អាជ្ញាធរជាតិកម្ចាត់មីនកម្ពុជា ព្រមានថា គ្រាប់បែកចង្កោមរបស់យោធាថៃ ដែលបាញ់មកលើទឹកដីកម្ពុជា មិនទាន់ផ្ទុះ កំពុងបង្កហានិភ័យខ្ពស់ដល់កងទ័ព និងពលរដ្ឋខ្មែរ ព្រោះគ្រាប់បែកទាំងនោះអាចនឹងផ្ទុះឡើងគ្រប់ពេល។
អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១២ សីហា នេះថា រយៈពេលសង្គ្រាម ៥ថ្ងៃកន្លងទៅថ្មីៗនេះ ភាគីថៃ បានប្រើប្រាស់កាំភ្លើងធំ ១១៥មិល្លីម៉ែត្រ និងគ្រាប់បែកចង្កោមប្រភេទ M46 ផងដែរ ខណៈគ្រាប់បែកទាំងនេះអាចស្ថិតនៅលើដើមឈើ លើដំបូលផ្ទះ លើដី ក្នុងដី ឬក្នុងទឹក ជាដើម។
អាជ្ញាធរជាតិកម្ចាត់មីនកម្ពុជា បញ្ជាក់ថា ក្នុងគ្រាប់ផ្លោងមួយគ្រាប់មានកូនគ្រាប់បែកចង្កោម M46 ចំនួន ៥៦គ្រាប់ ហើយគ្រាប់បែកចង្កោម M46 ទាំងនេះ ត្រូវបានកម្លាំងអង្គភាព CMAC រកឃើញនៅភូមិសាស្ត្រមួយចំនួនក្នុងប្រទេសកម្ពុជា និងកំពុងបោសសម្អាតដើម្បីផ្តល់សុវត្ថិភាពជូនពលរដ្ឋ។
លោក ហេង រតនា អំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់នៅតំបន់រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមនៅតាមភូមិឋានក្នុងស្រុកសំរោង ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ និងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោកបន្ថែមថា ក្នុងករណីពលរដ្ឋបានឃើញ ឬសង្ស័យថាមានគ្រាប់បែកចង្កោម ឬគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមទាក់ទងមន្ត្រីជំនាញអង្គភាពស៊ីម៉ាក់ ឬអាជ្ញាធរមូលដ្ឋាន ឬកងកម្លាំងនគរបាលជាតិនៅជិតបំផុត ដើម្បីបោសសម្អាត។
កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ អ្នកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ អះអាងថា ថៃ បានប្រើប្រាស់គ្រាប់បែកចង្កោមដោយខុសច្បាប់លើទឹកដីកម្ពុជា ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាស្ដីពីគ្រាប់បែកចង្កោមផងដែរ។
អ្នកនាំពាក្យរូបនេះ អះអាងថា ការពង្រាយគ្រាប់បែកចង្កោម គឺជាការគំរាមកំហែងយូរអង្វែងដល់ជនស៊ីវិល បរិស្ថាន ហើយក៏ជាឧក្រិដ្ឋកម្មសង្គ្រាមក្រោមច្បាប់អន្តរជាតិ និងបំផ្លិចបំផ្លាញសន្តិភាព រួមទាំងសន្តិសុខក្នុងតំបន់ថែមទៀត។
សង្គ្រាមកម្ពុជា-ថៃ បានផ្ទុះឡើងអស់រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ រយៈពេល ៥ថ្ងៃនៃសង្គ្រាមនេះ ភាគីថៃ បានប្រើអាវុធធុនធ្ងន់ជាច្រើន រួមមានយន្តហោះចម្បាំង F-16 ដ្រូនទម្លាក់គ្រាប់បែក កាំភ្លើងត្បាល់ គ្រាប់បែកចង្កោម រួមទាំងយន្តហោះបញ្ចេញផ្សែងពុលថែមទៀត។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យកងទ័ពភូមិន្ទថៃ លោក Winthai Suwaree បានទទួលស្គាល់កាលពីថ្ងៃទី២៦ ខែកក្កដា ថា យោធាថៃ ពិតជាបានប្រើប្រាស់គ្រាប់បែកចង្កោមដើម្បីវាយប្រហារមកលើកម្ពុជា មែន ប៉ុន្តែអ្នកនាំពាក្យរូបនេះអះអាងថា ថៃមិនមែនជាប្រទេសហត្ថលេខីនៃអនុសញ្ញាស្ដីពីគ្រាប់បែកចង្កោម (CCM) ឡើយ។
ច្បាប់អន្តរជាតិហាមប្រើប្រាស់គ្រាប់បែកចង្កោម បានចូលជាធរមាននៅឆ្នាំ២០១០ និងមានប្រទេសចំនួន១២៣ ចូលរួមក្នុងអនុសញ្ញាអន្តរជាតិមួយនេះ ដោយហាមឃាត់នូវការប្រើប្រាស់ ការអភិវឌ្ឍ ការផលិត ការទិញយក ឬស្តុកទុក និងការផ្ទេរគ្រាប់បែកចង្កោម ក៏ដូចជាជំនួយ ឬការចូលរួមសកម្មភាពហាមឃាត់ណាមួយ ជាដើម៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
