អង្គភាពនៃចារកម្មយោធាអ៊ុយក្រែន រាយការណ៍ថា ប្រទេសឡាវ កំពុងរៀបចំបញ្ជូនជួយកងទ័ពរុស្ស៊ី ក្នុងសង្គ្រាមរបស់រុស្ស៊ី ឈ្លានពានប្រទេសអ៊ុយក្រែន ក្រោមហេតុផលថាជាប្រតិបត្តិការជួយបោសសម្អាតមីនឱ្យកងទ័ពរុស្ស៊ី នៅតំបន់ Kursk នៃដែនដីភាគខាងលិចនៃប្រទេសរុស្ស៊ី ដែលទ័ពរុស្ស៊ី និងទ័ពកូរ៉េខាងជើង ទើបវាយយកបានវិញពីទ័ពអ៊ុយក្រែន កាលពីចុងខែមេសា។
នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Kyiv Independent កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥។
បើតាមក្រុមចារកម្មនៃប្រទេសអ៊ុយក្រែន រុស្ស៊ីកំពុងរៀបចំដាក់ពង្រាយក្រុមវិស្វករយោធាឡាវ អាចមាន ៥០នាក់ដើម្បីជួយដល់ប្រតិបត្តិការបោសសម្អាតមីននៅក្នុងតំបន់ Kursk ដែនដីរុស្ស៊ី ដែលមានព្រំប្រទល់ជាប់នឹងប្រទេសអ៊ុយក្រែន ហើយជាមួយគ្នានេះ ប្រទេសឡាវ ក៏អាចនឹងបញ្ជូនទាហានពេទ្យទៅជួយព្យាបាលទាហានរុស្ស៊ី ដែលរងរបួសនៅក្នុងសមរភូមិដែរ។
ក្រុមចារកម្មយោធាអ៊ុយក្រែន បានហៅបេសកកម្មកងវិស្វកម្មយោធា និងទាហានពេទ្យឡាវ គឺជារូបភាពដែលរុស្ស៊ី ក្លែងបន្លំជាសកម្មភាពមនុស្សធម៌ ធ្វើឱ្យមានការភាន់ច្រឡំថាជាកម្លាំងមនុស្សធម៌បរទេសទៅជួយរុស្ស៊ី តែជាការពិត វត្តមានកងទ័ពឡាវ វាមិនខុសនឹងវត្តមានទ័ពកូរ៉េខាងជើង ដែលទៅជួយកងទ័ពរុស្ស៊ី នោះទេ។
ក្រុមចារកម្មយោធាអ៊ុយក្រែន ពន្យល់ទៀតថា ការប្រើប្រាស់កងកម្លាំងទ័ពបរទេសក្លែងខ្លួនជាបុគ្គលិកជំនួយ ជាការបញ្ជាក់ថា វិមានក្រឹមឡាំង កំពុងកៀងគរស្វែងរកកម្លាំងមកពីបណ្ដាប្រទេសជាសម្ព័ន្ធមិត្តដើម្បីជួយកងទ័ពរុស្ស៊ី ទោះបីជាវត្តមានទ័ពឡាវ មានតិចតួចក៏ដោយ។
រដ្ឋាភិបាលអ៊ុយក្រែន ចាត់ទុកថាជាលើកទីមួយហើយដែលប្រទេសអាស៊ីអាគ្នេយ៍មួយចាប់ផ្ដើមចូលរួមដោយផ្ទាល់ក្នុងសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន ប៉ុន្តែវត្តមានកងទ័ពប្រទេសឡាវ គឺជាជំហានដ៏គ្រោះថ្នាក់ ហើយអាចលើកទឹកចិត្តប្រទេសផ្សេងទៀតដែលចង់បានផលប្រយោជន៍ពីរុស្ស៊ី ក៏អាចចូលពាក់ព័ន្ធជួយរុស្ស៊ី ដែរ។
យ៉ាងណា ទាំងក្រសួងការបរទេសរុស្ស៊ី និងឡាវ មិនទាន់ឃើញប្រតិកម្មចំពោះការបញ្ចេញព័ត៌មានរបស់ភ្នាក់ងារចារកម្មយោធានៃប្រទេសអ៊ុយក្រែន ដែលថាកងទ័ពវិស្វកម្មនៃប្រទេសឡាវ កំពុងមានវត្តមានជួយកងទ័ពរុស្ស៊ី នៅឡើយទេ។
ចំពោះវត្តមានទ័ពបរទេសដែលទៅជួយកងទ័ពរុស្ស៊ី មានតែប្រទេសកូរ៉េខាងជើង មួយប៉ុណ្ណោះដែលហ៊ានចេញមុខប្រកាសជាផ្លូវការពីវត្តមានទ័ពរបស់ខ្លួនពិតជាបានបញ្ជូនទៅជួយរុស្ស៊ី វាយលើប្រទេសអ៊ុយក្រែន បន្ទាប់ពីក្រុងព្យុងយ៉ាង ព្យាយាមបិទបាំងរយៈពេល ៥ខែ។
បើតាមរបាយការណ៍ចារកម្មនៃប្រទេសកូរ៉េខាងត្បូង កូរ៉េខាងជើងគ្រោងនឹងដាក់ពង្រាយទ័ពរបស់ខ្លួនរហូតដល់ ៣ម៉ឺននាក់បន្ថែមទៀត ដើម្បីគាំទ្រដល់រុស្ស៊ី ដែលនៅពេលនេះ ទ័ពកូរ៉េខាងជើង ប្រហែល ១ម៉ឺន ២ពាន់នាក់មានរួចមកហើយនៅខាងក្រោយសមរភូមិ ប៉ុន្តែក្នុងចំនួននេះ ប្រហែលជា ៤ពាន់នាក់បានបាត់បង់នៅក្នុងសមរភូមិ Kursk។
ពាក់ព័ន្ធនឹងស្ថានភាពសង្គ្រាម កងកម្លាំងអ៊ុយក្រែន បានចេញរបាយការណ៍នៅថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥ ដោយអះអាងថា ចាប់តាំងពីរុស្ស៊ី បើកប្រតិបត្តិការសឹកវាយលុកអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ មក កងទ័ពរុស្ស៊ី បាត់បង់ ១លាន ២ម៉ឺន ៧ពាន់ ៥៤០នាក់។ បើតាមរបាយការណ៍របស់សេនាធិការកងទ័ពអ៊ុយក្រែន រុស្ស៊ីបាត់បង់រថក្រោះ ១ម៉ឺន ៩៩២គ្រឿង រថពាសដែក ២ម៉ឺន ២ពាន់ ៩៦៣គ្រឿង ប្រព័ន្ធបាញ់កាំភ្លើងធំ ២ម៉ឺន ៩ពាន់ ៩៩៣គ្រឿង ប្រព័ន្ធបាញ់រ៉ុក្កែតពហុមុខងារ ១ពាន់ ៤៣២គ្រឿង ខែលការពារដែនអាកាស ១ពាន់ ១៩២គ្រឿង យន្តហោះ ៤២១គ្រឿង ឧទ្ធម្ភាគចក្រ ៣៤០គ្រឿង ដ្រូន ៤ម៉ឺន ៤ពាន់ ៥៨គ្រឿង នាវា ២៨គ្រឿង នាវាមុជទឹកមួយគ្រឿង និងរថយន្តភស្តុភារសម្រាប់ទ័ពរុស្ស៊ី ចំនួន ៥ម៉ឺន ៤ពាន់ ៣៧០គ្រឿង។
ទោះបីជាយ៉ាងណា តួលេខដែលបញ្ចេញដោយសេនាធិការកងទ័ពអ៊ុយក្រែន ដែលចុះផ្សាយដោយសារព័ត៌មាន The Kyiv Independent មិនបានផ្ទៀងផ្ទាត់ពីក្រសួងការពារជាតិរុស្ស៊ី នោះទេ។
ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀរ ហ្សេឡេនស្គី បានអះអាងថា តួលេខកងទ័ពរុស្ស៊ី ដែលបាត់បង់ជាង ៣សែននាក់ និងរងរបួសប្រហែលជាជិត ៧សែននាក់ ប៉ុន្តែលោក ហ្សេឡេនស្គី អះអាងថាទ័ពអ៊ុយក្រែន ចំនួន ៤ម៉ឺន ៣ពាន់នាក់បានស្លាប់ និង ២សែននាក់រងរបួស៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
