29.3 C
Phnom Penh

អ្នក​ឃ្លាំមើល​រិះគន់​រដ្ឋាភិបាល​និង​មេបញ្ជាការ​ដែល​ចាញ់​ល្បិចកល​ឱ្យ​ទាហាន​ថៃ ចាប់​ខ្លួន​ទាហាន​ខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​រិះគន់​រដ្ឋាភិបាល និង​មេបញ្ជាការ​ដែល​ចាញ់​ល្បិចកល​ទាហាន​ថៃ ចាប់​ខ្លួន​ទាហាន​ខ្មែរ ហើយ​ចាត់ទុក​សកម្មភាព​របស់​កងទ័ព​ថៃ បែប​នេះ ជា​ការ​បំពាន​លើ​បទ​ឈប់​បាញ់​ដែល​ភាគី​ថៃ ត្រូវតែ​ទទួល​ខុសត្រូវ​ចំពោះ​ទង្វើ​ដ៏​ស្មោកគ្រោក​នេះ។

អ្នក​ឃ្លាំមើល​សង្គម លោក វ៉ន ចាន់ឡូត សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៣០ កក្កដា នេះ​ថា ការ​ដែល​ទាហាន​ខ្មែរ​ត្រូវ​បាន​ទាហាន​ថៃ ចាប់​ខ្លួន​ក្រោម​កលល្បិច​ធ្វើ​ពុត​ជា​សុំ​ចាប់​ដៃ​ស្វាគមន៍ ក្រោយពី​មាន​បទ​ឈប់​បាញ់​បែប​នេះ គឺជា​កម្សោយ​នៃ​វិធានការ​របស់​រដ្ឋាភិបាល និង​ក្រសួង​ការពារ​ជាតិ ក្នុង​ការ​ធានា​នូវ​អាយុជីវិត​របស់​កម្លាំង​ការពារ​ជាតិ​របស់​ខ្លួន។

លោក វ៉ន ចាន់ឡូត លើកឡើង​ថា កងទ័ព​ខ្មែរ​បាន​ចូល​សមរភូមិ​ប្រយុទ្ធ​មិន​ចុះ​ញ៉ម​អស់​រយៈពេល ៥​ថ្ងៃ​មក​ហើយ តែ​បែរជា​ធ្វេសប្រហែស​ឱ្យ​សត្រូវ​ចូល​មក​ចាប់​ខ្លួន​ដោយ​ងាយៗ​ទៅវិញ។

លោក​អំពាវនាវ​កុំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា លាក់បាំង​ព័ត៌មាន និង​មិន​ត្រូវ​ប្រញាប់​ជឿ​ទុកចិត្ត​សត្រូវ​នោះ​ទេ ដើម្បី​ធានា​ការពារ​អាយុជីវិត​កងទ័ព និង​ទឹកដី​ដែល​កងទ័ព​ជួរមុខ​កំពុង​ឈរជើង​កាន់កាប់​នា​ពេលនេះ។

នៅ​ថ្ងៃទី​៣០ ខែ​កក្កដា ឆ្នាំ​២០២៥ នេះ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ព្រះវិហារ ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ត្រា បាន​ប្រាប់​អនុព័ន្ធ​យោធា និង​មន្ត្រី​ការទូត​ទាំង ១៣​ប្រទេស​ថា ក្រោយ​បទ​ឈប់​បាញ់​ចូល​ជាធរមាន ទាហាន​ថៃ បាន​ប្រើ​ល្បិចកល​ចាប់​ទាហាន​ខ្មែរ​ចំនួន ២០​នាក់ ក្នុង​នោះ​ទាហាន​ខ្មែរ​ម្នាក់​បាន​រត់​រួច ប៉ុន្តែ ២​នាក់​ទៀត​ត្រូវ​ទាហាន​ថៃ បាញ់​សម្លាប់។

ប្រភព​ដដែល​អះអាង​ថា ក្រោយ​ពេល​មាន​បទ​ឈប់​បាញ់ ទាហាន​ថៃ បាន​ដើរ​មក​ស្វាគមន៍​ទាហាន​ខ្មែរ​ដោយ​សម្ដែង​នូវ​ការ​ស្រុះស្រួល​គ្នា និង​សុំ​ទាហាន​ខ្មែរ​ថតរូប​ទុក​ជា​អនុស្សាវរីយ៍​ជាមួយ​គ្នា​ថែមទៀត ប៉ុន្តែ​ពេល​កំពុង​ថតរូប ក្រុម​ទាហាន​ថៃ ដែល​បង្កប់​ខ្លួន​នៅ​ក្នុង​ព្រៃ​ក៏​ចេញ​មក​ភ្ជង់​កាំភ្លើង​ចាប់​ខ្លួន​ទាហាន​ខ្មែរ​តែម្តង។

មេទ័ព​ខ្មែរ​រូប​នេះ​បញ្ជាក់​ថា រហូត​មក​ទល់​រសៀល​ថ្ងៃទី​៣០ ខែ​កក្កដា ឆ្នាំ​២០២៥ នេះ ក្រុម​ទាហាន​ថៃ មិន​ទាន់​ដោះលែង​ទាហាន​កម្ពុជា ដែល​ត្រូវ​ពួកគេ​ចាប់​ខ្លួន​នោះ​នៅឡើយ​ទេ។

រហូត​មក​ទល់​នឹង​ពេលនេះ គេ​មិន​ទាន់​ឃើញ​ក្រសួង​ការពារ​ជាតិ ឬ​នាយករដ្ឋមន្ត្រី​កម្ពុជា បង្ហាញ​ពី​វិធានការ​ដើម្បី​ជួយ​សង្គ្រោះ​ទាហាន​ដែល​ត្រូវ​ទាហាន​ថៃ ប្រើ​ល្បិច​ចាប់​ខ្លួន​ទាំងនេះ​នៅឡើយ​ទេ។

សារព័ត៌មាន The Cambodia Daily មិន​ទាន់​អាច​ទាក់ទង​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​លោក ប៉ែន បូណា សុំ​ការ​បំភ្លឺ​ពី​បញ្ហា​នេះ​បាន​នៅឡើយ​ទេ​រហូត​ដល់​ម៉ោង​ផ្សាយ​នេះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស