ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា លោក ខេស៊ី បាណេត (Casey Barnet) អំពាវនាវឱ្យអ្នកសង្កេតការណ៍អន្តរជាតិ ពិនិត្យរបាយការណ៍ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៤ អំពីការសម្លាប់ពលរដ្ឋខ្មែរជាង ៤០នាក់នាពេលនោះ ទើបដឹងអ្នកណាជាអ្នកឈ្លានពានអ្នកណា ចំពោះសង្គ្រាមកម្ពុជា-ថៃ ក្នុងពេលនេះ។
លោក ខេស៊ី បាណេត សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១៧ ខែសីហា ថា ប្រសិនបើអ្នកសង្កេតការណ៍អន្តរជាតិណាមួយមិនច្បាស់ថាអ្នកណាជាអ្នកឈ្លានពានក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលនេះ ពួកគេអាចពិនិត្យមើលគំរូនៃការសម្លាប់ជនស៊ីវិលកម្ពុជា ដោយទាហានថៃ កាលពីជាង ១០ឆ្នាំមុន។
លោក ខេស៊ី បាណេត លើកឡើងថា ចាប់តាំងពីឆ្នាំ២០១០ រហូតដល់ឆ្នាំ២០១៤ គឺជាពេលដែលអតីតនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់ អូចា និងជាមេបញ្ជាការកងទ័ពថៃ នាពេលនោះ បានធ្វើឱ្យមានជនស៊ីវិលខ្មែរយ៉ាងហោចណាស់ ៤២នាក់ត្រូវបានសម្លាប់នៅតាមបណ្តោយព្រំដែនដោយយោធាថៃ។
ប្រធានសភាពាណិជ្ជកម្មអាមេរិករូបនេះបញ្ជាក់ថា លោក ប្រាយុទ្ធ ចាន់ អូចា បានដើរតួជាអ្នកដឹកនាំក្នុងការបង្ក្រាបក្រុមបាតុករអាវក្រហមដែលគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ថៃ រហូតនាំឱ្យមានការសម្លាប់ក្រុមបាតុករយ៉ាងតិច ៩០នាក់ ដោយចាប់ផ្តើមក្នុងឆ្នាំ២០១០។
លោកបន្តថា បន្ទាប់ពីសម្លាប់បាតុករថៃ ទាំងនោះ លោកក៏បានគ្រប់គ្រងលើកងទ័ពថៃ ដែលប្រើការសម្លាប់ក្រៅប្រព័ន្ធតុលាការលើពលរដ្ឋខ្មែរនៅតាមបណ្តោយព្រំដែន ដើម្បីពង្រឹងនូវអត្តសញ្ញាណជាតិនិយមរបស់លោក មុនពេលលោកឡើងកាន់អំណាចក្នុងអំពើរដ្ឋប្រហារនៅឆ្នាំ២០១៤។
លោក ខេស៊ី បាណេត បញ្ជាក់ថា ពេលនេះ លោក ប្រាយុទ្ធ ចាន់ អូចា កំពុងផ្តល់ដំបូន្មានដល់ព្រះមហាក្សត្រថៃ អំពីការឈ្លានពានតាមព្រំដែនកម្ពុជា ព្រោះគាត់ទំនងជាមើលស្រាលការស្លាប់របស់ពលរដ្ឋខ្មែរដែលមិនបានរាយការណ៍ទាំង ៤២នាក់ ក្នុងអំឡុងពេលដែលខ្លួនធ្វើជាអគ្គមេបញ្ជាការកាលពីជាង ១០ឆ្នាំមុននោះ។
របាយការណ៍ស្ដីពីការសម្លាប់របស់ជនស៊ីវិលកម្ពុជា នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៤ បង្ហាញថា នៅអំឡុងខែធ្នូ ឆ្នាំ២០១០ ពលរដ្ឋខ្មែរ ២នាក់ត្រូវបានសម្លាប់ និងនៅក្នុងអំឡុងខែតុលា ឆ្នាំ២០១១ ពលរដ្ឋខ្មែរចំនួន ៨នាក់ក៏ត្រូវបានទាហានថៃ សម្លាប់បន្ថែមទៀត។ នៅអំឡុងខែកុម្ភៈ ឆ្នាំ២០១២ ពលរដ្ឋខ្មែរ ២នាក់ត្រូវបានសម្លាប់ ក្រោយមកនៅអំឡុងខែមេសា ឆ្នាំ២០១២ ដដែល ទាហានថៃ បានសម្លាប់ពលរដ្ឋខ្មែរចំនួន ២លើក គឺលើកទី១ បានសម្លាប់ម្នាក់ និងលើកទី២ សម្លាប់ ៣នាក់ ខណៈអំឡុងខែធ្នូ ឆ្នាំ២០១២ ដដែល ទាហានថៃ ក៏បានសម្លាប់ពលរដ្ឋខ្មែរ ២នាក់ទៀតដែរ។
បន្ថែមពីនេះ នៅអំឡុងខែមេសា ពលរដ្ឋខ្មែរ ៣នាក់ ត្រូវបានទាហានថៃ បាញ់សម្លាប់ និងនៅអំឡុងខែកញ្ញា ទាហានថៃ បានសម្លាប់ពលរដ្ឋខ្មែរម្នាក់ទៀត រហូតដល់អំឡុងខែវិច្ឆិកា ទាហានថៃ ក៏បានសម្លាប់ពលរដ្ឋខ្មែរ ៣នាក់បន្ថែមទៀត ហើយការសម្លាប់ទាំង ៣លើកនេះ គឺស្ថិតនៅក្នុងឆ្នាំ២០១៣ ដូចគ្នា។
ជាងនេះទៀត នៅអំឡុងខែមីនា និងខែមេសា ឆ្នាំ២០១៤ ពលរដ្ឋខ្មែរ ១៥នាក់ត្រូវបានសម្លាប់ ខណៈខែកញ្ញា ឆ្នាំ២០១៤ ទាហានថៃ ក៏បានសម្លាប់ពលរដ្ឋខ្មែរម្នាក់ទៀតដែរ និងនៅអំឡុងខែធ្នូ ឆ្នាំដដែល ទាហានថៃ ក៏បានសម្លាប់ពលរដ្ឋខ្មែរឱ្យស្លាប់ម្នាក់ថែមទៀត។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ មេបញ្ជាការភូមិភាគទី២ របស់ថៃ លោក ប៊ុនស៊ីន ផាតក្លាង (Boonsin Padklang) លើកឡើងក្នុងពិធីមួយនៅសាកលវិទ្យាល័យ Kasetsart ក្នុងទីក្រុងបាងកក ថា ព្រះមហាក្សត្រថៃ បង្ហាញពីការព្រួយបារម្ភជាប្រចាំអំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ព្រោះព្រះអង្គបានសួរអំពីស្ថានភាពនេះជាមួយខ្លួនជារៀងរាល់ថ្ងៃអំពីទាហាននៅសមរភូមិ ហើយលោកក៏បានរាយការណ៍ត្រឡប់ទៅវិញជារៀងរាល់ថ្ងៃដែរ។
ទាក់ទិននឹងបញ្ហានេះ ក្រុមអ្នកវិភាគលើកឡើងថា ជាលើកដំបូងហើយដែលមេបញ្ជាការភូមិភាគ២ ថៃ បានបង្ហាញថា ស្ថាប័នព្រះមហាក្សត្រថៃ នៅពីក្រោយខ្នងកងទ័ពថៃ ដែលបានបើកការវាយប្រហារលើកងទ័ពកម្ពុជា កាលពីពេលកន្លងមកនេះ ដូច្នេះ គឺមានន័យថា សង្គ្រាមឈ្លានពានទឹកដីកម្ពុជា នាពេលនេះ គឺមហាក្សត្រថៃ ជាអ្នកបញ្ជាកងទ័ពទាំងនោះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
