នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ប្រធានាធិបតីសហរដ្ឋអាមេរិកដែលបានបញ្ចុះអត្រាពន្ធបដិការដល់កម្ពុជា ពី ៤៩% មក ៣៦% រួចមកនៅត្រឹម ១៩% ដែលមានន័យថា អាមេរិកបានបញ្ចុះអត្រាពន្ធដល់កម្ពុជា ៣០% ដែលនេះគឺជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋខ្មែរ និងសេដ្ឋកិច្ចប្រទេសកម្ពុជា ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិតទៅមុខទៀត។
នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន ម៉ាណែត សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១ សីហា នេះថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានយកចិត្តទុកដាក់ដោយផ្ទាល់នៅក្នុងការផ្ដួចផ្ដើម និងជំរុញឲ្យមានការឈប់បាញ់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ។
លោក ហ៊ុន ម៉ាណែត លើកឡើងថា ប្រធានាធិបតីអាមេរិកក៏បានផ្ដល់នូវការយោគយល់សម្រាប់កម្ពុជា ក្នុងការបន្តពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិករហូតផ្ដល់ការអនុគ្រោះបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជា ទៅកាន់សហរដ្ឋអាមេរិកមកត្រឹម ១៩% ថែមទៀត។
នាយករដ្ឋមន្ត្រីកម្ពុជារូបនេះបញ្ជាក់ថា លោក ដូណាល់ ត្រាំ ធ្លាប់បញ្ជាក់ថា លោកនឹងធ្វើឲ្យកម្ពុជា រីករាយសប្បាយចិត្ត បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានស្នើសុំឲ្យអាមេរិកផ្ដល់ការយោគយល់បន្ធូរអត្រាពន្ធដើម្បីឲ្យកម្ពុជាមានឱកាសបន្តអភិវឌ្ឍប្រទេសជាតិ និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរបន្តទៀត។
កាលពីថ្ងៃទី៣១ ខែកក្កដា សេតវិមានប្រធានាធិបតីអាមេរិក បានបង្ហាញសេចក្តីសម្រេចចិត្តលើអត្រាពន្ធបដិការលើកចុងក្រោយដល់ប្រទេសចំនួន ៧០ ដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយអាមេរិក ដោយក្នុងនោះ កម្ពុជាក៏ត្រូវបានអាមេរិកបញ្ចុះអត្រាពន្ធពី ៣៦% មកនៅត្រឹមតែ ១៩% ផងដែរ។
ប្រធានក្រុមការងារចំពោះកិច្ចដឹកនាំការចរចាពាណិជ្ជកម្មកម្ពុជា-អាមេរិក លោក ស៊ុន ចាន់ថុល លើកឡើងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១ សីហា នេះថា ប្រទេសកម្ពុជាបានប្រើសន្លឹកបៀចុងក្រោយ គឺបានបញ្ចុះអត្រាពន្ធ ០% រាល់ទំនិញពីអាម៉េរិកនាំចូលកម្ពុជា ទើបកម្ពុជាអាចទទួលបានអត្រាពន្ធត្រឹម ១៩% ពីអាមេរិកនាពេលនេះ ដែលមានន័យថា រាល់មុខទំនិញទាំងអស់ពីអាម៉េរិក នឹងនាំចូលមកកម្ពុជាដោយមិនបង់ពន្ធឡើយ។
តាមសារព័ត៌មានអាមេរិកាំង Bloomberg News នៅថ្ងៃសុក្រ ទី១ ខែសីហា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត មិនត្រឹមតែអរគុណប្រធានាធិបតីអាមេរិកាំងរឿងជួយផ្សះផ្សាជម្លោះព្រំដែនជាមួយថៃ ហើយនិងបញ្ចុះពន្ធនៅ ១៩% ប៉ុណ្ណោះ លោកក៏មិនយកពន្ធ ១សេនលើទំនិញអាមេរិកាំងនាំចូលស្រុកខ្មែរដែរ និងថែមទាំងសន្យាទិញយន្តហោះអ្នកដំណើរ Boeing 737 Max ពី១០ ទៅ ២០គ្រឿងផងដែរ។
តម្លៃមួយគ្រឿងៗ បើថ្មីចែស គឺពីជិត ១០០លានទៅ ១៣៥លានដុល្លារ ប៉ុន្តែគេអាចចុះថ្លៃឲ្យ បើទិញច្រើនគ្រឿង។ បើយន្តហោះជំនំគេប្រើរួច មួយគ្រឿងថ្លៃពី ៣៨លានទៅ ៤១លានដុល្លារ តាមប្រភេទ ឬ model។
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ត្រូវសារព័ត៌មាន Bloomberg News ស្រង់សម្ដីថា ការសម្រេចដូច្នេះ គឺសំដៅកាត់បន្ថយអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។
ព្រឹត្តិបត្រ Bank and Money រាយការណ៍ថ្ងៃទី១ សីហា ថា ការប៉ុនប៉ងកុម្ម៉ង់ទិញយន្តហោះអាមេរិកាំង អាចនឹងធ្វើឲ្យចិន ខកចិត្ត ឬអាក់អន់ចិត្តសម្បើម ពីព្រោះក្រុមហ៊ុនចិន ផលិតយន្តហោះអ្នកដំណើរ Comac (Commercial Aircraft Corporation of China Ltd.) កំពុងផ្សាយពាណិជ្ជកម្មពពាយនាយលក់យន្តហោះប្រភេទ C919 ឲ្យទីផ្សារស្រុកខ្មែរ។
ជុំវិញបញ្ហានេះ លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១ សីហា នេះថា នេះជាដំណឹងល្អចំពោះពន្ធបដិការដែលសហរដ្ឋអាមេរិកបញ្ចុះដល់កម្ពុជារហូតដល់ ១៩% ហើយក៏ជាសញ្ញាវិជ្ជមានសម្រាប់កម្មករនិយោជិតដែរ។
លោក ឃុន ថារ៉ូ អះអាងថា អត្រាពន្ធ ១៩% នេះ នឹងជួយធានានូវស្ថិរភាពការងារដល់កម្មករនិយោជិតនៅកម្ពុជា រួមទាំងអាចជួយដោះស្រាយដល់ពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ ប្រមាណជាង ៥សែននាក់នាពេលនេះថែមទៀត។
មន្ត្រីសង្គមស៊ីវិលរូបនេះ អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាត្រូវធ្វើកិច្ចការឱ្យល្អបន្ថែមទៀត ទោះជាពន្ធសហរដ្ឋអាមេរិកត្រូវបានទម្លាក់ដល់ ១៩% ក៏ដោយ ព្រោះអត្រាពន្ធនេះ គឺស្ថិតក្នុងកម្រិតប្រកួតប្រជែងក្នុងវិស័យកាត់ដេរជាមួយប្រទេសមួយចំនួនក្នុងតំបន់អាស៊ាននៅឡើយ ដូចជាវៀតណាម ឥណ្ឌូនេស៊ី ហ្វីលីពីន និងបង់ក្លាដេស ជាដើម។
ក្រៅពីនេះទៀត គេក៏នៅមិនទាន់ដឹងថា តើប្រភេទមុខទំនិញបែបណាដែលអាមេរិកបានចាត់ទៅក្នុងអត្រាពន្ធ ១៩% នោះដែរ ដូច្នេះ រដ្ឋាភិបាលត្រូវដោះស្រាយបញ្ហាខាងក្នុងឱ្យបានល្អ ដូចជា ការធានាឱ្យបាននូវការលើកកម្ពស់សិទ្ធិសេរីភាពរបស់កម្មករនិយោជិត កាត់បន្ថយអំពើពុករលួយ ពិចារណាលើការផលិតតម្លៃវត្ថុធាតុដើម រួមទាំងតម្លៃថ្លៃដើមក្នុងស្រុក កត្តាហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូន និងទឹកភ្លើង ជាដើម។
កាលពីដើមខែកក្កដា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចបញ្ចុះពន្ធដល់កម្ពុជាពី ៤៩% មកនៅត្រឹម ៣៦% និងបន្តបញ្ចុះរហូតដល់ ១៩% នាពេលនេះ ដែលនឹងត្រូវចាប់អនុវត្តពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ នេះតទៅ។
ជុំវិញបញ្ហានេះ ប្រធានសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Casey Barnett បានលើកឡើងកាលពីថ្ងៃទី៣១ កក្កដា ថា បើអាមេរិកបញ្ចុះពន្ធឱ្យកម្ពុជាដល់ ២០% ឬទាបជាងនេះ នោះគឺរឹតតែល្អ ដែលនឹងនាំឱ្យសេដ្ឋកិច្ចនៃប្រទេសកម្ពុជាកាន់តែស្ទុះឡើងជាងមុន៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
