត​ពាក់ព័ន្ធ​នឹង​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ជាពិសេស​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្ដីពី​ការ​វាស់វែង និង​ខណ្ឌសីមា​ព្រំដែន​គោក​ឆ្នាំ​២០០០ (MoU ឆ្នាំ​២០០០)។

ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​០៧ កក្កដា នេះ​ថា ប្រទេស​ថៃ ខកខាន​ម្តង​ហើយ​ម្តង​ទៀត​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​ស្នូល​របស់​ខ្លួន​ក្រោម MoU ឆ្នាំ​២០០០ ជាពិសេស​មាត្រា​១ ដែល​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ផែនទី​ផលិត​ដោយ​គណៈកម្មការ​បារាំង-សៀម សម្រាប់​ខណ្ឌសីមា​ព្រំដែន​រវាង​ឥណ្ឌូចិន និង​សៀម គឺជា​មូលដ្ឋាន​សម្រាប់​ការ​កំណត់​ព្រំដែន​នៃ​ប្រទេស​កម្ពុជា និង​ថៃ។

ប្រភព​ដដែល អះអាង​ថា ផ្ទុយ​ពី​ការ​ប្ដេជ្ញាចិត្ត​ចំពោះ​កាតព្វកិច្ច​នេះ ថៃ​បាន​បន្ត​ប្រើប្រាស់​ផែនទី​គូស​ដោយ​ឯកតោភាគី ដើម្បី​ទាមទារ​ទឹកដី និង​ទន្ទ្រាន​ចូល​ទឹកដី​កម្ពុជា​រហូត​មក ដែល​ជា​ទង្វើ​បំពាន​លើ​ច្បាប់​អន្តរជាតិ និង MoU ឆ្នាំ​២០០០ ដែល​នៅតែ​ជា​ចំណង​កាតព្វកិច្ច​តាម​ច្បាប់​របស់​រដ្ឋ​ទាំង​ពីរ​នោះ។

ក្រសួង​ការបរទេស​កម្ពុជា លើកឡើង​ថា ការ​សម្រេច​ចិត្ត​របស់​កម្ពុជា​ក្នុង​ការ​បញ្ជូន​វិវាទ​រវាង​ប្រទេស​ទាំង​ពីរ​ទៅ​តុលាការ​អន្តរជាតិ គឺជា​ការ​ឆ្លើយតប​ដោយ​សន្តិវិធី​ចំពោះ​ការ​រំលោភ​លើ MoU ឆ្នាំ​២០០០ ដោយ​ភាគី​ថៃ ដូចជា ការ​ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ អំពើ​ញុះញង់ និង​ការ​បង្ហាញ​ពី​កង្វះ​ឆន្ទៈ​ក្នុង​ការ​គោរព​ក្របខ័ណ្ឌ​ដែល​បាន​ឯកភាព​គ្នា​សម្រាប់​ការងារ​ខណ្ឌសីមា​ព្រំដែន​រួម​នោះ។

កម្ពុជា អំពាវនាវ​ឱ្យ​ប្រទេស​ថៃ គោរព​ដោយ​សុទ្ធចិត្ត​ចំពោះ​កាតព្វកិច្ច​រួម​ក្នុង MoU ឆ្នាំ​២០០០ ដោយ​បញ្ឈប់​រាល់​សកម្មភាព​ឯកតោភាគី​ដែល​បាន​ប្រព្រឹត្ត ចំណែក​កម្ពុជា​ប្ដេជ្ញាចិត្ត​ឥត​ងាករេ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ព្រំដែន​ដោយ​សន្តិវិធី​ស្រប​តាម​ច្បាប់​អន្តរជាតិ រួម​ទាំង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ធម្មនុញ្ញ​អាស៊ាន និង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ឆ្នាំ​២០០០ ផង​ដែរ។

ក្រសួង​ការបរទេស​កម្ពុជា គូស​បញ្ជាក់​ថា តុលាការ​អន្តរជាតិ​ដែល​ជា​ស្ថាប័ន​ស្នូល​របស់​អង្គការ​សហប្រជាជាតិ គឺជា​វេទិកា​ដែល​មាន​ការ​ទទួលស្គាល់ និង​ស្រប​ច្បាប់​សម្រាប់​ការ​វិនិច្ឆ័យ​លើ​វិវាទ​ផ្លូវ​ច្បាប់​អន្តរជាតិ រួម​ទាំង​បញ្ហា​ព្រំដែន ជាពិសេស​ករណី​ដែល​យន្តការ​ទ្វេភាគី​បាន​ជាប់​គាំង​ដោយសារតែ​ការ​រំលោភ​ជាបន្តបន្ទាប់​លើ MoU ឆ្នាំ​២០០០ ដោយ​ភាគី​ម្ខាង​ទៀត​នោះ។

កាលពី​ថ្ងៃទី​៦ ខែ​កក្កដា ឆ្នាំ​២០២៥ ក្រសួង​ការបរទេស​ថៃ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ដោយ​ចោទ​ប្រកាន់​កម្ពុជា ថា​បាន​បំពាន​លើ​កិច្ចសន្យា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន តាមរយៈ​គណៈកម្មាធិការ​ព្រំដែន​ទ្វេភាគី ត្បិត​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ដែល​បាន​ចុះហត្ថលេខា​នៅ​ឆ្នាំ​២០០០ បាន​ចែង​យ៉ាង​ច្បាស់​ថា ភាគី​ទាំង​ពីរ​ត្រូវតែ​ពិភាក្សា​អំពី​បញ្ហា​ព្រំដែន​តាមរយៈ​គណៈកម្មាធិការ​ព្រំដែន​រួម (JBC)។

ប្រភព​ដដែល លើកឡើង​ថា MoU ឆ្នាំ​២០០០ មិន​អនុញ្ញាត​ឱ្យ​ប្រទេស​ទាំង​ពីរ​ប្រើ​យន្តការ​ផ្សេង​នោះ​ទេ រួម​ទាំង​តុលាការ​អន្តរជាតិ (ICJ) ផង​ដែរ ខណៈ​ប្រទេស​ថៃ តែងតែ​អនុវត្ត​តាម MoU នេះ​យ៉ាង​តឹងរ៉ឹង ដោយ​អនុលោម​តាម​គោលការណ៍​នៃ​ច្បាប់ និង​សន្ធិសញ្ញា​អន្តរជាតិ។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​ឃ្លាំមើល​បញ្ហា​ព្រំដែន​ខ្មែរ លើកឡើង​ថា ថៃ​មិន​ហ៊ាន​ប្រឈម​នឹង​តុលាការ​អន្តរជាតិ​ទេ ព្រោះ​ផែនទី​ដែល​ថៃ ប្រើប្រាស់​សព្វថ្ងៃ​នេះ គឺជា​ផែនទី​ដែល​ថៃ បាន​គូស​ដោយ​ឯកតោភាគី និង​បាន​រំលោភ​ចូល​ក្នុង​ដី​ខ្មែរ ដូច្នេះ​បើ​ថៃ ហ៊ាន​ឡើង​ទៅ​តុលាការ​អន្តរជាតិ ថៃ​នឹង​ត្រូវ​បាត់បង់​ដី​ដែល​ពួកគេ​បាន​ឈ្លានពាន​យក​ដូច​ករណី​ប្រាសាទ​ព្រះវិហារ ដូច្នោះ​ដែរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស