The Cambodia Daily Khmer

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី រំពឹង​ថា​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ នឹង​ត្រូវ​បាន​ដោះស្រាយ​ក្នុង​កិច្ចប្រជុំ GBC

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim)

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim)

ប្រធាន​អាស៊ាន​ប្តូរ​វេន លោក អាន់វ៉ា អ៊ីប្រាហ៊ីម រំពឹង​ថា​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ នឹង​ត្រូវ​បាន​ដោះស្រាយ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) នៅ​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​នេះ ខណៈ​ម៉ាឡេស៊ី ក៏​បាន​ប្រើ​ផ្កាយរណប និង​ក្រុម​អ្នក​តាមដាន​បទ​ឈប់​បាញ់​រវាង​ប្រទេស​ទាំង​ពីរ។

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ Bernama បាន​ស្រង់​សម្ដី​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម នៅ​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០២៥ នេះ​ថា រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ​នឹង​ចូលរួម​កិច្ចប្រជុំ​ក្នុង​ការ​ចរចា​គ្នា​ទៅវិញ​ទៅមក ដើម្បី​រក្សា និង​បញ្ជាក់​ឡើងវិញ​នូវ​បទ​ឈប់​បាញ់​គ្នា រួម​ទាំង​ធានា​មិន​ឲ្យ​មាន​ការ​រំលោភ​បំពាន​បន្ត​ទៅ​ទៀត។

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី រូប​នេះ​អះអាង​ថា ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ នា​ពេលនេះ មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ទ្វេភាគី​ប៉ុណ្ណោះ​ទេ តែ​ក៏​ប៉ះពាល់​ដល់​ភាព​ជឿជាក់​លើ​អាស៊ាន​ផង​ដែរ ខណៈ​ប្រទេស​ម៉ាឡេស៊ី នៅតែ​ជួយ​សម្របសម្រួល​ប្រទេស​សមាជិក​អាស៊ាន​ទាំង​ពីរ​នេះ​តទៅទៀត ទោះជា​ម៉ាឡេស៊ី លែង​កាន់​មុខនាទី​ជា​ប្រធាន​អាស៊ាន​ក៏ដោយ។

លោក អាន់វ៉ា អ៊ីប្រាហ៊ីម បញ្ជាក់​ថា ស្ថានការណ៍​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ទោះបីជា​នៅ​មាន​ភាព​តានតឹង និង​រសើប​ក៏ដោយ តែ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​បាន ហើយ​លោក​ជឿជាក់​ថា​ចំណុច​នៃ​កិច្ចព្រមព្រៀង​សម្របសម្រួល​មួយ​ចំនួន​ដែល​សម្របសម្រួល​ដោយ​ម៉ាឡេស៊ី អាច​នឹង​ត្រូវ​បាន​អនុវត្ត​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៧ ខែ​សីហា ខាងមុខ​នេះ។

កិច្ចប្រជុំ​វិសាមញ្ញ​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) កម្ពុជា-ថៃ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​០៧ ខែ​សីហា ឆ្នាំ​២០២៥ ខាងមុខ​នេះ នៅ​ប្រទេស​ម៉ាឡេស៊ី ខណៈ​កិច្ចប្រជុំ​ក្រុម​លេខា​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) ក៏​កំពុង​ធ្វើឡើង​អស់​រយៈពេល ២​ថ្ងៃ​មក​ហើយ​ដែរ ចាប់តាំងពី​ថ្ងៃទី​០៤ ខែ​សីហា មក ដែល​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​០៦ ខែ​សីហា នេះ។

ជុំវិញ​បញ្ហា​នេះ សារព័ត៌មាន Thai Enquirer បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​៥ សីហា ថា ភាគី​ថៃ បាន​ដាក់​សំណើ​បទ​ឈប់​បាញ់​លម្អិត​ដល់​កម្ពុជា ក្នុង​កិច្ចប្រជុំ​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) មុន​នឹង​កិច្ចប្រជុំ​វិសាមញ្ញ​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) ចាប់ផ្តើម​ដំណើរការ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ខាងមុខ។

ជុំវិញ​បញ្ហា​នេះ អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ លើកឡើង​ថា បើ​ថៃ នៅតែ​បន្ត​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​រំលោភ​ទឹកដី​កម្ពុជា ដូច​ពេលនេះ ជម្រើស​ជាក់ស្តែង​សម្រាប់​កម្ពុជា គឺ​ត្រូវ​ប្តឹង​ថៃ ទៅ​កាន់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ (UNSC) ដើម្បី​ស្នើ​ឱ្យ​អនុវត្ត​វិធានការ​សន្តិភាព ឬ​វិធានការ​បង្ខាំង ដូចជា ការ​ដាក់​ទណ្ឌកម្ម​ផ្សេងៗ និង​ការ​ឃាត់​លើ​ទំនាក់ទំនង​ខាង​សព្វាវុធ ជាដើម (sanctions, arms embargo, etc.)។

ដំណាល​ពេល​គ្នា​នេះ យោធា​ថៃ បាន​នាំ​តំណាង​ស្ថានទូត និង​អ្នកកាសែត​ទៅ​ពិនិត្យ​តំបន់​ព្រំដែន​ឲ្យ​ឃើញ​ការ​ខូចខាត​ពី​គ្រាប់​ផ្លោង​ពី​កងទ័ព​ខ្មែរ។ អ្នកជំនាញ​ដោះ​គ្រាប់​មិន​ទាន់​ផ្ទុះ​នៃ​យោធា​ថៃ កំពុងតែ​ព្យាយាម​ដោះ​គ្រាប់ BM-21 ដែល​ភាគី​យោធា​ប្រទេស​កម្ពុជា បាញ់​ចូល​ខេត្ត​សុរិន្ទ និង​ខេត្ត​ស៊ីសាកេត ប៉ុន្តែ​មិន​ផ្ទុះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version