មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ព្រមានថា ថៃកំពុងរុញប្រទេសកម្ពុជា ឲ្យធ្វើជាសត្រូវជាមួយសហរដ្ឋអាមេរិកខាងការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទុន ប្រសិនបើក្រុមហ៊ុនកូកា-កូឡា ដកខ្លួនចេញពីប្រទេសកម្ពុជា។
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន អំពាវនាវទៅកាន់ប្រជាពលរដ្ឋខ្មែរកាលពីយប់ថ្ងៃទី១៨ ខែសីហា នេះថា ក្រុមហ៊ុនកូកា-កូឡា គឺជាផលិតផលរបស់អាមេរិកាំង ហើយក៏ជាផលិតផលរបស់ខ្មែរដែរ ព្រោះក្រុមហ៊ុននេះកំពុងផលិតនៅក្នុងប្រទេសកម្ពុជា ដែលកម្មករខ្មែរជាអ្នកធ្វើការ និងទទួលផលរហូតមក។
លោក ហ៊ុន សែន លើកឡើងថា ការបង់ពន្ធរបស់ក្រុមហ៊ុនកូកា-កូឡា គឺបានមកកម្ពុជាជាបន្តបន្ទាប់ ដែលជាការរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។
លោកបន្តថា ពលរដ្ឋខ្មែរទូទាំងប្រទេសត្រូវពិចារណាឱ្យបានដិតដល់ ព្រោះសត្រូវរបស់កម្ពុជា គឺថៃចង់វាយប្រហារខាងសេដ្ឋកិច្ចមកលើប្រទេសកម្ពុជា តាំងពីលើកដំបូងមកម្ល៉េះ ដូចជាគំរាមកាត់ផ្ដាច់អគ្គិសនី ផ្តាច់អ៊ីនធឺណិត និងឈប់លក់ប្រេង ជាដើម ដូច្នេះពលរដ្ឋខ្មែរមិនត្រូវចាញ់ឧបាយកលសត្រូវឡើយ។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសឈប់ទិញផលិតផលយុទ្ធសាស្ត្រ មានអគ្គិសនី ប្រេងឥន្ធនៈ ជាដើម បន្ទាប់ពីភាគីថៃ កាត់ផ្ដាច់អ៊ីនធឺណិតតាមតំបន់ព្រំដែន ដោយអះអាងថាគេបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន មានសកម្មភាពរកស៊ីឆបោកតាមអ៊ីនធឺណិតនៅជាប់ព្រំដែនខេត្តត្រាត និងខត្តកោះកុង ព្រមទាំងខេត្តស្រះកែវ ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន។ ប្រតិបត្តិការបោសសម្អាតរបរឆបោកតាមអ៊ីនធឺណិតមានជាប់ពាក់ព័ន្ធនឹងឧកញ៉ា កុក អាន និងឧកញ៉ា លី យ៉ុងផាត់ ដែលជាអ្នករកលុយផ្គត់ផ្គង់គណបក្សប្រជាជនកម្ពុជា និងគ្រួសារត្រកូលហ៊ុន។
មេដឹកនាំបក្សកាន់អំណាចរូបនេះពន្យល់ថា ដំបូង ប្រជាពលរដ្ឋត្រូវដឹងថាតើក្រុមហ៊ុនកូកា-កូឡា ផ្តាច់កុងត្រាជាមួយតារាចម្រៀង ម៉ាន់ វណ្ណដា ដោយសារតារាចម្រៀងរូបនេះស្រឡាញ់ជាតិ ឬយ៉ាងណា។ ដូច្នេះ ពលរដ្ឋខ្មែរកុំចូលអន្ទាក់របស់សត្រូវឲ្យសោះ ព្រោះសូម្បីតែក្រុមហ៊ុនថៃ ដែលកំពុងវិនិយោគនៅកម្ពុជា ក៏រដ្ឋាភិបាលកម្ពុជា ត្រូវខិតខំរក្សាដើម្បីជាប្រយោជន៍សម្រាប់ប្រទេសកម្ពុជា ដែរ។
លោក ហ៊ុន សែន បញ្ជាក់ថា លោកមិនជំទាស់ទេ បើក្រុមហ៊ុនកូកា-កូឡានេះផលិតនៅថៃ ប្រជាពលរដ្ឋអាចឈប់ប្រើបាន តែបើក្រុមហ៊ុនកូកា-កូឡានេះផលិតនៅកម្ពុជា ហើយប្រជាពលរដ្ឋធ្វើពហិការមិនប្រើផលិតផលក្រុមហ៊ុននេះនៅកម្ពុជា គឺខ្មែរជាអ្នកខាតបង់ទាំងការងារ ទាំងប្រាក់ចំណូលដោយផ្ទាល់ និងដោយប្រយោលរបស់ប្រជាជន និងចំណូលរដ្ឋ។
កាលពីថ្ងៃទី១៧ ខែសីហា អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក បានផ្សព្វផ្សាយព្រោងព្រាតពីការចូលរួមធ្វើពហិការជាមួយតារាចម្រៀងរ៉ាប់ លោក ម៉ាន់ វណ្ណដា (Mann Vannda) បន្ទាប់ពីក្រុមហ៊ុនកូកា-កូឡាបានបញ្ចប់កិច្ចសន្យាការងារជាមួយនឹងរូបលោក ទម្លាក់រូបថតតារាខ្មែររូបនេះពីផ្ទាំងផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុននោះ។
ប្រភពដដែល អះអាងថា ការបញ្ចប់កុងត្រារវាងក្រុមហ៊ុនកូកា-កូឡាជាមួយយតារាចម្រៀងរូបនេះ ដោយសារតែរូបគេបានរិះគន់ទៅលើរដ្ឋាភិបាល និងយោធាថៃ ដែលបានឈ្លានពាន និងបង្កឱ្យមានសង្គ្រាមលើដែនអធិបតេយ្យភាពរបស់កម្ពុជានាពេលនេះ។
ជុំវិញបញ្ហានេះ សារព័ត៌មាន The Nation បានចុះផ្សាយនៅថ្ងៃទី១៨ សីហា នេះថា ក្រុមហ៊ុនកូកា-កូឡា បានបញ្ចប់កិច្ចសន្យាជាមួយតារាចម្រៀងកម្ពុជា លោក ម៉ាន់ វណ្ណដា បន្ទាប់ពីក្រុមហ៊ុនបានកំណត់ថាសកម្មភាពរបស់គាត់បានរំលោភលើប្រការសំខាន់មួយដែលហាមមិនឱ្យមានការអត្ថាធិប្បាយអំពីបញ្ហានយោបាយ។
ប្រភពដដែល បញ្ជាក់ថា គោលការណ៍សកលរបស់ក្រុមហ៊ុនសម្រាប់ឯកអគ្គរដ្ឋទូតម៉ាកយីហោ Brand Ambassadors (BA) គឺត្រូវរក្សារូបភាពសាធារណៈជាវិជ្ជមាន និងជៀសវាងនូវភាពអវិជ្ជមាន ឬភាពចម្រូងចម្រាសផងដែរ។
អតីតរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ចម ប្រសិទ្ធ បានអះអាងកាលពីអំឡុងឆ្នាំ២០១៦ ថា ក្រុមហ៊ុនកូកា-កូឡា បានចាប់ផ្តើមវិនិយោគទុននៅប្រទេសកម្ពុជា ក្នុងអំឡុងឆ្នាំ១៩៩៣ ក្រោមទុន ១០លានដុល្លារសហរដ្ឋអាមេរិក។ លោកបញ្ជាក់នៅចុងឆ្នាំ២០១៦ ថា ក្រុមហ៊ុននេះបានសម្រេចបង្កើតរោងចក្រដ៏ធំនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) លើផ្ទៃដីទំហំជាង ១២ហិកតា (១២,៥ហិកតា) ក្រោមទុនវិនិយោគ ១០០លានដុល្លារសហរដ្ឋអាមេរិក និងបានផ្តល់ការងារដល់ប្រជាជនកម្ពុជា ជាង ៩០% ស្មើនឹងជាង ៨០០នាក់ (៨១៧នាក់)៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
