អ្នកឃ្លាំមើលរិះគន់រដ្ឋាភិបាល និងមេបញ្ជាការដែលចាញ់ល្បិចកលទាហានថៃ ចាប់ខ្លួនទាហានខ្មែរ ហើយចាត់ទុកសកម្មភាពរបស់កងទ័ពថៃ បែបនេះ ជាការបំពានលើបទឈប់បាញ់ដែលភាគីថៃ ត្រូវតែទទួលខុសត្រូវចំពោះទង្វើដ៏ស្មោកគ្រោកនេះ។
អ្នកឃ្លាំមើលសង្គម លោក វ៉ន ចាន់ឡូត សរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៣០ កក្កដា នេះថា ការដែលទាហានខ្មែរត្រូវបានទាហានថៃ ចាប់ខ្លួនក្រោមកលល្បិចធ្វើពុតជាសុំចាប់ដៃស្វាគមន៍ ក្រោយពីមានបទឈប់បាញ់បែបនេះ គឺជាកម្សោយនៃវិធានការរបស់រដ្ឋាភិបាល និងក្រសួងការពារជាតិ ក្នុងការធានានូវអាយុជីវិតរបស់កម្លាំងការពារជាតិរបស់ខ្លួន។
លោក វ៉ន ចាន់ឡូត លើកឡើងថា កងទ័ពខ្មែរបានចូលសមរភូមិប្រយុទ្ធមិនចុះញ៉មអស់រយៈពេល ៥ថ្ងៃមកហើយ តែបែរជាធ្វេសប្រហែសឱ្យសត្រូវចូលមកចាប់ខ្លួនដោយងាយៗទៅវិញ។
លោកអំពាវនាវកុំឱ្យរដ្ឋាភិបាលកម្ពុជា លាក់បាំងព័ត៌មាន និងមិនត្រូវប្រញាប់ជឿទុកចិត្តសត្រូវនោះទេ ដើម្បីធានាការពារអាយុជីវិតកងទ័ព និងទឹកដីដែលកងទ័ពជួរមុខកំពុងឈរជើងកាន់កាប់នាពេលនេះ។
នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នេះ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ត្រា បានប្រាប់អនុព័ន្ធយោធា និងមន្ត្រីការទូតទាំង ១៣ប្រទេសថា ក្រោយបទឈប់បាញ់ចូលជាធរមាន ទាហានថៃ បានប្រើល្បិចកលចាប់ទាហានខ្មែរចំនួន ២០នាក់ ក្នុងនោះទាហានខ្មែរម្នាក់បានរត់រួច ប៉ុន្តែ ២នាក់ទៀតត្រូវទាហានថៃ បាញ់សម្លាប់។
ប្រភពដដែលអះអាងថា ក្រោយពេលមានបទឈប់បាញ់ ទាហានថៃ បានដើរមកស្វាគមន៍ទាហានខ្មែរដោយសម្ដែងនូវការស្រុះស្រួលគ្នា និងសុំទាហានខ្មែរថតរូបទុកជាអនុស្សាវរីយ៍ជាមួយគ្នាថែមទៀត ប៉ុន្តែពេលកំពុងថតរូប ក្រុមទាហានថៃ ដែលបង្កប់ខ្លួននៅក្នុងព្រៃក៏ចេញមកភ្ជង់កាំភ្លើងចាប់ខ្លួនទាហានខ្មែរតែម្តង។
មេទ័ពខ្មែររូបនេះបញ្ជាក់ថា រហូតមកទល់រសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នេះ ក្រុមទាហានថៃ មិនទាន់ដោះលែងទាហានកម្ពុជា ដែលត្រូវពួកគេចាប់ខ្លួននោះនៅឡើយទេ។
រហូតមកទល់នឹងពេលនេះ គេមិនទាន់ឃើញក្រសួងការពារជាតិ ឬនាយករដ្ឋមន្ត្រីកម្ពុជា បង្ហាញពីវិធានការដើម្បីជួយសង្គ្រោះទាហានដែលត្រូវទាហានថៃ ប្រើល្បិចចាប់ខ្លួនទាំងនេះនៅឡើយទេ។
សារព័ត៌មាន The Cambodia Daily មិនទាន់អាចទាក់ទងអ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ប៉ែន បូណា សុំការបំភ្លឺពីបញ្ហានេះបាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
