អង្គការក្រៅរដ្ឋាភិបាលជាច្រើនវិស័យ ប្រកាសប្រារព្ធខួប ៩ឆ្នាំនៃការបាត់បង់ជីវិតរបស់អ្នកស្រាវជ្រាវអំពីការអភិវឌ្ឍសង្គម បណ្ឌិត កែម ឡី នៅថ្ងៃទី១០ ខែកក្កដា ដើម្បីបន្តរកយុត្តិធម៌ជូនក្រុមគ្រួសាររបស់លោក និងជាការរំលឹកដល់វីរភាព និងការលះបង់របស់លោកក្នុងកិច្ចការពារសិទ្ធិមនុស្ស និងសេរីភាពនៃការបញ្ចេញមតិ។
អង្គការសង្គមស៊ីវិលទាំងនេះ បញ្ជាក់ថា ការជួបជុំរំលឹកខួប ៩ឆ្នាំនេះ នឹងមានការដាក់កម្រងផ្កា ការថ្លែងសារពីអ្នកចូលរួមនៅស្ថានីយប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ បន្ទាប់មកនឹងបន្តដំណើរទៅកាន់វត្តចាស់ ខណ្ឌជ្រោយចង្វារ ដើម្បីធ្វើបុណ្យបង្សុកូលឧទ្ទិសកុសលជូនដល់បណ្ឌិត កែម ឡី តាមទំនៀមទម្លាប់ប្រពៃណីខ្មែរ។
ក្រុមអង្គការសង្គមស៊ីវិល អំពាវនាវឱ្យពលរដ្ឋខ្មែរចូលរួមក្នុងពិធីរំលឹកខួបនេះឱ្យបានច្រើនកុះករ ដើម្បីបង្ហាញពីការចងចាំនូវវីរភាពរបស់លោក រួមទាំងបង្ហាញពីឆន្ទៈក្នុងការទាមទារយុត្តិធម៌សម្រាប់រូបលោក និងសង្គមជាតិទាំងមូលផងដែរ។
ការប្រាព្ធខួបនេះ ធ្វើឡើងបន្ទាប់ពីមរណភាពបណ្ឌិត កែម ឡី នៅតែមិនទាន់ត្រូវបានរដ្ឋាភិបាលស្វែងរកយុត្តិធម៌សម្រាប់ក្រុមគ្រួសាររបស់លោកអស់រយៈពេលជិតមួយទសវត្សរ៍មកនេះ។
៩ឆ្នាំមុន គឺនៅថ្ងៃសៅរ៍ ទី១០ ខែកក្កដា វេលាម៉ោង ៩.៤៤នាទីព្រឹក ដំណឹងដ៏តក់ស្លុតមួយត្រូវបានផ្សព្វផ្សាយតៗគ្នាក្នុងចំណោមអ្នកនយោបាយ អង្គការសង្គមស៊ីវិល អ្នកវិភាគ និងអ្នកឃ្លាំមើល រហូតដល់ពលរដ្ឋថា កុលបុត្រខ្មែរស្នេហាជាតិមួយរូប គឺបណ្ឌិត កែម ឡី កំពុងដេកស្លាប់ក្នុងថ្លុកឈាមដ៏សែនរន្ធត់ ដោយសារគ្រាប់កាំភ្លើងឃាតករផ្ដាច់ជីវិតនៅកណ្តាលទីក្រុងភ្នំពេញ។
២ថ្ងៃមុននៃអំពើឃាតកម្មនេះ បណ្ឌិត កែម ឡី បានលាតត្រដាងអំពីផែនការលក់ជាតិ និងការគ្រប់គ្រងជំនួញក្នុងប្រទេសកម្ពុជា ក្នុងទំហំទឹកប្រាក់រាប់រយពាន់លានដុល្លារអាមេរិករបស់បក្ខពួក និងក្រុមគ្រួសារត្រកូល «ហ៊ុន» តាមរបាយការណ៍អង្គការ គ្លប៊ល វីនេស (global witness)។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ (Khmer Democracy Organization, KDO) លោក ស៊ឹង សែនករុណា ប្រាប់សារព័ត៌មាន The Cambodia Daily ដោយជំរុញឱ្យរដ្ឋាភិបាលកម្ពុជាស្វែងរកយុត្តិធម៌ជូនជនរងគ្រោះដែលបានទទួលរងពីការដឹកនាំរបស់ខ្លួន ដើម្បីទទួលបានការទុកចិត្តពីពលរដ្ឋ។
លោក ស៊ឹង សែនករុណា លើកឡើងថា ស្ថានភាពកម្ពុជាសព្វថ្ងៃនេះ បើសិទ្ធិពលរដ្ឋ និងប្រជាធិបតេយ្យមិនត្រូវបើកចំហឱ្យបានទូលំទូលាយទេ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក៏ទំនងជាមិនដកដៃក្នុងការដាក់សម្ពាធទៅលើកម្ពុជាដែរ។ ជាក់ស្តែង ដូចជាការកំណត់ពន្ធ ៣៦% ពីអាមេរិកនាពេលនេះ និងការកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះ EBA ២០% របស់សហគមន៍អឺរ៉ុប នាពេលកន្លងមក ជាដើម។
មន្ត្រីសង្គមស៊ីវិលរូបនេះបញ្ជាក់ថា ដើម្បីធ្វើឱ្យមានលម្ហសេរីភាព និងនយោបាយនៅកម្ពុជាមានភាពប្រសើរឡើង រដ្ឋាភិបាលមិនត្រឹមតែផ្តល់យុត្តិធម៌ជូនជនរងគ្រោះទេ តែក៏ត្រូវបញ្ឈប់រាល់ការធ្វើទុក្ខបុកម្នេញលើសកម្មជននានា រួមទាំងអ្នកនយោបាយដែលមាននិន្នាការផ្ទុយផងដែរ ដែលជាកត្តានាំទៅរកការរួបរួមដើម្បីផលប្រយោជន៍ជាតិ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
